បណ្តាញសង្គម

ចន ច័ន្ទលក្ខិណា សង្សារ​តាម​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ

ភ្នំពេញ៖ ចាប់តាំងពីតារា សម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ចាប់ផ្តើមមានទំនាក់ទំនងស្នេហា ជាមួយបុរសអ្នកជំនួញមក គេសង្កេតឃើញថា ជានិច្ចកាលពួកគេទាំងពីរ ហាក់បង្ហាញពី ភាពផ្អែមល្ហែម កៀកកើយស្អិតដូចស្ករតាំងម៉ែ បណ្តើរគ្នាត្រសង ទៅគ្រប់ទីកន្លែង បេះមិនចេញនោះទេ ។

ពិធីការិនីល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកមេម៉ាយចាយ សម្រស់អ្នកនាង ចន ច័ន្ទលក្ខិណា មួយរយៈពេល ចុងក្រោយនេះ គេឃើញនាងឧស្សាហ៍ ចេញទៅណាមកណា បណ្តើរគូស្នេហ៍ មិនដាច់នោះទេ ។ មិនតែប៉ុណ្ណោះ ជារឿយៗគូស្នេហ៍ វ័យជ្រេមួយនេះ តែងតែបណ្តើរគ្នា ទៅដើរកម្សាន្ត នៅក្រៅប្រទេស នៅតាមខេត្តដាច់ស្រយាល ដើម្បីបង្កើនអនុស្សាវរីយ៍ស្នេហ៍ ឲ្យបានច្រើនជាមួយគ្នា ។

ជាក់ស្តែងថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ កន្លងទៅថ្មីៗនេះ នាងបានបណ្តើរសង្សារ ទៅចូលរួមចេញ និងបានចេញមុខចេញមាត់ជាសាធារណៈ ដោយមិនខ្វល់ និងក្រសែភ្នែកសម្លឹងមើលនាង និងសង្សារឡើយ ។ បើតាមប្រភពពីអ្នកជិត ដិតគូស្នេហ៍មួយគូនេះ បានលួចបង្ហើប ប្រាប់ឲ្យដឹងថា អ្នកទាំងពីរស្រលាញ់ គ្នាខ្លាំងណាស់ ប្រៀបដូចជា លលកញីឈ្មោល ទៅណាត្រសងមិនអាចខ្វះអ្នកណាបានទេ ។

លើសពីនេះ បុរសអ្នកជំនួញធម្មតាៗ លោក ហេង រដ្ឋ ហៅឡុង ដែលជាគូស្នេហ៍ តែងតែតាមហួងហែង នាងគ្រប់ទីកន្លែង មិនថានាងទៅធ្វើការ នៅកន្លែងណាទេ គឺលោកតែងទៅតាមនាង មិនដាច់ឡើយ ព្រោះថាបុរសម្នាក់នេះស្រឡាញ់ នាងខ្លាំងមិនចង់ឲ្យនាងរស់ នៅឃ្លាតឆ្ងាយពីដើមទ្រូង លោកឡើយ ។ ដោយសារតែការ ស្រឡាញ់ធ្វើឲ្យលោកក្លាយ ទៅជាអ្នកដែល ពូកែប្រច័ណ្ឌ ។ ដូច្នេះបើ អ្នកនាង ចនច័ន្ទ មិនចង់ធ្វើ ឲ្យស្នេហា ជួបភាពរកាំរកូស គឺទាល់តែបណ្តើរ សង្សារទៅតាមគ្រប់កន្លែង ទើបធ្វើឲ្យគូស្នេហ៍ មួយគូនេះ នៅផ្អែមល្ហែម ជាមួយគ្នាជារៀងរហូត ៕

 

 

 

ដកស្រង់ពី៖ Khmer-note