បណ្តាញសង្គម

​​​​​​​សុខ សោម៉ាវត្តី ទម្លាយ​​ខ្ទេច​​​គ្មាន​សល់​​រឿង​​​ពាក់ព័ន្ធជាមួយ លី វ៉ាហេទ

ក្នុងពិធីសម្ពោធ ភាពយន្តខ្នាតធំរឿង "ក្រមុំចាស់ប៉ះក្មេងស្ទាវ" របស់ផលិតកម្ម មហាហង្សនៅ Prime Cineplex ផ្សារទំនើបសុវណ្ណាល្ងាចមិញនេះ អ្នកនាង សុខ សោម៉ាវត្តី ជាតួឯកស្រីក្នុងរឿង បានទម្លាយគ្មានសល់ជុំវិញ រឿងរ៉ាវពាក់ព័ន្ធជាមួយ លីវ៉ាហេទ ។

សុខ សោម៉ាវត្តី បាននិយាយថា ទំនាក់ទំនងខ្លួន និង លីវ៉ាហេទ កន្លងមកក្នុងនាមជាមិត្តភ័ក្ដិ ក្នុងសិល្បៈប៉ុណ្ណោះគ្មានអ្វី លើសពីហ្នឹងនោះទេ។ ហេតុដូច្នេះហើយទើប នាងហ៊ានថតឈុតឆាក ស្នេហាស្និទ្ធស្នាលជាមួយតួឯកប្រុសក្នុងរឿង "ក្រមុំចាស់ប៉ះក្មេងស្ទាវ" ដោយមិនខ្លាច វ៉ាហេទ ប្រចណ្ឌសូម្បីតែបន្តិច។ អ្នកមេម៉ាយចាយសម្រស់រូបនេះថា៖"មានរឿងអ្វីដែល វ៉ាហេទ គាត់មកប្រចណ្ឌខ្ញុំនោះ បើពួកយើងទាំងពីគឺជាមិត្តភ័ក្ដិនឹងគ្នាហ្នឹង បើជាគូស្នេហ៍ ឬសង្សារមកប្រចណ្ឌបានត្រូវ ហើយចំពោះរឿងខ្ញុំ និង វ៉ាហេទ ឧស្សាហ៍ទៅណា មកណាជាមួយគ្នា មកពីគាត់ជាមនុស្សល្អ តែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ និងសប្បាយគ្រប់ពេលនៅក្បែរគាត់"។

ទោះបីជាអ្នកនាង សុខ សោម៉ាវត្តី ព្យាយាមបដិសេធថា ទំនាក់ទំនងខ្លួនជាមួយ លីវ៉ាហេទ ក្នុងនាមជាមិត្តភ័ក្ដិ ដែលរួមការងារ ជាមួយគ្នាក្ដី ក៏អ្នកសិល្បៈ និងមហាជនមួយចំនួន នៅតែគិត និងជឿជាក់ថានាង និងកីឡាករបាល់ទាត់ រូបនេះកំពុងតែមាន ទំនាក់ទំនងស្នេហាយ៉ាង ជ្រាលជ្រៅជាមួយគ្នា តែមិនហ៊ានបង្ហាញឲ្យមហាជនបានដឹងជាសាធារណៈ។ ក្នុងពិធីសម្ពោធរឿងខាងលើ លោក អ៊ិន សុភិន អគ្គនាយកផលិតកម្ម មហាហង្សបានឲ្យដឹងថា" រឿង "ក្រមុំចាស់ប៉ះក្មេងស្ទាវ" នេះដែរផលិតកម្មមហាហង្ស បានចំណាយដើមទុនអស់ ៥ ម៉ឺនដុល្លារក្នុងការផលិត ហើយរឿងមួយនេះគឺជាស្នាដៃកូនខ្មែរពិតមិនបានចំលងពីបរទេសឡើយ។ខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រពីទស្សនិកជន នៅពេលដាក់បញ្ចាំង"។

រឿង"ក្រមុំចាស់ប៉ះក្មេងស្ទាវ" ជាប្រភេទរឿងស្នេហាបែបកាច់កុងរវាងក្រមុំចាស់ និងក្មេងស្ទាវ លាយឡំជាមួយឈុតឆាកកំប្លែង និងអត្ថន័យអប់រំ ជាច្រើនក្នុងរឿង។ រឿង"ក្រមុំចាស់ប៉ះក្មេងស្ទាវ" នឹងត្រូវដាក់បញ្ចាំងនៅរោងភាពយន្ត ទំនើបៗនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបនៅថ្ងៃទី ១ ខែ មីនា ឆ្នាំ២០១៨ ខាងមុខនេះហើយ។ ចូលរួមសម្ដែងដោយ អ្នកនាង សុខ សោម៉ាវត្តី លោក ខេ ម៉ៅ គីមធីតា អូន ឧស្សាហ៍ និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕

ដកស្រង់ពី៖ Sabay