បណ្តាញសង្គម

ក្រុមបេសកកម្ម «Mercedes និងកំណប់អាថ៌កំបាំង» បានឡើងភ្នំខ្ពស់ជាងគេនៅកម្ពុជាដោយជោគជ័យ ក្រោយចំណាយពេលជាង៧០ម៉ោង (Video inside)

(ភ្នំពេញ)៖ ជាលើកដំបូងហើយសម្រាប់ក្រុមបេសកកម្ម «Mercedes និងកំណប់អាថ៌កំបាំង» ក្នុងដំណើរបេសកកម្មលើកទី២របស់ខ្លួន ដែលបានសម្រេចជោគជ័យក្នុងក្នុងការឡើងភ្នំខ្ពស់ជាងគេនៅកម្ពុជា គឺភ្នំឱរ៉ាល់ ក្រោយចំណាយពេលទាំងឡើងទាំងចុះអស់ជាង៧០ម៉ោង ពោលរយៈពេល៣ថ្ងៃ២យប់ ដោយជម្នះការលំបាកយ៉ាងត្រដាបត្រដួស ក្នុងការប្រវាតោងឡើងតាមជម្រាលខ្នងភ្នំ និងរុកតត្រុកក្រោមដើមឈើដ៏ស្អេកស្កះប៉ះផ្ទៃពពក។

ដំណើរបេសកកម្មដ៏ខ្ពស់ជាងគេនេះមានរយៈពេលសរុប៤ថ្ងៃ៣យប់ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែទម្រាំបានឡើងភ្នំដែលមានកម្ពស់ ១,៨១៣ម៉ែត្រនោះ ក្រុមការងារត្រូវរង់ចាំដល់ថ្ងៃទី៣០ ខែមករា ហើយថ្ងៃទី០១ ខែកុម្ភៈ ទើបចុះត្រឡប់មកដល់ភូមិដ្ឋានប្រជាពលរដ្ឋ និងបន្តដំណើរមករាជធានីភ្នំពេញវិញ។

ព្រឹកថ្ងៃទី៣០ ខែមករា ដែលជាព្រឹកថ្ងៃដំបូងនៃការធ្វើដំណើរឡើងកាន់ភ្នំឱរ៉ាល់នោះ ក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» ដែលមានគ្នាជិត២០នាក់ មកពីក្រុមហ៊ុន Star Auto Cambodia, សារព័ត៌មាន Fresh News និង សារព័ត៌មានអេឡិចត្រូនិចថ្មីៗ បានធ្វើដំណើរចេញពីផ្ទះអ្នកប្រជាពលរដ្ឋដែលជាអ្នកជូនឡើងភ្នំ ដោយជិះគោយន្តលើចម្ងាយផ្លូវជាង ១០គីឡូម៉ែត្រ ជាមួយស្ថានភាពផ្លូវដ៏យ៉ាប់យឺន។

បន្ទាប់ពីធ្វើដំណើរតាមគោយន្តរយៈពេលជាងមួយម៉ោងគោយន្ត ក៏បាននាំក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» ទៅដល់ជើងភ្នំឱរ៉ាល់ក្រោមបរិយាកាសដ៏រីករាយ។ ពេលដល់ជើងភ្នំឱរ៉ាល់ហើយ យើងមិនអាចធ្វើដំណើរឡើងភ្នំជាមួយគោយន្តទៀតនោះ គឺត្រូវបន្តដំណើរជាមួយថ្មើរជើង ដោយត្រូវរើ សម្ភារៈប្រើប្រាស់មួយចំនួនស្ពាយជាប់នឹងខ្លួនផងដែរ។

ត្បិតថាភ្នំឱរ៉ាល់មានកម្ពស់ជិត ២គីឡូម៉ែត្រ តែការធ្វើដំណើរឡើងភ្នំនេះមិនមែនដើរ ត្រឹមតែជាងពីគីឡូម៉ែត្រនោះឡើយ។ ពេលដែលចាប់ផ្តើមធ្វើដំណើរដោយថ្មើរជើងឡើងភ្នំបរិយាកាសហាក់មិនបន្តរីករាយទៀតនោះឡើយ ដោយសារម្នាក់ៗមានសភាពហត់នឿយខ្លាំង ព្រោះថាស្ថានភាពផ្លូវឡើងភ្នំមិនងាយស្រួលដូចការរំពឹងទុកនោះឡើយ។

