បណ្តាញសង្គម

ប៉ុន្មាន​ម៉ោង​ទៀត​ឡើង​យន្តហោះ នេន ទុំ ដល់​ថ្នាក់​រត់​ទៅ​ស្ទីមសិន

នៅតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ នឹងត្រូវឡើងយន្តហោះឆ្ពោះទៅសហរដ្ឋអាមេរិកជាមួយមិត្តភ័ក្ដិរួមអាជីពផ្សេងទៀត នេន ទុំ ចាប់ផ្ដើមមិនស្រួលខ្លួនមុនបាត់ទៅហើយ ហើយនៅក្នុងខ្លួនមានអាការភ័យព្រួយច្រើន។ អាការបែបនេះ ដោយសារតែលោក ពុំធ្លាប់មានបទពិសោធន៍ទៅសហរដ្ឋអាមេរិកឡើយ។ "ឥឡូវនេះ ខ្ញុំកំពុងនៅកន្លែងស្ទឹមបង ដូចជាមិនស្រួលខ្លួន អារម្មណ៍ដូចចេះតែភ័យៗ ម៉េចមិនដឹងទេ"។

នេន ទុំ រួមជាមួយមិត្តរួមអាជីពផ្សេងទៀតមាន សូដា នីតា និង ជុំ លីណូ នឹងត្រូវឡើងយន្តហោះនៅម៉ោង ១១យប់នេះ។ មុនដើរមកម៉ោងនេះ នេន ទុំ និងមិត្តរួមអាជីពស្ទើរតែមិនបានទៅ ដោយសារការចូលសម្ភាសន៍លើកទី១ នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលលទ្ធផលគួរឲ្យតក់ស្លុត ពោលគឺ ធ្លាក់ទាំងអស់គ្នា ដោយអ្នកខ្លះ មិនទាន់បានសម្ភាសន៍ផង។

ប៉ុន្តែដោយសារមិនអស់ចិត្ត អ្នកឧបត្ថម្ភបានពុះពាររៀបចំឯកសារឲ្យពួកគេចូលសម្ភាសន៍លើកទី២។ ជាលទ្ធផល ពួកគេទទួលលទ្ធផលវិជ្ជមានទាំងអស់គ្នា។ ខុសពី មិត្តរួមអាជីពផ្សេងទៀត ដូចជា សូដា នីតា ជាដើម នេន ទុំ មិនធ្លាប់មានបទពិសោធន៍ទៅជាន់ទឹកដីសហរដ្ឋអាមេរិកនោះឡើយ។

ដោយសារមិនធ្លាប់ផង រយៈពេលទៅសម្ដែងក៏យូរផង ទើបធ្វើឲ្យតារាចម្រៀងរ៉េប ចេះតែគិតច្រើន។ "នេះសម្រាប់អារម្មណ៍ខ្ញុំទេណាបង វាជាអារម្មណ៍ថ្មី ហើយក៏ជាមេរៀនជីវិតថ្មីដែរ ដែលខ្ញុំពិបាកនឹងឆ្លងកាត់។

ទៅដល់ទីនោះ ខ្ញុំត្រូវរៀនរឿងថ្មីៗច្រើន ខ្ញុំមិនស្គាល់ផ្លូវ មិនស្គាល់តំបន់ ទៅបែកម៉ែ បែកឪ និយាយទៅចេះគិតច្រើន ទើបធ្វើឲ្យចេះតែភ័យ"។ បេសកកម្ម នេន ទុំ ទៅសហរដ្ឋអាមេរិកលើកនេះ មានរយៈពេល ៦ខែ មុនពេលលោក ត្រឡប់មកជួបប្រិយមិត្តអ្នកគាំទ្រនៅក្នុងស្រុកវិញ៕

ដកស្រង់ពី៖Sabay