បណ្តាញសង្គម

ទម្លាប់​អាក្រក់ ​៣​យ៉ាង​ធ្វើឲ្យ​​គុណភាព​​ការងារ​ធ្លាក់​ចុះ

អ្នកគ្រប់គ្រង ឬម្ចាស់ក្រុមហ៊ុន រមែងចង់បានបុគ្គលិកបម្រើការងារមានប្រសិទ្ធិភាព និងផលិតភាពការងារខ្ពស់។ ដើម្បីទទួលបានផលិតភាពការងារ បុគ្គលិកត្រូវមានឆន្ទៈ និងការខិតខំប្រឹងប្រែងបំពេញនូវកាតព្វកិច្ច ដោយយកចិត្តទុកដាក់ជាទីបំផុត។

ផ្ទុយមកវិញបុគ្គលិកនឹងមិនអាចបញ្ចេញអស់នូវសក្ដានុពលការងាររបស់ខ្លួនអស់នោះឡើយ ប្រសិនបើប្រកាន់យកទម្លាប់មិនល្អបីចំណុចនេះ។ លោក ឃីម សុខហេង នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យបាននឹងលំអិតនូវចំណុចទាំងបីយ៉ាងធ្វើឱ្យផលិតភាព និងគុណភាពការងារថយចុះ។

តើមានអ្វីខ្លះ? -១ ផ្នត់គំនិតអវិជ្ជមាន ការប្រកាន់យកផ្នត់គំនិតបែបអវិជ្ជមាន គឺជាប្រភេទបុគ្គលិក ដែលមានទស្សនៈអន់ថយ និងក្រីក្របំផុត។ បុគ្គលិកប្រភេទនេះរមែងហុំព័ទ្ធទៅ ដោយបុគ្គលិកមិនសូវអភិវឌ្ឍខ្លួន ហើយខ្លួនឯងផ្ទាល់បានផុសនូវផ្នត់គំនិតអវិជ្ជមាន និងបណ្ដែតបណ្ដោយតាមគេតាមឯង បើទោះជាដឹងថា ការខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍ខ្លួនមានសារៈសំខាន់យ៉ាងណាក៏ដោយ។

ដូច្នេះបុគ្គលិកប្រភេទនេះហាក់បណ្ដោយខ្លួនឯងឱ្យស្ថិតនៅក្បែរលូទឹកស្អុយ។ទីបំផុតពេលនៅក្បែរលូទឹកស្អុយយូរៗទៅ ស៊ាំច្រមុះលែងធំក្លិនទឹកស្អុយ។ បុគ្គលិកប្រភេទនេះនឹងរស់នៅក្នុងជីវិតគ្មានភាពរីកចម្រើន។ -២ ខ្វះចំណេះដឹងផ្នែកបច្ចេកវិទ្យា មានកម្លាំងកកិតមួយ ដែលធ្វើឱ្យផលិតភាព និងគុណភាពការងារអ្នកថយចុះនោះ គឺកង្វះចំណេះដឹងផ្នែកបច្ចេកទេស ឬបច្ចេកវិទ្យា។

បើទោះជាអ្នកមានឆន្ទៈបំពេញការងារក៏ពិតមែន ប៉ុន្តែបើមិនស្វែងយល់ និងអនុវត្តន៍ជាប្រចាំទាក់ទងនឹងការងារបច្ចេកទេសទេ គុណភាពការងារអ្នកនឹងធ្លាក់ចុះតែហ្នឹងដែរ។ -៣ គំនិតច្នៃប្រឌិត កង្វះខាតនូវគំនិតច្នៃប្រឌិតក៏ធ្វើឱ្យគុណភាពការងាររបស់អ្នកថយចុះដែរ។ គំនិតច្នៃប្រឌិត ឬបង្កើតថ្មីកើតឡើងនៅពេលដែលអ្នកបង្កើតមានគំនិតបញ្ចូលគ្នារវាងរបស់ដែលមានស្រាប់ និងអ្វីដែលថ្មី។

បើនិយាយមួយបែបទៀត គំនិតច្នៃប្រឌិតមិនមែនចាំទាល់តែជាគំនិតថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាអាចជាការបញ្ចូលគ្នារវាងផ្នែកណាមួយនៃគំនិតដែលមានរួចជាស្រេច និងគំនិតបង្កើតថ្មី។ ជួនកាល គំនិតច្នៃប្រឌិត ជាការបញ្ចូលគ្នារវាងគំនិតដែលមានស្រាប់ ៣ឬ៤ ចូលគ្នាក៏បានដែរ។

បើនិយាយឱ្យស្រួលស្ដាប់ ប្រសិនបើអ្នកអាចផ្គុំគំនិត ដែលមានចំនួន ៣ ឬ៤ ឱ្យទៅជាគំនិតតែមួយ នោះហើយ គឺជាអ្វីដែលគេហៅថាការច្នៃប្រឌិត៕

ដកស្រង់ពី៖Sabay