បណ្តាញសង្គម

ប្រវត្តិតស៊ូក្នុងសិល្បៈរបាំបុរាណខ្មែរ របស់ព្រឹទ្ធាចារ្យ​ ស៊ិន សាម៉ាដឹកឆូ

ដំណឹងដ៏ក្ដុកក្តួលនៃការបាត់បង់ធនធានមនុស្សដែលមានទេពកោសល្យរបស់កម្ពុជា ព្រឹទ្ធាចារ្យសិល្បៈ ស៊ិន សាម៉ាដឹកឆូ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នេះ ដោយជរាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ ពិតជាធ្វើឱ្យមិត្តសិល្បករ សិស្សានុសិស្សដែលធ្លាប់ទទួលបានការបណ្តុះបណ្តាល សោកស្តាយជាខ្លាំង។

តែប្រិយមិត្តអាចនឹងមិនធ្លាប់ដឹងប្រវត្តិដ៏កម្រត់ និងខ្សែជីវិតតស៊ូរបស់អ្នកគ្រូ ស៊ិន សាម៉ាដឹកឆូ ដែលប្រសិទ្ធនាមជាគ្រូធំ នៃសាលកវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA។ ដោយមានឈាមជ័រពីម្ដាយជាអ្នករបាំព្រះរាជទ្រព្យ អ្នកគ្រូ សាម៉ាដឹកឆូ ចាប់ផ្តើមរៀនរបាំ និងរៀនច្រៀងតាំងតែពីកុមារភាពមកម៉្លេះ ហើយគាត់រស់នៅតែជាមួយរបាំរហូតមក។

អ្នកគ្រូ ឆូ កាលនៅមានព្រះជន្ម បានប្រាប់ពីដំណើរជីវិតលើវិថីសិល្បៈបុរាណថា៖ «មានស្នាដៃជាច្រើនដែលខ្ញុំបានបន្សល់ទុកសម្រាប់ក្មេងជំនន់ក្រោយ ដូចជាការបង្រៀនរបាំ ការបង្កើតក្បាច់រាំរបាំបែបថ្មីជាដើម»។

លើសពីនោះ អ្នកគ្រូបានបង្កើតក្បាច់មួយឈ្មោះថា «របាំឆ្មា» ជាក្បាច់ប្លែកពិសេសមួយរបស់អ្នកគ្រូ។ របាំឆ្មាគឺជាប្រភេទរបាំដែលមានសាច់រឿង និងចម្រៀងអមជាមួយដែលនិយាយពីសត្វឆ្មាមួយក្បាលដឹងគុណម្ចាស់ ហើយក៏ជូនពរដល់ម្ចាស់ខ្លួនដែលបានចិញ្ចឹមថែរក្សា និងការស្លៀកពាក់ ព្រមទាំងកាយវិការរាំនៃរបាំនេះដូចទៅនឹងសត្វឆ្មា។

ក្នុងវ័យ ១៣ឆ្នាំ អ្នកគ្រូក៏ចាប់ផ្តើមឡើងសម្តែងរបាំថ្វាយព្រះមហាក្សត្រ ក៏ដូចមន្ត្រីជាន់ខ្ពស់ក្នុងកម្មវិធីធំៗនៅព្រះបរមរាជវាំង ហើយក៏ត្រូវបានព្រះមហាក្សត្រទ្រង់សព្វព្រះទ័យរហូតមក និងតែងនាំក្រុមរបាំរបស់អ្នកគ្រូ ក៏ដូចជាតន្ត្រីករ និងសិល្បករល្បីៗដែលមានលោក ស៊ីន ស៊ីសាមុត ជាដើមហែហមដំណើរ និងសម្តែងថ្វាយ ក៏ដូចជាផ្សាយពីវប្បធម៌ខ្មែរម្តង ១០ ប្រទេសក្នុងអាស៊ី និងអឺរ៉ុប ជាច្រើនដងក្នុងសម័យសង្គមរាស្ត្រនិយមរបស់ព្រះអង្គ។

