Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បែង​ប្រជាប្រិយ​ខ្មែរ « ស្តេចចង់​ឬ​អៀវ »

  • បោះពុម្ព

ល្បែងស្តេចចង់ ជាល្បែងមួយ យ៉ាងដែលពួកកុមារា កុមារី ជំទង់ៗ គ្រប់ភូមិ-ស្រុក តែងតែលេង នៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុស មានស្រីច្រើននាក់មិន កំណត់។ ពេលលេងគេ ចែកគ្នាជា២ពួក ប្រុស១ពួក ស្រី១ពួក ។

ក្នុងបណ្តាអ្នកទាំង២ ពួកនោះគេតាំងប្រុស ឬស្រីម្នាក់ឱ្យ ធ្វើជាស្តេច ឱ្យអង្គុយនៅ ទីមួយចំ កណ្តាលទី លើកៅអី ឬលើវត្ថុអ្វី មួយមានត្បាល់ជាដើម ។ កាលអ្នកធ្វើ ស្តេចអង្គុយលើ ទីដ៏សមគួរមួយហើយ ខាងស្រីគេឱ្យសមាជិកម្នាក់ ដើរចូលទៅ ខ្សឹបស្តេចថា ខ្លួនស្រឡាញ់ឈ្មោះ ណាមួយឧបមាថា ឈ្មោះ «ក ឬខ» ។ ខ្សឹបហើយគេ ថយមកអង្គុយ ឬក៏មកឈរនៅ កន្លែងដើមវិញ ។ ខាងប្រុសឱ្យ សមាជិកម្នាក់ដើរ ចូលទៅរកស្តេចដែរប្រសិនជាមិន ចំឈ្មោះដែលគេខ្សឹប ទុកជាមុនទេក៏ហីទៅ តែបើប្រុសដែលមកនោះ ចំលើឈ្មោះដែល ខាងស្រីបានខ្សឹប នោះមែនស្តេចស្រែកថា «អៀវៗ» ហើយគេបញ្ជិះទៅចុះ នៅកន្លែងខាងស្រី ។

រួចហើយខាងប្រុស ឱ្យគ្នាខាងគេម្នាក់ ចូលទៅខ្សឹបម្តង, បើប្រុសនោះ ចូលទៅខ្សឹបថា «ខ្ញុំស្រឡាញ់នាងណាមួយ» ឧបមាថាឈ្មោះ «ខ» ខ្សឹបហើយគេថយទៅវិញ បើស្រីម្នាក់ឈ្មោះ «ខ» ចូលទៅមែន ស្តេចស្រែកថា «អៀវៗ» ហើយឱ្យប្រុស នោះជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា ។ បានសេចក្តីថា បើខាងណា ចូលទៅខ្សឹបថា ខ្លួនស្រឡាញ់ឈ្មោះ «ក» ហើយបែរជាឈ្មោះ «ខ» ចូលមករកស្តេចវិញ នោះស្តេចមិន ឱ្យអ្នកខ្សឹបជិះ ឬអៀវគេទេ អ្នកខ្សឹបនោះ ត្រូវថយទៅវិញ ហើយគេឱ្យម្ខាង ចូលទៅខ្សឹប ជាថ្មីទៀត ។

ចេះតែផ្លាស់ គ្នាតាមរបៀប នេះរហូតដល់ពេលឈប់ ។ អ្នកដែលធ្វើ ជាស្តេចត្រូវមើល ការខុសត្រូវ ក្នុងរឿងនេះ ដោយសច្ចៈ និងយុត្តិធម៌ ។ ល្បែងនេះស្រេច លើអ្នកធ្វើស្តេច បើអ្នកធ្វើស្តេច ប្រកបដោយអគតិ ចង់ឱ្យអ្នកណា ជិះអ្នកណា ក្រៅពីឈ្មោះ ដែលគេខ្សឹបក៏បាន គឺថាបើម្នាក់ ចូលទៅខ្សឹបថា ស្រឡាញ់ឈ្មោះ «ក» ហើយទោះបីឈ្មោះ «ខ» ចូលមក ស្តេចស្រែកថា «អៀវៗ» ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយមិនបានឮ អ្នកមុនគេខ្សឹប ថាស្រឡាញ់ឈ្មោះ ណាទេ ។

តែបើមានរបៀប លេងលំអៀងបែបនេះ អ្នកលេងណាដែល ចាប់ថ្នាក់បាន តវ៉ាឡើង អាចសុំគេឱ្យប្តូរ អ្នកធ្វើស្តេចបាន ប្រសិនបើអ្នកធ្វើ ស្តេចប្រកបដោយសច្ចៈ និងយុត្តិធម៌នោះការ លេងនេះទៀងទាត់ណាស់ ។ ល្បែងនេះជាល្បែង កម្សាន្តក៏ពិតមែន តែជាល្បែងហាត់ ចិត្តមនុស្សឱ្យ ប្រកបដោយសច្ចៈ និងយុត្តិធម៌ មិនឱ្យប្រកបដោយអគតិ (សេចក្តីលំអៀង) ៤យ៉ាងគឺ ឆន្ទាគតិ លំអៀងព្រោះស្រឡាញ់, ទោសាគតិ លំអៀងព្រោះខឹង, ភយាគតិ លំអៀងព្រោះខ្លាច, មោហាគតិ លំអៀងព្រោះភ័ន្តច្រឡំ ។

ម្យ៉ាងទៀត ជាការបង្ហាត់ឱ្យ មនុស្សចេះជ្រើសតាំង គ្នាឱ្យធ្វើការជាតំណាងភ្នែក ច្រមុះខ្លួនផង គឺត្រូវចេះជ្រើស រកនរណាដែលគេយល់ថា ជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អ តាមគន្លងធម៌ពិត (យោងតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ») ៕

ដកស្រង់ពី៖ កោះសន្ដិភាព