បណ្តាញសង្គម

ឃើញ​អ្នកប្រើទូរសព្ទ ត្អូញរឿងកាត់លុយពេក ក្រសួង​ជំរុញ​ឱ្យក្រុមហ៊ុន​កែសម្រួលគម្រោង​ប្តូរលុយ​

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងបានជួបពិភាក្សាជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ដើម្បីកែសម្រួលទៅជាគម្រោងប្តូរលុយដែលមាន តម្លាភាពពេញលេញ និងច្បាស់លាស់ ដោយមើលឃើញចំនួននាទីសម្រាប់ហៅចេញ និងចំនួនសារខ្លី SMS សម្រាប់ផ្ញើចេញក្នុងប្រព័ន្ធ និងទំហំទិន្នន័យអ៊ីនធើណែត ទៅតាមទឹកប្រាក់ដែលអ្នកប្រើប្រាស់បានជាវសេវា។

ការចេញសេចក្តីប្រកាសព័ត៌មាននេះ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា ថ្មីៗនេះគឺមានប្រតិកម្មពីអ្នកប្រើប្រាស់សេវាទូរសព្ទ តាមបណ្តាញសង្គម ពាក់ព័ន្ធនឹងគម្រោងប្តូរលុយ ដោយលើកឡើងថា «គម្រោងកាត់លុយច្រើនជាងមុន ឬប្តូរលុយហើយប្រើអ៊ីនធើណែតមិនគ្រប់គ្រាន់ ឬក្រសួងមិនបានដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់ជាដើម។

ក្រសួងបានបន្ថែមឱ្យដឹងទៀតថា ទិន្នន័យឆ្នាំ២០១៨ ប្រជាជនកម្ពុជាម្នាក់ប្រើទិន្នន័យអ៊ីនធើណែតតាមសេវាទូរសព្ទចល័ត ជាមធ្យម ១០GB ក្នុង១ខែ។ ប៉ុន្តែបច្ចុប្បន្ននេះ ការប្រើប្រាស់បានកើនឡើងលើស ២០GB ទៅហើយ ដោយសារកំណើននៃការប្រើកម្មវិធី App ថ្មីៗ ខណៈដែលថ្លៃសេវាគឺនៅរក្សាដដែល ចន្លោះពី ៣ ទៅ ៥ដុល្លារ។ ក្នុងនោះទៀតសោត អ្នកប្រើប្រាស់ភាគច្រើន បានប្រើសេវាកម្សាន្ត និងបណ្តាញសង្គម ដូចជា Facebook, TikTok និង YouTube ដែលត្រូវការប្រើទំហំទិន្នន័យអ៊ីនធើណែតធំ៕

ដកស្រង់ពី៖Sabay