បណ្តាញសង្គម

វង្ស ថាណាន់ រៀប​ដំណើរ​រឿង ដែល​បណ្ដាល​រូប​គេ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡើង​ខ្ទេចឡាន

តារាចម្រៀងផលិតកម្ម Galaxy Navatra វង្ស ថាណាន់ បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកាលពីប៉ុន្មានថ្ងៃមុន ដោយរថយន្តរបស់លោកបានទៅបុកជាមួយរថយន្តធំមួយគ្រឿងដែលឈប់លើផ្លូវនៅក្នុងទឹកដីខណ្ឌព្រែកព្នៅ។

ក្នុងគ្រោះថ្នាក់នោះ លោកបានរងរបួសបាក់ភ្លៅខាងស្ដាំ បែកមុខ បែកមាត់។ ដោយឡែករថយន្តម៉ាក Toyota Prius ពណ៌សរបស់លោក បានខូចខាតមួយកំណាត់មុខទាំងស្រុង។ គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នោះ ក្រោយពីលោកបានធ្វើដំណើរត្រឡប់មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅមុនជួបគ្រោះថ្នាក់ខាងលើ លោក វង្ស ថាណាន់ បានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន Toyota Prius ពណ៌ស បុរសម្នាក់ដែលលោកប្រាប់ថាជាបងប្រុស ត្រឡប់មកពីខេត្តបន្ទាយមានជ័យ ក្រោយចប់បេសកកម្មការងារតន្ត្រី។

លោកបានត្រឡប់មកភ្នំពេញវិញទាំងយប់ ដោយមកដល់កន្លែងកើតហេតុ ម៉ោង ៣រំលងអាធ្រាត្រទៅហើយ ព្រោះប្រញាប់បន្តទៅច្រៀងនៅខេត្តកំពតទៀតនៅថ្ងៃបន្ទាប់។ នៅតាមផ្លូវ ថាណាន់ ប្រាប់ថា លោកបើកបរដោយប្ដូរគ្នាកាន់ចង្កូតម្ដងម្នាក់ជាមួយបងប្រុស។ ប៉ុន្តែនឿយហត់ក្នុងការងារ សម្រាកមិនគ្រប់គ្រាន់ បើករថយន្តផ្លូវឆ្ងាយទៀត ធ្វើពួកឲ្យលោកងោកងុយ។ "និយាយទៅហត់នឿយពេកបង...មុនដំបូងខ្ញុំបើក រួចហើយក៏បានប្ដូរបងខ្ញុំបើក ខ្ញុំដេកម្ដង ខ្ញុំ និងបងដូរគ្នាបើកម្ដងម្នាក់ តែដោយសារហត់នឿយពេក គាត់ក៏ងោក ហើយងោកតែប្រមាណ ១-២វិនាទីសោះហ្នឹងបង គាត់ថា បើកភ្នែកឡើងមកដល់គូទឡានគេទៅហើយ"។ ម្ចាស់បទ "ស្នេហ៍ក្រៅផ្លូវការ" ប្រាប់ថា រថយន្តរបស់លោកបានបុកមួយទំហឹងរថយន្តធំដែលឈប់លើផ្លូវអត់មានដាក់សញ្ញា ឬភ្លើងចំណាំងផ្លាត។ លោកប្រាប់ទៀតថា កម្លាំងបុកទង្គិច បានធ្វើរថយន្តរបស់លោកផ្ទុះ និងបែកពោងសុវត្ថិភាព។ វង្ស ថាណាន់ បានរងរបួស បាក់ភ្លៅខាងស្ដាំង បែកមុខ ដោយឡែកបងប្រុស របួសស្រាលជាង។

ក្រោយកើតហេតុ លោកត្រូវបានគេសង្គ្រោះ និងដឹកយកមកព្យាបាលនៅមន្ទីរកាល់ម៉ែត្រ។ មកដល់ពេលនេះ លោកប្រាប់ថា បានធូរស្រាលបន្តិច និងអាចងើបទទួលមេកើយ បងប្អូន ញាតិមិត្តមកសួរសុខទុក្ខខ្លះៗ។ ក្នុងពេលសម្រាកព្យាបាល ក្រៅពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ លោក វង្ស ថាណាន់ ត្រូវបានថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ឈឺឆ្អាល ដោយចាត់ក្រុមការងារមកសួរសុខទុក្ខ និងជួយថវិកាចំនួន ៥០០០ដុល្លារ។

ក្រៅពីលោក ព្រាប សុវត្ថិ លោកខេម កញ្ញា តន់ ចន្ទសីម៉ា ក៏ជួយឧបតម្ថម្ភតារាចម្រៀងប្រុសនូវថវិកាមួយចំនួនរៀងៗដែរ។ មិនត្រឹមតែតារាចម្រៀងរួមទ្រនំ ប៉ុន្តែក៏ឃើញតារាសម្ដែង និងតារាចម្រៀងផលិតកម្មហង្សមាស បូករួមនឹងការមកសួរសុខទុក្ខរបស់មិត្តសិល្បករជាច្រើននាក់ទៀត ដែលធ្វើឲ្យលោកមានកម្លាំងចិត្ត និងទទួលបានអារម្មណ៍កក់ក្ដៅ៕

 

ដកស្រង់ពី៖ Sabay