បណ្តាញសង្គម

កូន​ក្រមុំ​ស្រី អ៊ីត មាន​ផលិតកម្ម​​ចាំ​ទទួល

បន្ទាប់ពីឲ្យកូនស្រីរបស់ខ្លួនសាកល្បងចូលសិល្បៈមួយរយៈមក ពេលនេះកូនក្រមុំតារាកំប្លែងស្រី អ៊ីតត្រូវបានផលិតកម្មក្នុងស្រុកចាប់អារម្មណ៍ហើយ អាច១ឆ្នាំខាងមុខទៀតនឹងមានផលិតកម្មជ្រកដូចម្ដាយជាក់ជាមិនខាន។

នេះបើតាមការបញ្ជាក់ ពីស្រីអ៊ិត ប្រាប់នៅថ្ងៃនេះ។ ស្រីអ៊ីតបានឲ្យដឹងថា កូនរបស់នាងហាក់ដូចជាមានទេពកោសល្យខាងច្រៀងច្រើនជាងកំប្លែង បន្ទាប់ពីនាងបានឲ្យសាកល្បងប្រលូកសិល្បៈមួយរយៈមក។ ដំបូងឡើយកូនស្រីអ៊ិត មានឈ្មោះ ង៉ា ស្រីណាន ហៅ ស្រីឆើត បានសាកល្បងចូលសម្ដែងកំប្លែងជាក្រុមក្នុងក្រុមកំប្លែងផ្ទះលោកតា ប៉ុន្តែក្រោយពីកម្មវិធីមួយនេះត្រូវបានផ្អាក មកកូនស្រីតារាកំប្លែងរូបនេះ បានសាកល្បងអាជីពច្រៀងវិញម្ដង ដែលមកទល់ពេលនេះ ស្រីអ៊ិតថា បានឡើងច្រៀងលើកញ្ចក់ទូរទស្សន៍២លើករួចមកហើយ។

ជាមួយគ្នានោះ តារាកំប្លែងមេម៉ាយកូន១រូបនេះ សង្កេតឃើញថា កូនស្រីរបស់ខ្លួនមានសំឡេងល្អ អាចទទួលយកបានហើយ បើប្រឹងហាត់ថែម ច្បាស់ជាមានសំឡេងល្អជាងនាងជាក់ជាមិនខាន។ "ឡើងច្រើនម្សិលមិញហ្នឹង ខាងផលិតកម្មសាន់ដេ គាត់ខលមកសរសើរតើបង គាត់ថា ឲ្យប្រឹងថែមទៀត អាច១ឆ្នាំអីទៀត គាត់មានគម្រោងឲ្យចាប់ដៃគូជាមួយ នាយចឺមតែម្ដង" ស្រីអ៊ីតថ្លែងឲ្យដឹង។

តារាកំប្លែងស្រីមានកំណើតមកពីខេត្តកំពង់ស្ពឺខាងលើបានបន្តឲ្យដឹងទៀតថា នាងនឹងខិតខំបង្រៀន និងជំរុញឲ្យកូនស្រីឲ្យប្រឹងបន្ថែមទៀតលើវិថីមួយនេះ ដោយបំណងរបស់នាង គឺចង់ឲ្យកូនស្រីចាប់យកទាំងអាជីពចម្រៀងផង និងកំប្លែងផង ហើយស្រីអ៊ិត ពិតជាសប្បាយចិត្តនៅពេលដែលកូនស្រីដើរតាមគន្លងខ្លួនបែបនេះ។

បច្ចុប្បន្ន ង៉ា ស្រីណាន ហៅ ស្រីឆើត មានវ័យ១៤ឆ្នាំ នាងរៀនថ្នាក់ទី៨ នៅឯស្រុកកំណើត។ ស្រីអ៊ីត មានគម្រោងនាំកូនស្រីមកស្នាក់នៅភ្នំពេញជាមួយខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីងាយស្រួល ទាំងការងារសិល្បៈ និងការសិក្សារបស់កូន។

ទន្ទឹមគ្នានោះដែរ នាងបង្ហើបឲ្យដឹងថា កូនស្រីរបស់នាងកំពុងតែសម្ងំថតកម្មវិធីថ្មីមួយជាមួយ លោក តាវិចទ័រ ដែលកម្មវិធីនោះ គ្រោងនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែនាងមិនបានប្រាប់ឈ្មោះកម្មវិធីនោះឡើយ។ ស្រីអ៊ីតថ្លែងជាចុងក្រោយថា ទាំងនាងក៏ដូចជានាយក្រូច និង នាយ ចឺម គឺសុទ្ធតែមានបំណងចង់ឲ្យកូនស្រីរបស់នាង ចូលសិល្បៈដូចគ្នា ហើយសង្ឃឹមថា កូនស្រីម្នាក់នេះនឹងអាចសាងកេរ្តិ៍ឈ្មោះល្បីជាងខ្លួន ដើម្បីបន្តវង្សត្រកូលបន្តទៀត៕

ដកស្រង់ពី៖Sabay