បណ្តាញសង្គម

បុរសសក់វែងបំផុតក្នុងពិភពលោក ទម្លាយមូលហេតុទុកសក់វែងបែបនេះ

បុរសចំណាស់ជនជាតិវៀតណាមម្នាក់ឈ្មោះ Tran Van Hayដែលរស់នៅភាគខាងត្បូងទីក្រុង Can Tho បានចាប់ផ្តើមទុកឲ្យសក់របស់លោកដុះ និងមិនបានកាត់វានោះទេរហូតធ្វើឲ្យលោកក្លាយជាបុរសដែលមានសក់វែងជាងគេក្នុងពិភពលោក។

កាសែត Vietnam News បានស្រង់សម្ដីរបស់ប្រពន្ធលោក Hay ថាប្តីរបស់អ្នកស្រីបានចាប់ផ្តើមទុកសក់វែងបែបនេះអស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ មូលហេតុដែលលោកមកព្រមកាត់វានោះ គឺដោយសារតែលោកតែងតែធ្លាក់ខ្លួនឈឺបន្ទាប់ពីកាត់សក់។លោក Hay ត្រូវបានរាយការណ៍ថា បានរស់នៅក្នុងជីវិតដ៏សមញ្ញាមួយដែលមានមុខរបរជាអ្នកបេះថ្នាំ។

របាយការណ៍បានបន្តថា មិនមានម៉ូតូឌុបណាយល់ព្រមដឹកលោកទេ ព្រោះលោក Hay មិនអាចពាក់មួកសុវត្ថិភាពបាន។ ដូច្នេះ លោក Hay មិនមានជម្រើស ក៏បានជិះកង់ដោយបួងសក់ចូលទៅក្នុងថង់ធំមួយជំនួសវិញ។

ប្រវែងពិតប្រាកដនៃសក់របស់លោក Tran Van Hay មិនមានភាពច្បាស់លាស់នោះទេ ប៉ុន្តែការប៉ាន់ប្រមាណមួយចំនួនបាននិយាយថា វាវែងរហូតដល់ ៦ ម៉ែត្រ។ គួរឲ្យដឹងថា កំណត់ត្រាពិភពលោកសម្រាប់សក់វែងជាងគេបំផុត ត្រូវបានកាន់កាប់ដោយលោក Xie Qiuping នៃប្រទេសចិនដែលសក់របស់លោកប្រវែង ៥,៦ ម៉ែត្រ។

ប្រសិនបើសក់របស់លោក Hay មានប្រវែង ៦ម៉ែត្រមែន នោះលោកប្រាកដជាអាចបំបែកកំណត់ត្រានេះបាន ប៉ុន្តែគួរឲ្យសោកស្តាយលោកបានស្លាប់បាត់បង់ជីវិត នៅអាយុ ៧៩ ឆ្នាំក្នុងផ្ទះរបស់ខ្លួនកាលពីឆ្នាំ ២០១០ បាត់ទៅហើយ៕

ដកស្រង់ពី៖Sabay