បណ្តាញសង្គម

អូនតូច ជូលី មាន​មហិច្ឆតា​ធំ​ក្នុង​វិស័យ​សិល្បៈ

តារាសម្ដែងវ័យក្មេង និងពោរពេញដោយ បទពិសោធន៍សម្ដែងកុមារី ជា វ៉ាន់ពុទ្ធាលី ហៅ ជូលី បាននិយាយពីគោលបំណង នៅពេលធំឡើងថា ប្អូនស្រីចង់ក្លាយជាកំពូល តារាសម្ដែងប្រចាំប្រទេស។

ការជឿជាក់ ដូច្នេះព្រោះតែប្អូនស្រី ទុកអាជីពសិល្បៈ ជាចំណុចចម្បងរបស់ខ្លួន តាំងពីធំដឹងក្ដីមកម្ល៉េះ ហើយម្យ៉ាងទៀត ការបានចូលសម្ដែងភាពយន្តធំៗ រហូតដល់លំដាប់ហូលីវូដ គឺជាអ្វីដែលជូលីគិតថា នឹងអាចទៅរួចសម្រាប់ មហិច្ឆតាដ៏ធំរបស់ខ្លួន។

ភាពយន្តហូលីវូដដ៏ ល្បីរបស់អ្នកស្រី Angelina Jolie គឺរឿង ”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” គឺតារាវ័យក្មេង ជូលី ក៏បានចូលរួមចំណែកយ៉ាងសកម្ម ធ្វើឱ្យស្នាដៃមួយនេះទទួលការគាំទ្រខ្លាំងពីទស្សនិកជន។ ចំណែកខ្សែភាពយន្តភាគរឿង”ពស់កេងកង” ទើបចាក់បញ្ចាំងចប់លើកញ្ចក់ទូរទស្សន៍ PNN កាលពីពេលថ្មីៗ ក៏ដោយទទួលការគាំទ្រខ្លាំងដូចគ្នា ក៏ជាអ្វីធ្វើឲ្យ ជូលី គិតថា ជាបទពិសោធន៍មួយអាចឱ្យ ប្អូនទទួលយក និងរៀនសូត្របន្ថែម ដើម្បីក្លាយជាតារា លំដាប់ប្រទេសនាពេលខាងមុខ។

ទន្ទឹមស្នាដៃទាំងពីរ តារាសម្ដែងវ័យ ១០ឆ្នាំរូបនេះ កំពុងមានស្នា ដៃថ្មីមួយទៀតគឺរឿង ”គ្រាប់បាល់អង្រួនបេះដូង” កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ដែលប្អូនស្រីសម្ដែងជាតួឯកក្នុងវ័យកុមារភាព។ ស្នាដៃសម្តែងរឿងថ្មីនេះ ធ្វើឱ្យប្អូនស្រីរំពឹងជាខ្លាំងថា នឹងទទួលការគាំទ្រពីទស្សនិកជន។

ក្រៅតែពីស្នាដៃមួយនេះ ជូលី បានបញ្ជាក់ថា នៅពេលស្នាដៃផ្សេងៗ ជាច្រើនទៀត ដែលប្អូនស្រីត្រៀមថត ទាំងរឿងដុំ និងរឿងភាគ។ ការទទួលបានស្នាដៃថ្មីជាបន្តបន្ទាប់ ធ្វើឱ្យប្អូនសប្បាយរីករាយជាខ្លាំង ដែលជាឱកាសមួយអាចឱ្យប្អូន ក្ដោបដើម្បីក្លាយជា តារាលំដាប់ប្រទេស នាពេលធំឡើង។

ចំណុចដ៏ពិសេស មួយទៀតដែល ជូលី នឹងរៀនសូត្រតាម ដើម្បីក្លាយជាតារានាំមុខ ក្នុងពេលឆាប់ៗខាងមុខ គឺរៀនសូត្រពីអ្នកស្រី អម្ពរ ទេវី ដែលប្អូនស្រីចាត់ទុកជាតារាក្នុងដួងចិត្ត និងចង់ឱ្យការសម្ដែងរបស់ខ្លួន ស្ថិតក្នុងភាពកំពូលដូចតារារូបនេះ។

តារាវ័យក្មេងកុមារី ជា វ៉ាន់ពុទ្ធាលី ហៅ ជូលី បានបោះជំហានចូល សិល្បៈតាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ នៅពេលប្អូនរៀនថ្នាក់ទី១។ ឆ្នាំនេះជូលី មានអាយុ ១០ឆ្នាំ និងកំពុងរៀនថ្នាក់ទី៥។ ជូលី មិនអាចរៀបរាប់អស់ទេពី ចំនួនភាពយន្តបានថតរយៈពេល ៥ឆ្នាំ នៃការចូលសិល្បៈរបស់ខ្លួន ដោយគ្រាន់តែដឹងថា ស្នាដៃល្បីខ្លាំងគឺរឿង ”មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ” និងរឿង ”ពស់កេងកង” តែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay