Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ្រាំចិញ្ចឹម​ចៅប្រាំនាក់ ទុកឱកាស​ឲ្យ​កូនៗទៅ​ស្រុក​ថៃ សង្ឃឹម​បាន​ប្រាក់​កសាងជីវភាព

  • បោះពុម្ព

បច្ចុប្បន្ននិន្នាការម្តាយឪពុកវ័យក្មេងទុកកូនៗឲ្យនៅជាមួយជីដូន ជីតា ហាក់កំពុងកើនឡើងខណៈដែលអ្នកទាំងនោះបានចំណាកស្រុកមកធ្វើការនៅទីក្រុង ឬទៅក្រៅប្រទេស។ ការចំណាកស្រុកនេះ មិនមានអ្វីក្រៅពីការរកចំណូលដើម្បីជីវភាពនោះទេ។

មិនខុសពីគ្រួសារអ្នកផ្សេងដែរ ស្រ្តីវ័យ៦០ឆ្នាំម្នាក់រស់នៅស្រុកទ្រាំង ខេត្តតាកែវ លើកឡើងថាអ្នកស្រី និងស្វាមីទទួលចិញ្ចឹមចៅចំនួនប្រាំនាក់ ខណៈដែលកូនៗអ្នកស្រី ជាមួយនឹងស្វាមីចំនួនបីគ្រួសារបានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។

កំពុងរៀបចំឆ្នាំងដាំបាយសម្រាប់អារហារពេលល្ងាចអ្នកស្រី មាន ភុំ បន្តថាដោយសារជីវភាពកូនៗខ្វះខាត អ្នកស្រី និងស្វាមីក៏សុខចិត្តទទួលចិញ្ចឹមចៅទាំងប្រាំ ដើម្បីទុកឱកាសឲ្យកូន និងកូនប្រសារបានទៅធ្វើការនៅស្រុកថៃ។

ទៅធ្វើការនៅប្រទេសថៃ ដោយរំពឹងថានឹងបានចំណូលខ្លះជួយឲ្យជីវភាពធូរធារ និងដោះបំណុល។ អ្នកស្រីបន្ថែម។ អ្នកស្រីឲ្យដឹងយ៉ាងដូចនេះទៀតថាៈ «ការតស៊ូចិញ្ចឹមចៅទាំងប្រាំនាក់នេះពិតជាមានការលំបាកខ្លាំងណាស់ដោយសារតែគ្រួសារខ្ញុំមានជីវភាពក្រីក្រម៉្យាងទៀតពួកគេមានអាយុតិចជាពិសេសចៅស្រីម្នាក់ដែលអាយុត្រឹមតែ២ឆ្នាំនោះ រិតតែធ្វើឲ្យលំបាកនៅពេលពួកគេនឹកឪពុកម្តាយម្តងៗតែងតែស្រែកយំរកតែម៉ាក់ប៉ា»។

ការសិក្សាមួយរបស់អង្គការMissouri Families លើកឡើងថាកុមារដែលរស់នៅជាមួយជីដូន ជីតា នឹងមានភាពជិតស្និទ្ធ ជាមួយជីដូនជីតា ជាងឪពុកម្តាយបង្កើត។ មួយវិញទៀត កុមារទាំងនោះក៏មិនសូវចង់នៅជាមួយឪពុកម្តាយបង្កើតផងដែរនៅពេលធំឡើង។

ផ្ទុយទៅវិញកុមារទាំងនោះនឹងនៅតែស្រឡាញ់ និងចូលចិត្តជីដូនជីតារបស់ខ្លួនជាងម្តាយឪពុកបង្កើត។ ការសិក្សាដដែលលើកឡើងថាកុមារី ដែលត្រូវឪពុកបោះបង់ចោល នៅពេលធំឡើងកុមារីនោះនឹងមានអារម្មណ៍ខឹងនឹងឪពុក សម្រាប់ក្មេងប្រុសវិញ នឹងមានអារម្មណ៍សោកសៅ។

