បណ្តាញសង្គម

បង្ហាញ​ប្ដី​ប្រពន្ធ​អ្នក​សិល្បៈ​ល្បី​ៗ​​​៦​គូ​ស្រលាញ់​គ្នា​ចាក់​ទឹក​មិន​លិច

ក្រោយពីរៀបការរួមរស់ជាមួយគ្នាគូស្នេហ៍សិល្បៈមួយចំនួនតែងតែជួបរឿងរ៉ាវរកាំរកូសដាក់គ្នាមិនចេះចប់ ដល់ថ្នាក់សម្រេចចិត្តចែកផ្លូវគ្នាដើររៀងៗខ្លួនក៏មានដែរ។ ប៉ុន្តែក៏មានគូស្នេហ៍សិល្បៈមួយចំនួនទៀត បន្ទាប់ពីរៀបការរួចពួកគេរស់នៅយ៉ាងមានសុភមង្គល ជាមួយស្វាមី និងកូនៗ មិនធ្លាប់លេចឮព័ត៌មានរកាំរកូស ឬពាក់មុខយក្សដាក់គ្នាឡើយ។

ជាក់ស្ដែងប្ដីប្រពន្ធអ្នកសិល្បៈ៦ គូខាងក្រោមនេះ ក្រោយពីរៀបការរួចមិនដែលលេចឮព័ត៌មានឈ្លោះទាស់ទែងគ្នាម្ដងណាឡើយ។ ១/ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាជាទីស្រលាញ់ឈ្មោះ ឡុង ស្រីមុំ មិនមែនជាអ្នកសិល្បៈដូចគ្នាបានជាង២០ ឆ្នាំមកហើយ ព្រមទាំងទទួលបានកូនប្រុសរូបស្រស់សង្ហា ៣នាក់ជាចំណងដៃទៀតផង។

ពិសេសជាងនេះទៅទៀតប្ដីប្រពន្ធលោក ព្រាប សុវត្ថិ មិនធ្លាប់លេចឮព័ត៌មានរស់នៅមិនចុះសម្រុងជាមួយគ្នាឡើយ ផ្ទុយទៅវិញលោករស់នៅយ៉ាងមានសុភមង្គលបំផុតជាមួយភរិយា និងកូនៗ។ ២/ បើនិយាយពីគូស្នេហ៍ យក់ ថិតរដ្ឋា និង ឃុំ ប៊ុណ្ណាដែត វិញពិតជាស័ក្ដិសមជាគូស្នេហ៍សិល្បៈគំរូខ្លាំងណាស់ ព្រោះអ្នកទាំងពីរជាអ្នកសិល្បៈដូចគ្នា ហើយមិនដែលឮព័ត៌មានឈ្លោះទាស់ទែងគ្នាសូម្បីម្ដងណាឡើយ។

រហូតមកដល់ពេលនេះប្ដីប្រពន្ធមួយមួយគូនេះទទួលបានកូនប្រុស២ នាក់ជាចំណងដៃ។ ៣/រីឯតារាចម្រៀង កែវ វាសនា បានរៀបការជាមួយអ្នកនាង លឹម លីសុគន្ធារី ដែលមិនមែនជាអ្នកសិល្បៈដូចគ្នា តែលោករស់នៅយ៉ាងមានសេចក្ដីសុខ។ ជាក់ស្ដែងកាលពីថ្ងៃបុណ្យនៃក្ដីស្រលាញ់កន្លងផុតទៅថ្មីៗនេះលោកបានទិញគ្រឿងពេជ្រមួយឈុតតម្លៃ២ម៉ឺនដុល្លារជាកាដូឲ្យប្រពន្ធទៀតផង។

ចាប់តាំងពីររៀបការរួចមកដល់ពេលនេះ កែវ វាសនា ទទួលបានកូន២នាក់ជាចំណងដៃ។ ចំណែកឯកូនទី២របស់លោកនៅត្រៀមនឹងសម្រាលក្នុងពេលឆាប់ៗនេះហើយ។ ៤/ ក្រឡេកមកចាប់អារម្មណ៍ពិធីកររូបសង្ហា ជា វណ្ណរិទ្ធ វិញលោកពិតជាមានសុភមង្គលខ្លាំងណាស់ជាមួយភរិយា ដែលមិនមែនជាអ្នកសិល្បៈ ព្រោះស្ទើរតែគ្រប់កម្មវិធីទីណាមានប៉ាអូនហ្វេម នៅទីនោះតែងតែមានវត្តមានប្រពន្ធទៅចូលរួមជានិច្ច។ តាំងពីររៀបការមកដល់ពេលនេះលោក ជា វណ្ណរិទ្ធ និងអ្នកនាង បេឡា ទទួលបានកូន២ នាក់ជាចំណងដៃ ហើយកូនទី២របស់លោកត្រៀមសម្រាលក្នុងពេលឆាប់នេះហើយ។

៥/ត្រឡប់មកកាន់ សារ៉ាយ សក្កណា ជីវិតគូនាងមានសុភមង្គលមិនចាញ់គូស្នេហ៍អ្នកសិល្បៈខាងលើនេះឡើយ។ នាងតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី និងកូនស្រី នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដល់ថ្នាក់ធ្វើឲ្យមិត្តភ័ក្ដិសិល្បៈ និងហ្វេនៗមួយចំនួនលួចច្រណែន ព្រោះនាងចេញចូលទឹកដីអាមេរិកដូចទៅផ្សារអូរឫស្សី ចង់ទៅរស់នៅ ឬទៅលេងអាស្រ័យលើនាងជាអ្នកសម្រេច លោក កែវ មន្ត្រី ជាស្វាមីមិនដែលជំទាស់ចិត្តនាងនោះទេ។

៦/ ចំពោះ គង់ ច័ន្ទស្រីមុំ និង គឹម សីហា វិញ អ្នកទាំងពីរគឺជាគូស្នេហ៍សិល្បៈវ័យក្មេង ចូលចិត្តបង្ហាញរូបភាពផ្អែមល្ហែមដូចជាឱបថើបនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Instagram ក្នុងគោលបំណងបង្ហាញប្រាប់ទៅអ្នកគាំទ្រ ព្រមទាំងមិត្តភ័ក្ដិសិល្បៈថា ពួកគេទាំងពីរពិតជាស្រលាញ់គ្នាខ្លាំងណាស់។ មិនយូរទេប្ដីប្រពន្ធមួយគូនេះ នឹងទទួលបានបុត្រជាទីស្រលាញ់ ព្រោះក្នុងពេលនេះ គង់ ច័ន្ទស្រីមុំ មានផ្ទៃពោះជាង៤ ខែហើយ៕

ដកស្រង់ពី៖Sabay