Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជន​ខ្មែរ ​ប្រើប្រាស់​រទេះគោ​ ធ្វើ​អំពី​ឈើ ​តាំងពី​សតវត្ស​រ៍ទី​ ១​មកម៉្លេះ

  • បោះពុម្ព

ភ្នំពេញ ៖ យោងតាមឯកសារ សំណេរដៃមួយចំនួន បានបង្ហាញថា ប្រជាជនខ្មែរ ចាប់ផ្តើមប្រើប្រាស់ រទេះគោ តាំងពីសតវត្សទី១ មកម្ល៉េះ សំរាប់ជាមធ្យោបាយ ដឹកជញ្ជូនផ្សេងៗ ។

រហូតមកដល់ សម័យកាលបច្ចុប្បន្ននេះ វត្តមានរទេះគោ ដែលផលិតឡើង អំពីឈើត្រូវ បានគេមានការ ព្រួយបារម្ភថា នឹងអាចបាត់បង់ ប្រសិនបើ មិនមានការ អភិរក្ស ឲ្យបានគត់មត់ ទេនោះ ។ ដោយឡែក បើតាមឯកសារ របស់លោក មីសែលត្រាណេ បានឲ្យដឹងថា ស្ថិតក្រោមឥទ្ធិពល វប្បធម៌ឥណ្ឌា ប្រជាជនខ្មែរ ក្នុងអាណាចក្រ នគរភ្នំ ក៏បានខ្ចីយាន ជំនិះនេះ ( រទេះ ) ពីពួកឥណ្ឌាចាប់តាំងពីដើម សតវត្សរ៍ទី១ នៃគ្រិស្ដសករាជ មកម្ល៉េះ ។

ដូច្នេះហើយទើប បានគេសន្មតថា រទេះគោ ឬក្របី ត្រូវបានប្រើប្រាស់ ចាប់ផ្តើម ឡើងតាំងពីពេលនោះ មកនិងមានរហូតដល់ សព្វថ្ងៃបើទោះបី ជាពេលនេះ មានលក្ខណៈ ប្រែប្រួលខ្លះៗក៏ដោយ ។  ប្រសិនបើយើង ក្រឡេកងាក ក្រោយទៅមើល នៅសម័យ បុរេអង្គរក៏ដូចជា សម័យអង្គរ គឺរទេះគោខ្មែរ បានដើរតួនាទី យ៉ាងសំខាន់បំផុត ក្នុងសង្គមខ្មែរ ពិសេសពាក់ព័ន្ធ នឹងវិស័យជំនឿ សាសនាខ្មែរផងដែរ ។

នៅក្នុងឯកសារ សរសេរ ដោយលោក មីសែលត្រាណេ បានលើកឡើងទៀតថា តាមរយៈរូបចម្លាក់ នៅប្រាសាទអង្គរវត្ត នាសតវត្សទី១២ នៃគ្រិស្ត សករាជ យើងអាចឃើញ យ៉ាងច្បាស់ថា រទេះសេះ ដែលព្រះបាទសុរុយាវរ័ន្មទី២ ប្រថាប់ពីលើនោះ គឺជាសញ្ញាតំណាងនូវព្រះអាទិត្យ ឬព្រះសុរិយា ដែលជានិមិត្តរូប នៃសន្តតិវង្សរបស់ទ្រង់ ។

ម្យ៉ាងទៀតក្នុង ការសំដែងក្បួនរទេះដូចជា ក្នុងរឿងរាមកេរ្តិ៍ មហាភារតៈ ឬក៏ក្នុងជាតកបែប ពុទ្ធនិយមគេក៏ឃើញ មានការនិយមនូវរទេះសេះដែរ ។ រទេះគោ និងរទេះសេះ ត្រូវបានជនជាតិខ្មែរ ពេញនិយមប្រើ ក្នុងរជ្ជកាលរបស់ ព្រះបាទជ័យវរ័ន្មទី៧នេះ បើយើងពិនិត្យ លើវិស័យបដិមា សាស្ត្របុរាណ ។

ការស្រាវជ្រាវ របស់លោក មីសែលត្រាណេ បានបញ្ជាក់ទៀតថា នៅក្នុងវប្បធម៌ខ្មែរ បែបព្រហ្មមញ្ញ សាសនាកង់រទេះ ឬកងចក្រគឺជាអាវុធដ៏ខ្លាំង ពូកែរបស់ព្រះនារាយណ៍ ហើយវាក៏ជាសញ្ញា តំណាងនូវ ពេលវេលាដូចជាខែ និងរដូវដែលមាន នៅក្នុង ១ឆ្នាំ ឬក៏ចំនួនថ្ងៃទាំង ៣៦៥ថ្ងៃ ។

ទន្ទឹមនឹងនេះ ដែរកងចក្រ ក៏ជាអាវុធ របស់ព្រះអាទិទេព និងស្តេចចក្រ វាឡផងដែរ ។ ដោយឡែកប្រសិនបើ ក្នុងលទ្ធិព្រះពុទ្ធ សាសនាវិញ គេឃើញមានធម្ម ជក្រដែលមានអត្ថន័យ ប្រហាក់ប្រហែល នឹងការរៀបរាប់ ខាងលើនេះដែរ ។ កងចក្រតំណាង នូវធម្មទេសនា ដំបូងបង្អស់ របស់ព្រះពុទ្ធ ក្នុងឩទ្យានលម្ពិនី ដោយមានភារកិច្ច អភិវឌ្ឍន៍ ព្រះឱវាទ ឬព្រះវិន័យ ។

ដូចនេះ ឆ្លងតាមការបញ្ជាក់ យ៉ាងលំអិត របស់លោក មីសែលត្រាណេ យើងអាចយល់បានខ្លះៗ ថាជនជាតិខ្មែរ បានស្គាល់ រទេះគោនិងបាន ជ្រាបអំពីនិមិត្តរូប រទេះគោ បានយ៉ាងជាក់លាក់ តាំងពីអំឡុង សម័យបុរេអង្គរ ពិសេសសម័យ វប្បធម៌ នគរភ្នំ និងសំណល់ខ្លះៗ ដែលគេបានជួបដែលជា សក្ខីស្រាប់ ។ ចាប់តាំងពីសតវត្សរ៍ទី១ មកដល់ពេលបច្ចុប្បន្ននេះ យើងនៅឃើញ មានតំបន់ខ្លះប្រជាជន នៅប្រើរទេះគោ សំរាប់បំរើ ឲ្យវិស័យកសិកម្ម និងការដឹកជញ្ជូនផ្សេងៗ តែទន្ទឹមនឹងនោះ យើងក៏មានការ ព្រួយបារម្ភអំពីការបាត់ បង់រទេះគោខ្មែរ ដែលផលិត ឡើងពីឈើ នៅថ្ងៃអនាគត ផងដែរ ៕

ដកស្រង់ពី៖កម្ពុជាថ្មី