សម្រាប់ចៅៗក្នុងបន្ទុករបស់អ្នកស្រី មាន ភុំ ដែលមានអាយុត្រឹមតែពីរទៅប្រាំឆ្នាំនោះយំនឹងកឪពុកម្តាយជាប្រចាំ។ ត្រង់ចំណុចនេះ អ្នកស្រី ថាអ្នកស្រីអាណិតចៅៗ និងបានត្រឹមតែនិយាយ និងទិញចំណីលួងលោមប៉ុណ្ណោះ។

អ្នកស្រីឲ្យដឹងថាៈ«ខ្ញុំខ្លោចចិត្តអាណិតចៅណាស់...ពេលខ្លះដើម្បីលួងចៅឲ្យបាត់យំសុខចិត្តខ្ចីលុយពីអ្នកជិតខាងឬសាច់ញាតិទៅទិញទឹកដោះគោឲ្យពួកគេបៅក៏មាន»។ អ្នកស្រី មាន ភុំ និងស្វាមី គ្មានរបរអ្វីក្រៅពីធ្វើស្រែ និងចិញ្ចឹមសត្វបន្តិចបន្តួចនោះទេ តែថារបរនេះមិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ឲ្យបានពេញលេញនោះដែរ។

និយាយដល់កូនៗរបស់អ្នកស្រីនៅធ្វើការឯប្រទេសថៃឯណោះវិញ អ្នកស្រីថាមួយខែ ឬពីរខែបានផ្ញើប្រាក់មកអ្នកស្រី១០ម៉ឺនរៀលម្តង ចំនួននេះអ្នកស្រីថាមិនគ្រប់នឹងចិញ្ចឹមចៅនោះទេ។ អង្គុយដកដង្ហើមធំបន្តិច អ្នកស្រីបន្តថាៈ «ការមើលថែចៅទាំងបីគ្រួសារនេះគ្មានចង់បានអ្វីក្រៅពីសង្ឃឹមកូនស្រីព្រមទាំងកូនប្រសារទាំងបីគ្រួសារអាចរកលុយយកមកកសាងជីវភាពនៅលើទឹកដីកំណើតវិញទេ...ប៉ុន្តែពិបាករំពឹងណាស់ព្រោះជួនកាលរយៈពេល២ខែ...ផ្ញើមកឲ្យ១០ម៉ឺនរៀលយកមកសងបំណុលគេ…តើពេលណាទើបរួច»។

បើតាមរបាយការណ៍សង្ខេបរបស់អង្គការILO សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ ក្នុងមួយឆ្នាំៗមានយុវជន៣០ម៉ឺននាក់ចូលក្នុងទីផ្សារការងារ ហើយក្នុងចំណោមអ្នកទាំងនោះបានចំណាកស្រុក ទៅធ្វើការនៅបរទេស ក្នុងវិស័យសំណង់ កសិកម្ម នេសាទ ចិញ្ចឹមសត្វ ជាដើម។

ពលករខ្មែរនៅប្រទេសថៃមានចំនួនជាង១,១៧លាននាក់ ក្នុងនោះមានជាង១,១១លាននាក់មានលិខិតស្នាមត្រឹមត្រូវ។ ពលករទៅធ្វើការដោយស្របច្បាប់នៅម៉ាឡេស៊ីមានចំនួនជិត៥ម៉ឺននាក់ គិតពីឆ្នាំ១៩៩៨ ដល់២០១៦ នៅកូរ៉េខាងត្បូងមានចំនួនជាង៤ម៉ឺននាក់គិតពី២០០៧ ដល់២០១៥ ជប៉ុន ជាង ២ ០០០នាក់ គិតពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ និងសិង្ហបុរី មានចំនួន៤០០នាក់គិតពីឆ្នាំ២០១៣ ដល់២០១៥។ នេះបើតាមរបាយការណ៍ដដែល៕

ដកស្រង់ពី៖Sabay