បណ្តាញសង្គម

សម្រស់​ក្មេង​ស្រី​៣​រូប​កំពុង​ធ្វើ​ឲ្យ​​ផលិតករ​ជ្រួល​ច្របល់

ភាពស្រស់ស្អាត និងទេពកោសល្យសម្ដែងរបស់ក្មេងស្រី៣ រូបកំពុងតែធ្វើឲ្យផលិតករក្នុងស្រុកមួយចំនួនជ្រួលច្របល់ សុំកក់តម្លៃខ្លួនធ្វើជាតួឯកពេលធំឡើងប្រចាំផលិតកម្មរបស់ខ្លួន។ ១/ កុមារី អាង សុជាតា ហៅឈូឈូ ត្រូវបានផលិតកម្មធំៗមួយចំនួន កំពុងតែព្យាយាមទាក់ទងកក់តម្លៃខ្លួនទុកធ្វើជាតួឯកពេលធំឡើង តែនាងមិនទាន់យល់ព្រមជាមួយផលិតករណាមួយនៅឡើយទេ ព្រោះនៅជាប់កុងត្រាជាមួយផលិតកម្មមហាហង្សរយៈពេល៤ ឆ្នាំ។

កន្លងមកកុមារី វ័យ ១៣ ឆ្នាំរូបនេះធ្លាប់ថតរឿងមួយចំនួនដូចជា៖ “បំភ្លេចមិនបាន” “ក្មេងទី៦” “អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ” “៣០ថ្ងៃ” “កញ្ចក់” និងជាច្រើនរឿងទៀត។២/ ចំណែកឯកុមារី អូន នីតា វិញមិនខុសពី ឈូឈូ ប៉ុន្មានឡើយ ខណៈនេះនាង ត្រូវបានផលិតកម្មជាច្រើនសុំតថ្លៃ និងកក់តម្លៃខ្លួនទុកធ្វើជាតួឯកពេលធំឡើង ព្រមទាំងឲ្យតម្លៃខ្លួនខ្ពស់ទៀតផង។

នីតា ថា៖" ទោះបីជាឲ្យតម្លៃខ្លួនខ្ញុំខ្ពស់ក៏ដោយ តែខ្ញុំមិនទាន់បានសម្រេចចិត្តថាចុះកុងត្រា ជាមួយផលិតកម្មណានោះទេបង ចាំមើលទៅមុខទៀតសិនចាំគិត"។ ភាពយន្តដែលកុមារីរូបនេះសម្ដែងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនមានដូចជា៖ រឿង "ស្នេហានិងកិត្តិយស”, រឿង “កំលោះ៣១ ក្រមុំ៥២”, រឿង “ណារ៉ូសុម៉ាលី”, រឿង “សសរកន្លោង”, រឿង”ក្មេងទី៦”, រឿង “ជីវិតនាងរចនា”, រឿង “នរណាសម្រក់ទឹកភ្នែកដើម្បីអូន”, រឿង “ភ្លើងស្នេហ៍ភ្លើងឫស្យា”,រឿង “ភ្លើងស្នេហ៍ភ្លើងគំនុំ” និងរឿងចុងក្រោយ គឺ រឿង “រថយន្តទៅសៀមរាប”។

៣/ ក្រឡេកមកចាប់អារម្មណ៍កុមារី ជូលី វិញម្ដង នាងមានអាយុ ១០ ឆ្នាំកន្លងមកធ្លាប់ថតរឿង ហូលីវូដ ឲ្យអ្នកស្រី Angelina Jolie ក្នុងរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ឬ “First They Killed my Father” និងក្រោយមកទៀតសម្ដែងជាតួអង្គសំខាន់នៅក្នុងរឿង “ពស់កេងកង” ដោយដើរតួជាកូនពស់កេងកង។

ក្រោយពីសម្ដែងរឿង"មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" រួចមក ក្មេងតូចរូបនេះបានធ្វើឲ្យផលិតករក្នុងស្រុកពេញចិត្តលើសមត្ថភាពភាពសម្ដែងរបស់នាង ដល់ថ្នាក់តាមសុំកក់តម្លៃខ្លួនទុកធ្វើជាតួឯកនៅពេលធំឡើងដូចកុមារីទាំងពីរខាងលើដែរ៕

ដកស្រង់ពី៖Sabay