Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រាសាទ​ជម​ដែល​រងការខូចខាត កំពុងរៀបចំ​ផ្គុំឡើងវិញ​តាមរយៈ​បច្ចេកទេស Anastylosis ​របស់កូរ៉េ

  • បោះពុម្ព

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF)កំពុងជួសជុលប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស (Anastylosis) រុះរើតួរបស់ប្រាសាទដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ព្រមទាំងជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទជាថ្មីឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។

ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយជំហានដំបូងបានធ្វើកំណាយស្រាវជ្រាវ វាយតម្លៃការខូចខាត ធ្វើសម្រង់ប្លង់និងស្វែងរករកឯកសារ និងរូបភាពចាស់ៗសម័យបារាំង ព្រមទាំងរុះរើថ្មតាមបច្ចេកទេសអាណាស្ទីឡូស ដោយបែងចែកជា២ដំណាក់កាល។

ថ្មដែលរើមានចំនួន៣៥ស្រទាប់ ដោយថ្មភក់ចំនួន៣៥៨០ដុំ និងថ្មបាយក្រៀមមាន៤១០០ដុំ។ លោក យ៉ាម៉ង់ ឱ្យដឹងទៀតថា ចំពោះការពង្រឹងគ្រឹះដែលស្រុតឱ្យរឹងមាំឡើងវិញ នៅតាមកន្លែងខូចខាតនានាត្រូវផ្លាស់ប្ដូរថ្មបាយក្រៀមថ្មី និងបច្ចុប្បន្ននេះ កំពុងរៀបសាកល្បងកម្រាល ដើម្បីឈានទៅដល់ការរៀបផ្គុំខឿនរបស់ប្រាសាទទាំងមូលឡើងវិញ។ ស្ថាបត្យកររូបនេះបញ្ជាក់ទៀតថា ថ្មដែលរលុះធ្លាក់ផ្នែកខាងលើបានរកឃើញប្រមាណ៣០ភាគរយ ហើយថ្មមួយចំនួនបានរងការខូចខាតដែលទាមទារការជួសជុល និងព្យាបាលដោយយកចិត្តទុកដាក់។

ជាមួយគ្នានេះដែរ ការស្វែងរកថ្មនៅប្រាសាទជម មានការលំបាកក្នុងការផ្គុំឡើងវិញ ដោយសារគំនរថ្មខ្លះមានលាយឡំគ្នាជាមួយថ្មប្រាសាទផ្សេងទៀតដែលនៅជុំវិញ។ ស្ថានភាពរបស់ប្រាសាទជម ផ្នែកកំពូលនៃប្រាសាទត្រូវបានរលុះធ្លាក់ កន្លែងខ្លះទៀតហែកក្រៀក ថ្មស្ទើរតែបាត់បង់រូបរាងដើម បណ្តាលមកពីអាយុកាលនៃសំណង់ កត្តាសង្រ្គាម កត្តាកង្វះការថែទាំយូរអង្វែង និងកត្តាធម្មជាតិ ដូចជាឬសឈើចាក់បំបែករចនាសម្ពន្ធរបស់ប្រាសាទរហូតទៅដល់ដីគ្រឹះ ធ្វើឱ្យទឹកភ្លៀងហូរចូល នាំឱ្យដីគ្រឹះចុះខ្សោយនិងធ្វើឱ្យស្រុតចុះ ថែមទាំងទ្រេតចំនួន៦ដឺក្រេ។ ក្រុមការងាររំពឹងថាគម្រោងជួសជុលប្រាសាទជម អាចនឹងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ៕

ដកស្រង់ពី៖ Sabay News