បណ្តាញសង្គម

យុវតី កឹម ស្រីកែវ ត្រៀម​បង្ហាញ​ស្នាដៃ​គំនូរ​ដ៏​អស្ចារ្យ​លើ​​ឆាក​អន្តរជាតិ

យុវតីរូបស្រស់ កឹម ស្រីកែវ ដែលគ្រងតំណែង ជាបវរកញ្ញាកម្ពុជា ចំណាត់ថ្នាក់លេខ៣ និងកំពុងមានបេសកកម្ម ចេញទៅប្រកួតក្នុងកម្មវិធី Miss Tourism International 2017 ប្រាប់ថានាងបានត្រៀម ទេពកោសល្យពិសេស មួយទៅបង្ហាញនៅកម្មវិធីប្រកួតនេះ។

សម្រាប់កម្មវិធីនេះ ស្រីស្អាតវ័យ២០ឆ្នាំប្រាប់ថា នាងត្រៀមយកទេពកោសល្យ ពិសេសមួយគឺ ការគូរគំនូរដែលប្រើ រយៈពេលខ្លី ពោលគឺត្រឹម២ ទៅ៥នាទីប៉ុណ្ណោះ។ ដោយសុំលាក់ពីប្រភេទគំនូរ ស្រីកែវ និយាយថា៖ "អត់ទាន់អាចប្រាប់បានទេបង គ្រាន់តែចង់បង្ហើបថា គំនូរហ្នឹង គឺជាគំនូរម្យ៉ាង ដែលបង្ហាញពីភាព អស្ចារ្យរបស់ប្រទេសកម្ពុជា"។

កញ្ញា បន្តថា ដោយសារកម្មវិធីខាង លើពាក់ព័ន្ធយ៉ាងស៊ីជម្រៅ លើវិស័យទេសចរណ៍ ដូច្នេះរូបនាងមិនភ្លេចឡើយ ក្នុងការនាំយកតំបន់ទេសចរណ៍ខ្មែរ ទៅបង្ហាញ និងប្រាប់ដល់អន្តរជាតិ ពិសេសតំបន់វប្បធម៌ នៅខេត្តសៀមរាប និងតំបន់មាត់សមុទ្រ នៅខេត្តព្រះសីហនុ ។

ជានិស្សិតសិក្សាផ្នែកស្ថាបត្យកម្ម យុវតីរូបស្រស់បញ្ជាក់ថា វាហាក់ដូចជាលឿនបន្តិច មែនសម្រាប់នាង ក្នុងការចេញទៅ ប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិដ៏ធំបែបនេះ តែទោះជាយ៉ាងណានាងបាន ហ្វឹកហាត់លើវិញ្ញាសាជាច្រើនរួចហើយ ក្នុងរយៈពេលមុនចេញប្រកួត។

កម្មវិធី Miss Tourism International 2017 គឺជាព្រឹត្តិការណ៍មួយដែល កំពុងដំណើរការ និងត្រៀមប្រកាសលទ្ធផល នៅថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕

ដកស្រង់ពី៖ Sabay