បណ្តាញសង្គម

ស្អាត ​ពូកែ​ ហើយ​ថែម​ទាំង​រៀន​បាន​អនុបណ្ឌិត​ដល់​អង់គ្លេស​ទៀត

មានឪពុកជាវេជ្ជបណ្ឌិត ម្ដាយជាស្រ្តីមេផ្ទះ ណារីបានជម្នះមនុស្សគ្រប់គ្នារួមទាំងផ្នត់គំនិតអ្នកជុំវិញខ្លួន ក្នុងការស្វែងរកការសិក្សាជំនាញបច្ចេកវិទ្យា។ ធ្លាប់រៀនសាលាល្បីផុតលេខនៅក្នុងស្រុក យុវតីវ័យជាង ២០ ឆ្នាំនេះ បានចាប់ឱកាសទៅបន្តការសិក្សារហូតបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសអង់គ្លេស ដោយដាក់គោលដៅយ៉ាងច្បាស់។

បច្ចុប្បន្នយុវតីវ័យក្មេងនេះ ក៏កំពុងធ្វើគម្រោងមួយដើម្បីជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម លើការគ្រកញ្ញាតូច ច័ន្ទណារី ឲ្យដឹងថា កញ្ញាបានចាប់ផ្ដើមចេះប្រើប្រាស់កុំព្យូទ័រនៅអាយុជាង ១០ ឆ្នាំដោយសារមានការណែនាំពីឪពុក។

កាលនៅរៀនវិទ្យាល័យ កញ្ញាចូលចិត្តផ្នែកគីមី និងកុំព្យូទ័រជាងគេ ហើយក៏ចេះបង្កើតវេបសាយខ្លះៗតាំងពីមិនទាន់ចូលរៀនមហាវិទ្យាល័យ។ យុវតីកើតនៅទីក្រុងភ្នំពេញបានឲ្យដឹងបន្តថា ក្រោយពេលចប់វិទ្យាល័យនៅឆ្នាំ ២០០៩ ដំបូងកញ្ញាក៏ចង់ចាប់មុខជំនាញពេទ្យតាមឪពុកដែរ ប៉ុន្តែដោយសារយល់ឃើញជំនាញពេទ្យត្រូវការរៀនវែងឆ្ងាយ និងណាមួយមិនសូវចូលចិត្តផងនោះ ក៏ជ្រើសរើសជំនាញបច្ចេកវិទ្យាទៅ។

ក្រោយពេលចប់វិទ្យាល័យនៅឆ្នាំ ២០០៩ ណារី បានរៀនបន្តនៅសាលាលីមកុកវីង ដោយជ្រើសរើសជំនាញឌីហ្សាញ។ ណារីប្រាប់ថា ពេលនៅមុខកុំព្យូទ័រម្តងៗមានអារម្មណ៍សប្បាយ មិនសូវចេះធុញទ្រាន់សោះ ទោះចំណាយពេលយូររាប់ម៉ោងក៏ដោយ។

រៀនបានតែមួយឆ្នាំ ណារីក៏សម្រេចចិត្តទៅរៀនបន្តនៅអង់គ្លេសប៉ុន្តែប្តូររៀនជំនាញវិទ្យាសាស្ត្រកុំព្យូទ័រវិញ។ ណារីប្រាប់ថា សិស្សនៅអង់គ្លេសមានការប្រកួតប្រជែងគ្នាណាស់ ជាពិសេសក្នុងចំណោមសិស្សបរទេស។

ក្នុងថ្នាក់គ្រូមិនសូវពន្យល់មេរៀនច្រើនទេ សិស្សម្នាក់ៗត្រូវរៀនស្វែងយល់ដោយខ្លួនឯង ជាមួយការអនុវត្តជាប្រចាំ។ យុវតីរូបនេះប្រាប់ថា សិស្សនៅអង់គ្លេសចូលចិត្តរៀនស្រាវជ្រាវ ហើយក៏សំបូរឯកសារមិនចេះខ្វះសម្រាប់សិស្សស្វែងយល់បន្ថែម។

