បណ្តាញសង្គម

ក្រសួងអប់រំ ដាក់ចេញវិធានការទប់ស្ដាត់ សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់ (១៤កុម្ភៈ) នៅតាមគ្រឹះស្ថានសិក្សា កុំឲ្យសិស្សនិស្សិតភ្លើតភ្លើន!

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការចំនួន៤ចំណុច ដើម្បីទប់ស្ដាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

នេះបើតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ បើតាមក្រសួង បានឲ្យដឹងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈដែលជាទិវាបុណ្យនៃក្ដីស្រឡាញ់ (Valentine's Day) ជាឱកាសមួយ ធ្វើឲ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទៅវិញ។

លោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន បានឲ្យដឹងផងដែរថា នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ទិវានេះបានធ្វើឲ្យយុវវ័យខ្លះភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារផងដែរ ប្រាសចាកពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ជាតិ ដែលបុព្វបុរសខ្មែរ បានបន្សល់ទុកជាយូរលង់ណាស់មកហើយ។

ដើម្បីការពារ ថែរក្សានូវវប្បធម៌ និងប្រពៃណីរបស់ខ្លួន ក្រសួងអប់រំ យុវជន កីឡា សូមធ្វើការណែនាំដល់គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនចំនួន៤ចំណុច ដូចខាងក្រោម៖ ១៖ ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រលាញ់ (Valentine's Day)។

២៖ ត្រូវពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃ ក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឹងម៉ាក់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្ដមាន របស់សិស្សានុសិស្សជាប្រចាំ។

៣៖ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្ដសកម្មភាព «មិត្ដអប់រំមិត្ដ»។ ៤៖ ត្រូវធ្វើការទំនាក់ទំនងជិតស្និទ្ធ ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ដដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា។

រដ្ឋមន្ដ្រីក្រសួងអប់រំ បានបញ្ជាក់ទៀតថា «ក្រសួងសង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់លោក-លោកស្រី ក្នុងការយកចិត្តទុកដាក់អនុវត្ដសេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់»៕

ដកស្រង់ពី៖FRESH NEWS