ការនឿយហត់ និងផលលំបាកនៃស្ថានភាពផ្លូវឡើង ភ្នំមិនអាចឲ្យស្នាមញញឹមរបស់ក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» បញ្ចេញមកបាននោះឡើយ។ ដើម្បីឡើងទៅដល់លើកំពូលភ្នំយើងត្រូវដើរកាច់កុងតាមជើងភ្នំ ដែលមានចម្ងាយរហូតដល់ទៅជាង ២០គីឡូម៉ែត្រ ទើបអាចឡើងដល់កំពូលភ្នំ។ សម្រាប់ការធ្វើដំណើរទៀតសោតយើងមិនអាចធ្វើដំណើរត្រឹមមួយថ្ងៃឡើងដល់កំពូលភ្នំនោះឡើយ។ នៅថ្ងៃដំបូងនៃការឡើងភ្នំ ក្រុមការងារបានចំណាយពេលរហូតដល់ទៅ ១២ម៉ោង ដើម្បីឡើងពីជើងភ្នំទៅដល់ចំណុចសម្រាកពេលយប់ ដែលគេហៅថា ដំណាក់កាលទី២នោះ។

លោក ប៊ុន ឈីម អ្នកដែលនាំភ្ញៀវទេសចរឡើងទៅលើភ្នំឱរ៉ាល់បានអះអាងថា គ្រប់ភ្ញៀវទាំងអស់កម្រមានអ្នកដែលឡើងតែមួយថ្ងៃឡើង ទៅដល់កំពូលភ្នំណាស់ ពោលពួកគេត្រូវសម្រាកពីរយប់នៅដំណាក់ទី២ ដែលមានកម្ពស់ប្រមាណ ១,១៣៨ម៉ែត្រ។ ពោលសម្រាកមួយយប់នៅពេលឡើង ហើយនៅពេលចុះវិញក៏ត្រូវចំណាយពេលសម្រាកមួយយប់ផងដែរ។

បើទោះបីថា ផ្លូវឡើងទៅកាន់កំពូលភ្នំឱរ៉ាល់មានកម្ពស់ខ្ពស់ ស្ថានភាពផ្លូវលំបាកធ្វើដំណើរជាហេតុធ្វើឲ្យក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» ស្ទើរបោះបង់ការតស៊ូម្តងៗទៅហើយក្តី តែបរិយាកាសតាមដងផ្លូវឡើងទៅលើកំពូលភ្នំពិតជាមនោរម្យ និងទាក់ទាញ អ្នកឡើងភ្នំជាខ្លាំង។ នៅតាមដងផ្លូវតាំងពីជើងភ្នំ រហូតដល់កំពូល ត្រូវបានគ្របដណ្តប់ដោយដើមឈើតូចធំ ខ្ពស់ទាប ហើយលាយឡំដោយសំឡេងសត្វយំ កំដរអារម្មណ៍រណ្តំចិត្តថែមទៀតផង។ នៅកន្លែងខ្លះពេលព្រឹកព្រលឹមមានអ័ព្ទចុះពេញព្រៃ ជាពិសេសអាកាសធាតុនៅតាមដងភ្នំគឺត្រជាក់ថែមទៀតផង។

តំណាងអង្គភាពនីមួយៗសុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍សប្បាយរីករាយ លំបាកលំបិន នឿយហត់ និងភាពអស្ចារ្យដែលខ្លួនមិនធ្លាប់សម្រេចបានរៀងៗខ្លួនផង ពិសេសគឺការតស៊ូឡើងភ្នំឱរ៉ាល់ដ៏ខ្ពស់មួយនេះ ដោយក្នុងនោះលោក ឡេង វន្ថា បុគ្គលិកមកពីក្រុមហ៊ុន Star Auto Cambodia បានលើកឡើងថា ការឡើងភ្នំឱរ៉ាល់នេះ ជាលើកដំបូងហើយក្នុងជីវិតរបស់លោក ដែលឈរលើទីខ្ពស់ជាងគេនៅកម្ពុជា ខណៈដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបំផុតមិនធ្លាប់បានឡើងផងនោះ។

លោ វន្ថា បានបន្តថា រយៈពេល៣យប់៤ថ្ងៃ នៃដំណើរផ្សងព្រេងនេះ បានផ្ដល់អនុស្សាវរីយ៍ច្រើនណាស់ ដែលដំបូងឡើយក្រុមការងារមានអារម្មណ៍ស្រស់ស្រាយរីករាយខ្លាំងណាស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និងនៅពេលបានឃើញភ្នំឡឹមៗ។

