បណ្តាញសង្គម

កម្ពុជា​បង្ហាញ​ស្នាដៃ​រចនា​ម៉ូ​ដ​របស់​ក្រុម​អ្នក​ច្នៃ​ម៉ូ​ដម​ក​ពី​ចំនួន​5​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន

រាជធានីភ្នំពេញ ៖ អ្នកច្នៃម៉ូដមកពី បណ្តាប្រទេសអាស៊ានមានកម្ពុជា វៀតណាម ថៃ ហ្វ៊ីលីពីន និងម៉ាឡេស៊ី បានជួបជុំគ្នាដើម្បី បង្ហាញស្នាដៃនៃការ រចនាម៉ូដតាមរយៈការ ដើរបង្ហាញពីតារាស៊ុប ពើរម៉ូដែលរបស់ប្រទេស នីមួយៗកាលពី រាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ ។

នៅក្នុងកម្មវិធីនេះ មានការបង្ហាញម៉ូដ សម្លៀកបំពាក់ដែលជាស្នាដៃ រចនាម៉ូដមកពីប្រទេសអាស៊ាន ដែលមានកម្ពុជាមកពីហាង សម្លៀកបំពាក់នារី ទេព ឈីវង់ ក្រុមអ្នកច្នៃម៉ូដជំនាន់ ថ្មីពោរពេញដោយ ថាមពលមកពីសាកលវិទ្យាល័យ LIMKOKWING កម្ពុជា ។ អ្នកច្នៃម៉ូដមក ពីប្រទេសថៃលោក VORAVEJ VARAZATIRAVATT, លោក KRUNGTHEP DIREKMAHAMONGKUL ។ អ្នកច្នៃម៉ូដមកពី ប្រទេសវៀតណាម កញ្ញា LE NGUYEN AN NHIEN និងលោក NGUYEN QUOC BIN លោក NGUYEN HOAI SANG ។

អ្នកច្នៃម៉ូដមកពីប្រទេសហ្វ៊ីលីពីន លោក JIAN MAVERICK LASALA និងលោក YVES MARTINI CAMINGUE ។ អ្នកច្នៃម៉ូដមកពី ប្រទេសម៉ាឡេស៊ី លោក SHAFIZUL HAZREE BIN ABDUL WAHID ។ មានការចូលរួមបង្ហាញម៉ូដ ដោយតារាបង្ហាញម៉ូដ ល្បីៗជាតិដូចជាតារាសម្តែង កំពុងមានប្រជាប្រិយភាព តារាបង្ហាញម៉ូដ Khmer Supper Model តារាបង្ហាញម៉ូដ Cambodia next Top Model និងតារាបង្ហាញម៉ូដ អន្តរជាតិ ក៏ដូចជាបវរកញ្ញា MISS GRAND INTERNATION2015 ជាដើម ។

លោកម៉ែន វិចិត្របុត្រ តំណាងអគ្គនាយក លោកប៊ុន កើដ អ្នករៀបចំកម្មវិធី BKA Entertainment ដែលជាអ្នកបង្កើតកម្មវិធី Phnom Penh Fashion Week 2015 បានបញ្ជាក់ថា កម្មវិធីកម្រិតថ្នាក់ អន្តរជាតិនេះបង្កើតឡើងដោយឈរ លើមូលដ្ឋានចំនួន៤ ពោលគឺ

១-គាំទ្រស្នាដៃបង្កើតថ្មី ដែលពោរពេញ ដោយគំនិតច្នៃប្រឌិត និងទេពកោសល្យ នៃបណ្តាអ្នក ច្នៃម៉ូដសម្លៀកបំពាក់ Asian Fashion Designer នៅលើវេទិកាជាតិ និងអន្តរជាតិ បង្កើតឡើងនូវវេទិកា ជាពិសេសដើម្បីឱ្យពួកគេបានបង្ហាញ សមិទ្ធផលរបស់ខ្លួន ក៏ដូចជាឱកាសក្នុងការជួប ប្រាស្រ័យផ្លាស់ប្តូរ គំនិតគ្នាទៅវិញទៅមក នៅលើវិស័យច្នៃ ម៉ូដសម្លៀកបំពាក់ ក៏ដូចជាវិស័យកាត់ដេរនេះ ព្រោះព្រះរាជាណាចក្រកម្ពុជា មានសក្តានុពល និងឈានមុខលើ វិស័យកាត់ដេរ ។

២-ជាវេទិកាយ៉ាងពិសេស ដែលបានចូលរួម លើកស្ទួយយុវជន យុវតីអ្នកច្នៃម៉ូដសម្លៀកបំពាក់ ជំនាន់ថ្មីនៃផ្នែក Fashion Designer ដែលកំពុងសិក្សា នៅមហាវិទ្យាល័យ ឬ Young Khmer Designer នានាបានបង្ហាញស្នាដៃរបស់ពួកគេ បានដកបទពិសោធន៍ ទទួលយកនូវមេរៀនពិត ថ្មីៗពីរៀមច្បងអ្នក រចនាច្នៃម៉ូដ សម្លៀកបំពាក់ជាតិ និងអន្តរជាតិជាដើម ដែលនេះជាឱកាស មួយដ៏ប្រសើរសម្រាប់ពួកគេ ក្នុងការបង្កើននូវចំណេះដឹងលើវិស័យនេះ ។

៣-បង្កើតឡើងនូវទីកន្លែង ដែលតាំងនូវផលិតផល ទាំងឡាយទាក់ទង នឹងវិស័យ Fashion ដើម្បីជាឱកាសដល់បណ្តាម្ចាស់ ធុរកិច្ចទាំងអស់បានជួប ដោយផ្ទាល់ក៏ដូចជា បង្ហាញនូវផលិតផល របស់ខ្លួនជាដើម ។

៤-កម្មវិធីនេះក៏ចូលរួម ចំណែកក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយវិស័យ ទេសចរណ៍កម្ពុជាកាន់ តែខ្លាំងឡើងថែមទៀត នៅលើឆាកជាតិ ជាពិសេសនៅលើ ឆាកអន្តរជាតិ ៕

ដកស្រង់ពី ៖កោះសន្ដិភាព