នៅអង់គ្លេស ណារីត្រូវផ្លាស់ប្ដូរទម្លាប់ទាំងស្រុង ត្រូវចេះបត់បែន រៀនរស់នៅឯករាជ្យម្ចាស់ការលើខ្លួនឯង។ ណារីកត់សម្គាល់ដែរថា មុខជំនាញដែលកញ្ញាសិក្សាដែលមានសិស្សចម្រុះជាតិសាសន៍ ក៏មិនសូវមានសិស្សស្រីរៀនច្រើនដែរ មិនខុសពីស្រុកយើងនោះទេ។

សិស្សម្នាក់ៗត្រូវបានលើកទឹកចិត្តជំរុញបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។ នៅពេលសិស្សណាមានភាពលេចធ្លោជាងគេ មានក្រុមហ៊ុនធំៗចាំទទួលយកទៅធ្វើការតែម្តង។ ការមករស់នៅនិងរៀននៅអង់គ្លេស ណារីក៏មានឱកាសធ្វើការក្រៅម៉ោង ដើម្បីពង្រឹងជំនាញបន្ថែម និងទទួលបានកម្រៃខ្លះៗ យកមកផ្គត់ផ្គង់ការរស់នៅ។

ក្នុងយុទ្ធសាស្ត្រការរៀនវិញ ណារីបានបង្ហើបថា សម្រាប់កញ្ញាផ្ទាល់តែងតែរក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយសាស្ត្រាចារ្យ ដើម្បីទទួលបានការណែនាំ ឬការងារដើម្បីយកទៅរៀនសូត្រពង្រឹងសមត្ថភាពបន្ថែម។ ក្នុងពេលកំពុងរៀន ណារីបានធ្វើគម្រោងការងារជាមួយមិត្តភ័ក្ដិពីរបីនាក់ការអភិវឌ្ឍន៍ប្រព័ន្ធកម្មវិធីប្រើប្រាស់ក្នុងអាជីវកម្ម។

កញ្ញាថា គម្រោងនេះកញ្ញាបានចាប់ផ្ដើមធ្វើតាំងពីមុនទៅអង់គ្លេស។ ទើបតែដើមឆ្នាំ ២០១៦ កញ្ញាបានធ្វើពេញដៃពេញជើង បន្ទាប់ពីបញ្ចប់ការសិក្សា។ កញ្ញាតូច ច័ន្ទណារី ឲ្យដឹងថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យ SECOS អាចជួយកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងអាជីវកម្ម។

តាមរយៈប្រព័ន្ធ SECOS នឹងជួយដល់ម្ចាស់អាជីវកម្មអាចតាមដានរបាយការណ៍លក់ដូរប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាពការគ្រប់គ្រងបុគ្គលិក ជាពិសេសវាជួយដល់ម្ចាស់អាជីវកម្មដែលមានមុខរបរច្រើនកន្លែង អាចតាមដានវាយតម្លៃការលក់ដូរបានគ្រប់ទីកន្លែង។

បើតាមស្ថាបនិកវ័យក្មេងរូបនេះឲ្យដឹងបន្ថែមថា ប្រព័ន្ធ SECOS ក្រៅពីអាចឲ្យម្ចាស់អាជីវកម្មងាយស្រួលគ្រប់គ្រង ដឹងពីលំហូរការលក់ដូរប្រចាំថ្ងៃ វាក៏ជួយដល់ម្ចាស់អាជីវកម្មស្វែងយល់ពីតម្រូវការរបស់អតិថិជន ដើម្បីឆ្លើយតបបានទាន់ពេលវេលា។

ជាគោលដៅនៅថ្ងៃអនាគត ណារីចង់សរសេរសៀវភៅដែលអាចយកគំនិតនិងចំណេះដឹង ទុកជាឯកសារ ដើម្បីចែករំលែកដល់អ្នកជំនាន់ក្រោយ និងមួយទៀតក៏ចង់អភិវឌ្ឍប្រព័ន្ធកម្មវិធីថ្មីកាន់តែទំនើបនិងឆ្លាតវៃ ដែលផ្តល់ប្រយោជន៍សម្រាប់អ្នកប្រើប្រាស់៕ ប់គ្រងអាជីវកម្ម។


 

ដកស្រង់ពី៖Sabay