ដល់ពេលបានទៅដល់ភូមិដ្ឋានប្រជាពលរដ្ឋ ក្រុមការងារទទួលបានអារម្មណ៍មួយប្លែកបន្ថែមទៀត ជាមួយនឹងការពិសាបាយម្ហូបរបស់ប្រជាពលរដ្ឋនៅទីនោះ ដែលពួកគាត់ជាមគ្គុទ្ទេសក៍នាំភ្ញៀវឡើងភ្នំដ៏ជំនាញ ហើយអាកាសធាតុពេលយប់នៅទីនោះក៏ត្រជាក់ខ្លាំងផងដែរ ពិសេសទទួលបានខ្យល់ធម្មជាតិបរិសុទ្ធ និងទិដ្ឋភាពជនបទនាពេលរាត្រី។

តំណាងក្រុមហ៊ុននាំចូល និងចែកចាយរថយន្តទំនើប Mercedes Benz នៅកម្ពុជារូបនេះ បានបង្ហាញអារម្មណ៍ពិតថា ខ្លួនលោកមិនពូកែជើងខាងដើរឆ្ងាយឡើងខ្ពស់នោះទេ ប៉ុន្តែដោយទឹកចិត្តចង់ឃើញចង់ដឹង និងចង់នាំអ្វីៗដែលមាននៅលើភ្នំដ៏ខ្ពស់មួយនេះផងនោះ ទើបធ្វើឲ្យលោកជម្នះគ្រប់ឧបសគ្គទាំងឡាយ រហូតបានឡើងដល់កំពូលភ្នំឱរ៉ាល់បានសម្រេចជាមួយក្រុមការងារ ពិសេសដើម្បីបង្ហាញប្រាប់កម្ពុជា និងពិភពលោកលោកថា ពាណិជ្ជនាម និងពាណិជ្ជសញ្ញារបស់រថយន្តទំនើប Mercedes Benz បានបង្ហាញវត្តមានលើទីដែល ខ្ពស់ជាងគេនៅប្រទេសកម្ពុជា។

លោក វ៉ាន់ សារាយ តំណាងអង្គភាពព័ត៌មាន Fresh News និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានមកអង្គភាពព័ត៌មានអេឡិចត្រូនិក Thmey Thmey បានលើកឡើងថា បើតាមលោក ឈួន ឈីម មគ្គុទ្ទេសក៍នាំភ្ញៀវឡើងលើភ្នំឱរ៉ាល់រាប់រយជើង តាំងពីឆ្នាំ២០០៤ មកនោះ មិនទាន់មានអ្នកព័ត៌មានណាម្នាក់បានឡើងដល់កំពូលភ្នំនេះនៅឡើយទេ គឺមានតែក្រុមអ្នកព័ត៌មាន Fresh News និង Thmey Thmey នេះឯងដែលបានឡើងដល់កំពូលភ្នំដ៏ខ្ពស់ជាងគេមួយនេះ។

លោកទាំងពីរបានបន្តថា ក្នុងដំណើរបេសកកម្មរុករកកំណប់អាថ៌កំបាំងលើកនេះ ក្រុមការងារបានរកឃើញកំណប់ទេសចរណ៍ជាច្រើនសម្បូរបែប ដើម្បីនឹងផ្សព្វផ្សាយជូនទស្សនិកជនទស្សនាជាបន្តបន្ទាប់ អមដោយរូបភាព និងវីដេអូមួយចំនួនផងដែរ ដែលអ្វីទាំងអស់នោះ សម្រេចបានក៏ដោយសារការផ្ដួចផ្ដើមគំនិត និងឧបត្ថម្ភធំដោយក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តទំនើបពី ប្រទេសអាឡឺម៉ង់ គឺរថយន្ត Mercedes Benz និងការសហការចូលរួមពីអង្គភាពព័ត៌មាន Fresh News និងអង្គភាពព័ត៌មានអេឡិចត្រូនិក Thmey Thmey ហើយមួយវិញទៀត គឺប្រជាពលរដ្ឋអ្នកនាំក្រុមការងារឡើងភ្នំដែលមានកម្ពស់ជិត ២ពាន់ម៉ែត្រផងដែរ៕

ដកស្រង់ពី៖FRESH NEWS