បណ្តាញសង្គម

ហម ឈ​រ៉ា​ប្រកាន់​ជំហរ​មិន​ឃ្លាតឆ្ងាយ​ ពី​អាជីព​សិល្បៈ

ភ្នំពេញ ៖ បើទោះបី បច្ចុប្បន្នតារាសំដែង លោកហម ឈរ៉ា មានកំរិតជីវភាពធូរធារ មានភរិយាជា អ្នកជំនួញជួញដូរ រស់នៅទ្រនំ ខ្ពស់មានរថយន្តជិះទំនើបៗ  ក៏ដោយក៏គេសង្កេត ឃើញថាតារាសិល្បៈ ស្រស់សង្ហារូបនេះនៅតែខំប្រឹងឈ្មុសឈ្មុល នឹងអាជីពសិល្បៈ ហើយថែមទាំង បានប្រកាន់ជំហរថា លោកនឹងមិនឃ្លាត ទៅណាឆ្ងាយពី វិស័យសិល្បៈនោះឡើយ។

សូមរំលឹកឲ្យ ដឹងដែរថា តារាសំដែង លោកហម ឈរ៉ា កើតនៅថ្ងៃទី២២ ខែឧសភា  ឆ្នាំ១៩៧៣នៅទឹក ដីស្រុកដូនទាវ ខេត្តបាត់ដំបងមាន ឪពុកឈ្មោះហម ឈឺន (ស្លាប់) និងម្តាយឈ្មោះសោម យ៉ុន។ លោកហម ឈរ៉ា មានបងប្អូនបង្កើត ៧នាក់(ប្រុស៤ស្រី៣) លោកជាកូនទី២ក្នុងគ្រួសារ និងបានចូលប្រឡូកក្នុង សង្វៀនសិល្បៈ នៅឆ្នាំ១៩៩៣និងចាប់ផ្តើម ល្បីតាមរយៈរឿង «សំឡេងទ្រខ្មែរ»ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រីពាន់ ភួងបុប្ផា។

តារាសំដែងលោក ហម ឈរ៉ានិយាយថា ឱកាសក្លាយជា តួកុនរបស់លោក គឺកើតឡើងដោយ ភាពចៃដន្យតែប៉ុណ្ណោះ ពោលតាំងតែពីតូច មកលោកមិនដែល នឹកនាគិតថាចង់ក្លាយ ជាអ្នកសិល្បៈនោះទេ។ នៅអំឡុងឆ្នាំ១៩៩៣លោក នៅកំពុងតែសិក្សាក្នុង កម្រិតឧត្តមសិក្សា និងរៀននៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកច្បាប់រៀនបាន២ឆ្នាំ ក៏ឈប់រួចងាកមកប្រឡូក សិល្បៈវិញ។

នៅពេលនោះ ដែរការងារជាតួសំដែង ខ្សែភាពយន្តរបស់លោក ហាក់បីដូចជារលូន ហើយមិនយូរប៉ុន្មានក៏ ចាប់ផ្តើមមានទស្សនិកជន ស្គាល់និងគាំទ្រផងដែរ។ លោកហម ឈរ៉ានិយាយបន្តទៀតថា រហូតមកដល់ពេលនេះអាជីពជាតួកុន របស់លោកនៅតែ មមាញឹកបើទោះបីសព្វថ្ងៃ មានវ័យរាងជ្រេបន្តិច ទៅហើយក្តី ហើយភាគច្រើន អ្នកដឹកនាំរឿងបាន តម្រូវឲ្យលោកដើរ តួឪពុកទៅតាមវ័យ។

នៅថ្ងៃអនាគតលោក មិនមានបំណងគិតថា នឹងបោះបង់អាជីពសិល្បៈ ដែលខំប្រឹងប្រែង តស៊ូជិត២០ឆ្នាំមកនេះ ចោលនោះទេ បើទោះបីជាពេលនេះ លោករស់នៅក្នុងជីវភាព ធូរធារក៏ដោយ។ តារាសំដែងហម ឈរ៉ាបញ្ជាក់ថា «សង្ឃឹមថាទស្សនិកជន នឹងនៅតែជួយគាំទ្រលោក ជាក់ជាមិនខានឡើយ»៕

ដកស្រង់ពី៖ កម្ពុជាថ្មី