បណ្តាញសង្គម

Samsung បាន​បញ្ចេញ​ពណ៌​ក្រហម​ឆ្អិន សម្រាប់ Galaxy S9 & S9+

រហូតមកទល់ពេលនេះ វាមានរយៈពេលជិត 2 ខែហើយ ដែលក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញ កំពូលស្មាតហ្វូនត្រកូល S

គឺ Galaxy S9 & S9+។ សម្រាប់ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ ក៏ទទួលបានប្រជាប្រិយភាព មិនធម្មតាដែរ ពីសំណាក់អ្នក ប្រើប្រាស់ ដោយវាមានលក្ខណៈសម្បត្តិ ល្អច្រើន រួមទាំងមុខងារថ្មីៗ ជាពិសេស ជាងគេគឺ Galaxy S9+ តែម្តង ដោយលើកនេះ វាមានបំពាក់នូវ កាមេរ៉ាភ្លោះ ព្រមជាមួយ Dual Aperture ថែមទៀត។ ក្នុងនោះ S9 & S9+ គឺមានជម្រើស 5 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ, ពណ៌ស្វាយ, ពណ៌ខៀវ, ពណ៌ផ្កាឈូក និងពណ៌ប្រផេះ។

ត្បិតថាពណ៌របស់ស្មាតហ្វូន វាគ្រាន់តែជាសំបកខាងក្រៅ អាចប្រើស្រោមមកដាក់ ខាងក្រៅទូរសព្ទ ក៏អាចប្តូរពណ៌បាន តាមចិត្តក្តី ប៉ុន្តែសម្រាប់ប្រិយមិត្ត អ្នកប្រើមួយចំនួន អាចនឹងមិនគិត បែបនេះទេ។ យ៉ាងណា នាពេលថ្មីៗនេះ យើងទទួលបាន ដំណឹងថ្មីមួយទៀត តាមរយៈគេហទំព័រ ផ្លូវការរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសចិន ដោយបង្ហាញពី ស្មាតហ្វូនកំពូលជំនាន់ថ្មី Galaxy S9 & S9+ មានបន្ថែមជម្រើស ពណ៌ថ្មី នោះគឺពណ៌ក្រហម (Burgundy Red) ដែលបង្កើត មកជាពិសេស សម្រាប់អ្នកស្រលាញ់ និងចូលចិត្ត ពណ៌ក្រហម។ ចំពោះ Galaxy S9 & S9+ ពណ៌ Burgundy Red នេះ គឺមិនមានអ្វីកែប្រែ ឬបន្ថែមរចនាបថ ផ្សេងឡើយ ដោយនៅផ្នែកខាងក្រោយរបស់វា មានពណ៌ក្រហម ខណៈដែល នៅផ្នែកខាងមុខ គឺនៅតែមានពណ៌ខ្មៅ ដដែល។ រីឯលក្ខណៈសម្បត្តិ និងរូបរាង គឺនៅដដែល ដោយនៅតែមាន លក្ខណៈសម្បត្តិដូចនឹង Galaxy S9 & S9+ ធម្មតាដែរ។ តាមពិតពណ៌ Burgundy Red គឺធ្លាប់បាន បំពាក់នៅលើ Galaxy S8 ម្តងរួចមកហើយ ប៉ុន្តែវាក៏ជាចំនុចល្អ មួយផងដែរ សម្រាប់ការបញ្ចេញ ជម្រើសពណ៌នេះ នៅលើ Galaxy S9 & S9+ បន្ថែមពីលើពណ៌ ដែលមានស្រាប់។

 

សរុបមក នេះគឺជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តណា ដែលស្រលាញ់ពណ៌ក្រហម ព្រោះថាពណ៌នេះ ជាពណ៌ឆាប់ទាក់ភ្នែក អ្នកមើល បានលឿនជាង ពណ៌ធម្មតាផងដែរ។ Galaxy S9 & S9+ ពណ៌ Burgundy Red នេះគឺនឹងត្រូវបាន ក្រុមហ៊ុន Samsung ដាក់លក់សម្រាប់តែ នៅក្នុងប្រទេសចិនប៉ុណ្ណោះ  ហើយយើងនឹងមិនអាច រំពឹងថា វានឹងមានលក់ នៅទីផ្សារស្រុកយើង រឺក៏អត់នោះដែរ។ ហើយចំពោះតម្លៃវិញ ក៏ខាងក្រុមហ៊ុន មិនទាន់ប្រាប់អោយដឹងនៅឡើយ ថាតើវានឹងនៅតែមាន តម្លៃដដែល ឬថ្លៃជាងនោះទេ?

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12404