បណ្តាញសង្គម

Bella ចូលខ្លួន​បំភ្លឺរឿងក្ដី ក្រោយ​ផ្សព្វផ្សាយផលិតផល​មិនឆ្លងកាត់ក្រសួងសុខាភិបាល

នាយកដ្ឋាន នៃក្រសួងសុខាភិបាលសាធារណៈ បានបើកយុទ្ធនាការត្រួតពិនិត្យ ផលិតផលអាហារបំប៉ន ដែលមានឈ្មោះ "Be Curve” របស់តារាសម្ដែងជួរមុខថៃ Bella Ranee ដើម្បីចៀសវាង ការបង្កគ្រោះថ្នាក់ដល់ អ្នកប្រើប្រាស់។

ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៨ លោកបណ្ឌិត កាន់ចុនភិម៉ាយ បានដឹកនាំ កោះប្រជុំក្រុមការងារ ជំនាញខាងត្រួតពិនិត្យ ចំណីអាហារនៃក្រសួងសុខាភិបាល មកពិភាក្សាអំពីករណីរបស់តារាសម្ដែង Bella Ranee ដែលភាគច្រើន គេស្គាល់ថាជា មេណាយការ៉ាកេត ដែលបាននាំយកអាហារបំប៉ន ដែលមានឈ្មោះថា "Be Curve” មកលក់។

ម្ចាស់ផលិតផលនេះ គឺ Bella និង Maprang បានចូលខ្លួនមកដោះស្រាយ ដោយសន្តិវិធី តបទៅនឹងការស៊ើបសួរ របស់ក្រុមការងារនៃក្រសួងសុខាភិបាល។ ម្ចាស់ផលិតផលទាំង ២នាក់នេះ បាននិយាយថា ត្បិតផលិតផលនោះ មិនបានឆ្លងកាត់ក្រសួង ប៉ុន្តែវាជាផលិតផលសុទ្ធ ព្រមទាំងមានការត្រួតពិនិត្យ ទទួលស្គាល់ត្រឹមត្រូវពីក្រុមហ៊ុនសុខភាព 99 New One ទៀតផង។

មួយវិញទៀត ចំពោះការផ្សព្វផ្សាយ លក់ផលិតផល ក៏ធ្វើទៅតាមការពិត ពួកគេមិនបាន បោកប្រាស់ ឬធ្វើអ្វីខុសពីការពិតឡើយ។ ប៉ុន្តែផ្ទុយមកវិញ គឺខាងក្រុមតំណាងចែកចាយទៅវិញទេ ដែលយកផលិតផលផ្សេង ហើយបែរជាកាត់តរូបរបស់ Bella ព្រមទាំងប្រកាសថាជាផលិតផល "Be Curve" ទៅវិញ។ ប្រការនេះ Bella និង Maprang ក៏បានលើកឡើងដែរថា ខ្លួនព្យាយាមហាមឃាត់ដែរ តែនៅតែកើតមានទៀត។

គួរបញ្ជាក់ថា រាល់ផលិតផលទាំងអស់ ពិសេសចំណីអាហារ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ ជាដាច់ខាតពីក្រសួងសុខាភិបាល ចៀសវាងមានបញ្ហាមិន ប្រក្រតីទាក់ទងនឹងសុខភាពរបស់អ្នកប្រើប្រាស់ ហើយនេះក៏ជាកាតព្វកិច្ច ចម្បងរបស់ពួកគេផងដែរ៕ 


 

ដកស្រង់ពី៖ Sabay