បណ្តាញសង្គម

ចាំទេ? ក្មេង​បាត់បង់​ឪពុកម្ដាយ​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ឆ្នាំមុន ទទួលបាន​ជីវិត​ថ្មី​ហើយ

នៅចាំបានទេ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយកាលពីពាក់កណ្ដាលឆ្នាំមុន ដែលបណ្តាលឲ្យកុមារាម្នាក់ត្រូវបាត់បង់អ្នកមានគុណទាំងពីរក្នុងរយៈពេលតែមួយប៉ប្រិចភ្នែក។ បន្ទាប់ពីហេតុការណ៍ដ៍រន្ធត់នោះ ស្ថាបនិក និងជាអគ្គនាយកសាលារៀនអន្ដរជាតិមួយបានប្រកាសផ្ដល់នូវអាហារូបករណ៍១០០%ដល់ក្មេងកម្សត់មួយរូបនេះ។

តាមរយៈជំនួយសប្បុរសនេះ ក្មេងដ៏កម្សត់នោះទទួលបានការថែទាំ និងការអប់រំយ៉ាងល្អពីសាលាមួយនោះ។ ស្ថាបនិក និងជាអគ្គនាយកសាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ លោក សេង រិទ្ធី បានបញ្ជាក់ថា ក្មេងកំព្រាម្នាក់នោះទទួលបានការថែទាំយ៉ាងយកចិត្ដទុកដាក់ជាទីបំផុតពីសាលា ដែលធ្វើឲ្យគេមានការអភិវឌ្ឍទាំងផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាស្មារតីយ៉ាងឆាប់រហ័ស។

សាលារបស់លោកតែងតែផ្តល់ក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការអប់រំប្រកបដោយគុណភាពដល់ក្មេងៗទាំងអស់ដោយគ្មានការរើសអើងអ្វីឡើយ។ បច្ចុប្បន្ន កុមារា ពេជ្រ ចរណៃ មានអាយុ៣ឆ្នាំហើយ។ កាលពីប៉ុន្មានថ្ងៃមុននេះ ពូរបស់គេបានធ្វើខួបកំណើតឲ្យយ៉ាងរីករាយនៅឯសាលារៀន។

ទោះបីជាក្មេងប្រុសនេះបានបាត់បង់ឪពុកម្ដាយជាទីស្រលាញ់ និងជាទីពុំនាក់យ៉ាងណាក៏ដោយ ក៏ជីវិតរបស់ក្មេងកំព្រាម្នាក់នេះនៅតែមានរស្មីភ្លឺថ្លា ដោយសារមនុស្សជុំវិញខ្លួន ដែលមានទឹកចិត្តសប្បុរសធម៌ចំពោះគេ ជាពិសេសសាលាអន្តរជាតិដ៏ល្បីមួយនៅទីក្រុងភ្នំពេញ៕

សកស្រង់ពី៖Sabay