ក្រៅពីរបាំអ្នកគ្រូធ្លាប់ជាដៃគូចម្រៀងមហោរី និងល្ខោនហ្លួង ឬរបាំបុរាណ ឬរបាំព្រះរាជទ្រព្យ ដែលមានប្រគំតែនៅព្រះបរមរាជវាំងតែប៉ុណ្ណោះក្នុងសម័យសង្គមរាស្ត្រនិយមជាមួយលោក ស៊ីន ស៊ីសាមុត តារាចម្រៀងសំឡេងមាស ដែលបន្សល់ទុកស្នាដៃរាប់មិនអស់មកដល់បច្ចុប្បន្ន។

ពេលនោះអ្នកគ្រូមានអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន ដែលជាការចងចាំដ៏ល្អក្នុងមួយឆាកជីវិតរបស់អ្នកគ្រូឆូ ដែលបានក្លាយជាដៃគូចម្រៀងជាមួយលោក ស៊ីន ស៊ីសាមុត។កាលពីកុមារភាព អ្នកគ្រូ ឆូ ចូលចិត្តទៅរៀនអក្សរ តែម្តាយរបស់អ្នកគ្រូដែលមានការប្រកាន់តឹងរឹងនូវច្បាប់ស្រី មិនអនុញ្ញាតឡើយ តែអ្នកគ្រូឆូនៅតែលួចទៅរៀន រហូតអ្នកម្តាយបានដឹងក៏បានវាយប្រដៅ ហើយកោរសក់អ្នកគ្រូឆូមួយចំហៀងក្បាល ដើម្បីឱ្យខ្មាសគេឈប់ទៅរៀន។

ដោយសំណាងល្អដែលបានព្រះករុណាព្រះបាទសីហនុព្រះបរមរតនកោដ ទ្រង់មានព្រះទ័យករុណា ទ្រង់ក៏ជួលគ្រូមកបង្រៀនអក្សរខ្មែរដល់អ្នកគ្រូឆូដល់ក្នុងព្រះរាជវាំង។ អ្នកគ្រូមិនត្រឹមតែបានរៀនអក្សរសាស្រ្តប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរៀននូវចំណេះវិជ្ជាជាច្រើនទៀត ដូចជាគុនដំបង តេក្វាន់ដូ យូដូ ការ៉ាតេដូ និងមានទេពកោសល្យក្នុងការដាំស្លព្រះស្ងោយថ្វាយព្រះមហាក្សត្រដោយផ្ទាល់ទៀតផង។

កាលអ្នកគ្រូមានជីវិត អ្នកគ្រូតែងផ្ដល់ការណែនាំដល់អ្នកចង់រៀនរបាំបុរាណថា ការរៀនរបាំខ្មែរ ត្រូវតែមានការអត់ធ្មត់ និងចេះផ្សំនឹងទេពកោសល្យដែលមានស្រាប់ និងចិត្តស្រលាញ់ដោយពិតប្រាកដ ហើយការច្រៀងចម្រៀងរបាំក៏ត្រូវតែមានក្បួនខ្នាតច្បាស់លាស់ និងត្រូវការសំឡេងល្អជាមួយនឹងការហ្វឹកហាត់ជាប្រចាំ។

អ្នកគ្រូឆូ ធ្លាប់បានលើកឡើងថា ទោះបីជានៅក្នុងរបាំធម្មតា ដូចជា រាំវង់ ឬរាំក្បាច់យ៉ាងណាក៏ដោយ ក៏ត្រូវតែមានក្បួនខ្នាតត្រឹមត្រូវដែរ ទើបបង្ហាញពីកិត្តិយសរបស់ជាតិ។ មុនពេលលាចាកលោក សិល្បករបុរាណ ស៊ិន សាម៉ាដឹកឆូ តែងសង្ឃឹមថា សិល្បៈរបាំខ្មែរនឹងនៅតែមានអ្នកថែរក្សាបន្តឱ្យបានយូរទៀត ហើយមានតែក្មេងជំនាន់ក្រោយប៉ុណ្ណោះដែលជាទីពឹង។

អ្នកគ្រូ ឆូ រំលឹកថា៖ «បើមិនខំនាំគ្នាថែរក្សាទេ ថ្ងៃក្រោយច្បាស់ជាបាត់បង់ ហើយជាតិដទៃច្បាស់ជាមានឱកាសបំភ្លៃថា របាំខ្មែរជារបស់គេមិនខាន»។


 

ដកស្រង់ពី៖Sabay