បណ្តាញសង្គម

បែក​ធ្លាយ​​ទឹក​ប្រាក់​តារា​ល្បី​ៗ​​ចងដៃ​​មង្គលការ​​ ឬ​ខួប​កំណើត​មិត្តភ័ក្ដិ​​

នៅពេលទៅចូលរួមពិធីមង្គលការ ឬខួបកំណើតមិត្តភ័ក្ដិសាច់ញាតិបងប្អូនម្ដងៗ តារាចម្រៀង និង សម្ដែងល្បីៗមួយចំនួនជាទូទៅស្លៀកពាក់ និងតុបតែងខ្លួនយ៉ាងស្រស់ស្អាត។

ក្នុងនាមជាតារាល្បី ហើយរៀបចំខ្លួនលេចធ្លោបែបនេះ តើពួកគេចំណាយថវិកាចងដៃម្ចាស់កម្មវិធីលើសពីពលរដ្ឋសាមញ្ញឬយ៉ាងណា? ជាក់ស្ដែងកាលពីពេលថ្មីៗនេះតារាចម្រៀងល្បីឈ្មោះមួយរូបសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថាពេលទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍មិត្តភ័ក្ដិមិនថា ក្នុង ឬក្រៅរង្វង់សិល្បៈនោះទេ ខ្លួនបានចាយលុយចន្លោះពី ៣០ ទៅ ៤០ ដុល្លារដើម្បីចងដៃសិរីមង្គលដល់គូស្វាមីទាំងពីរ។

ប្រភពសុំមិនបញ្ចេញឈ្មោះដដែលបន្ថែមថា៖" តែពេលខ្លះក៏អាចឈានដល់ ៥០ ដុល្លារ ឬ លើសហ្នឹងម្ដងម្កាលដែរ សម្រាប់មិត្តភ័ក្ដិដែលស្និទ្ធស្នាលគ្នាខ្លាំងបានចងដៃប៉ុណ្ណឹង។ប៉ុន្តែជាទូទៅទាំងខ្ញុំទាំងគេអស់ហើយត្រឹម ៣០ ឬ ៤០ ដុល្លារហ្នឹង"។

ពាក់ព័ន្ធថវិកាចងដៃពីសំណាក់តារាល្បីៗនេះដែរ អ្នកសិល្បៈស្រីមួយរូបទៀតសុំមិនបញ្ចេញឈ្មោះ និងជាម្ចាស់កម្មវិធីបានទទួលស្គាល់ថា ជាទូទៅអ្នកសិល្បៈចងដៃក្នុងពិធីមង្គលការ ឬខួបកំណើតមិនលើសពី ៣០ ឬ ៤០ ដុល្លារនោះទេ មានអ្នកខ្លះទៀតបណ្ដើរគូសង្សារ ឬ ភរិយាមកចូលរួមក៏នៅតែ ចងដៃប៉ុណ្ណឹងដដែល។ នាងថា៖" ពេលខ្លះភ្ញៀវធម្មតាពួកគាត់ចងដៃច្រើនជាងអ្នកសិល្បៈទៀតផង គាត់មិនមែនជាតារាល្បីតែគាត់មានលុយចងដៃ។ ចំណែកឯអ្នកសិល្បៈខ្លះមានតែឈ្មោះ និងមុខមាត់តែពួកគាត់រកចំណូលអត់សូវបាន"៕


 

ដកស្រង់ពី៖Sabay