Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បែង​ប្រជាប្រិយ​ខ្មែរ​«​ចាប់កូនខ្លែង​»

  • បោះពុម្ព

ល្បែង «ចាប់កូនខ្លែង» ជាល្បែងរបស់ កុមារាកុមារី ជំទង់ៗតែងតែ លេងក្នុងវេលា យប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ ។ ល្បែងនេះពេល លេងគេចាត់ម្នាក់ ដែលមានមាឌមាំធំ ឱ្យធ្វើជាមេហ្វូង ហៅថាមេមាន់, ចាត់ច្រើននាក់ ឱ្យធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀត ឱ្យធ្វើជាខ្លែង ចាំចាប់កូនមាន់ ។

ម្នាក់ៗគេយកក្រមា ក្រវាត់ចង្កេះ ឱ្យតឹងណែន ការពារកុំឱ្យ របូតសម្លៀក ។ គេនាំគ្នាបង្កាត់ ភ្លើងឱ្យបាន ជាភ្នក់តូច ដោយកម្ទេចអុស ហើយម្នាក់ដែល ធ្វើមេមាន់បញ្ជា ឱ្យកូនរបស់ខ្លួន តោងចង្កេះ តៗ គ្នារហូតដល់អស់ ដោយឈរជាជួរ រួចដើរក្រឡឹង ព័ទ្ធជុំវិញភ្នក់ភ្លើង ។ ជាមួយគ្នានេះ មេមាន់ពោលពាក្យ ចំអកឡកឡាយ ឱ្យន័យទៅខ្លែងថា ៖

«ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉កកូនអញតែមួយ ។

ជីកអន្លង់ដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់ ។

ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង» ។

ចំណែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ, កាលបានឮមាន់ និងកូនមាន់ស្រែកដូច្នោះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង !» ។

មាន់ឆ្លើយថា ៖ រលត់

ខ្លែងសុំថា ៖ សុំមួយអង្កត់

មាន់ឆ្លើយថា ៖ រលាយ

ខ្លែងសុំថា ៖ សុំទឹកបាយ

មាន់ឆ្លើយថា ៖ ឆ្កែលិទ្ធ

ខ្លែងសុំថា ៖ សុំកាំបិត

មាន់ឆ្លើយថា ៖ មិនទាន់ប្រុង

ខ្លែងសុំថា ៖ សុំល្ហុង

មាន់ឆ្លើយថា ៖ មិនទាន់ដាំ

ខ្លែងសុំថា ៖ សុំថ្នាំ

មាន់ឆ្លើយថា ៖ មិនទាន់ហាល

ខ្លែងសុំថា ៖ សុំផាល

មាន់ឆ្លើយថា ៖ មិនទាន់សិត

ហើយខ្លែងក៏អង្គុយនៅបៀតភ្នក់ភ្លើងនោះ ។

ចំណែកមេមាន់ក៏នាំគ្នារបស់ខ្លួនដើរប្រទក្សិណព័ទ្ធជុំវិញខ្លែង និងភ្នក់ភ្លើង ហើយស្រែកច្រៀងទាំងមេទាំងកូនថា ៖

«ចាប់កូនខ្លែងប្រឡែងកូនមាន់ (បន្ទរ) ៖អាឡយៗ

បើមេទៅទាន់ យកមាន់ទៅលាក់ (បន្ទរ) ៖អាឡយ ៗ លាក់ទុកឯណា លាក់ក្បាលដំណេក (បន្ទរ)៖ អាឡយ ៗ រលឹកពីដេក វាយមាន់តូងតាង» ។

មាន់ច្រៀងចប់ក៏ឈប់ឈរតម្រៀបគ្នា ។

ខ្លែងក៏ស្រែកសុំភ្លើងម្តងទៀតថា «ដូនៗ សុំភ្លើង» ។

មាន់ឆ្លើយថា «ក្អែកពាំទៅទម្លាក់ ក្នុងទឹកទន្លេបាត់ទៅហើយ» រួចក៏ដើរព័ទ្ធជុំវិញខ្លែង និងភ្នក់ភ្លើង ហើយច្រៀងតទៅទៀតថា ៖

«ប្អូនវេញខ្សែសូត្រ បង្ហូតខ្សែគោម (បន្ទរ)៖ អាឡយ ៗ ខ្លែងអើយកុំលោមមិនបានមាន់ទេ (បន្ទរ) ៖ អាឡយ ៗ ហើយឈរស្ងៀម ។

ខ្លែងក៏និយាយទទូចសុំកូន ៖ ខ្លែងសុំថា ៖ ដូនៗឱ្យសុំកូនមុខ

មាន់ឆ្លើយថា ៖ ឪពុកមិនឱ្យ

ខ្លែងសុំថា ៖ សុំកូនក្រោយ

មាន់ឆ្លើយថា ៖ កំបាក់កំបែកយកចុះ ខ្លែងកាលបានឮមេមាន់ថា ឱ្យកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញ

ចាប់បេះយកកូនណាដែលនៅក្រោយគេ, ឯមេមាន់ខំប្រឹងការពារកូនរបស់ខ្លួនកុំឱ្យគេបេះយកបាន, ឯកូនមាន់ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង

ខ្លាចខ្លែងចាប់បេះយកខ្លួន ម្នាក់ៗបាន។ ជួនក៏ខ្លែងបេះយកកូនបានម្តង១ ម្តង២ ទាល់តែអស់ ជួនក៏បេះបានតែ១ ។

តែគេមានលក្ខខណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំង ហើយកូននោះគេក្រាបទៅនឹងដី នោះមេខ្លែងមិនត្រូវចាប់គេទេ ។

កាលអស់កម្លាំង ហត់រៀងខ្លួនហើយ ក៏ឈប់សម្រាកបន្តិច ហើយផ្លាស់ប្តូរគ្នាលេងតទៅទៀត គេលេងតែរបៀប នេះរហូតដល់ពេលឈប់ ។

ប៉ុន្តែល្បែងបែប ដូចគ្នានេះ នៅស្រុកខ្លះ គេហៅតម្រូវ ន័យតាមរបៀបលេងថា «ល្បែងខ្លែងចាប់កូនមាន់» ក៏មាន ។

ល្បែងនេះជាការ បង្ហាត់មនុស្សឱ្យ ចេះប្រុងស្នៀត ប្រុងស្មារតីឱ្យ រហ័សរហួន ចេះការពារខ្លួន និងគ្រួសារផង (យោងតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ») ៕




ដកស្រង់ពី៖ កោះសន្ដិភាព