បណ្តាញសង្គម

Qualcomm រៀប​គម្រោង​រួច​ជា​ស្រេច ក្នុង​ការ​បញ្ចេញ​ឈីប​ទ្រ​ទ្រង់​ប្រព័ន្ធ 5G ក្នុង​ឆ្នាំនេះ!

ក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅលើពិភពលោកដូចជា Qualcomm, Samsung, MediaTek និង Huawei នោះពួកគេកំពុងតែជម្រុញនូវ សង្វាក់ផលិតកម្មរបស់គេ

ដើម្បីឲ្យច្បាស់ថា បន្ទះឈីបរបស់ខ្លួនដែលបំពាក់លើទូរសព្ទ ឆ្នាំក្រោយនេះ ប្រាកដជាត្រូវតែមាន កម្លាំងខ្លាំង និងអាចទ្រទ្រង់នូវ ល្បឿនអ៊ីនធើណេតលឿន ដើម្បីឲ្យទាន់ចិត្ត អ្នកប្រើប្រាស់។ ជាក់ស្ដែង សេវាអ៊ីនធើណេតប្រព័ន្ធ 5G ទើបតែបានប្រកាសចេញ កាលពីប៉ុន្មាន ខែមុននេះ ហើយក៏នឹងចាប់ផ្ដើម ដាក់ប្រើប្រាស់សាកល្បង នៅសហរដ្ឋអាមេរិច នៅចុងឆ្នាំនេះ ផងដែរ។ អញ្ចឹងហើយ បានជាក្រុមហ៊ុន Qualcomm បានប្រកាសជា ផ្លូវការថា ខ្លួននឹងបញ្ចេញបន្ទះឈីប ទ្រទ្រង់ប្រព័ន្ធ 5G នៅចុងឆ្នាំនេះ ហើយទូរសព្ទ ដែលបំពាក់ឈីប 5G របស់ខ្លួននឹងអាចបង្ហាញខ្លួន នៅដើមឆ្នាំ ២០១៩ តែម្ដង។

លោក Durga Prasad Malladi ជានាយករងវិស្វកម្មជាន់ខ្ពស់ (Engineering Senior Vice President) របស់ក្រុមហ៊ុន Qualcomm បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បានចុះកុងត្រា ជាមួយនឹងក្រុមហ៊ុនទូរសព្ទជាច្រើន រួចមកហើយថា នឹងបញ្ចេញនូវឈីប ដែលទ្រទ្រង់សេវា 5G ឲ្យបានទាន់នៅក្នុងឆមាសទី ២ ឆ្នាំ ២០១៨ ខាងមុខនេះ ដើម្បីត្រៀមខ្លួនរួចរាល់ សម្រាប់បំពាក់លើកំពូលទូរសព្ទ ដែលបានចេញដើមឆ្នាំ ២០១៩។ ប៉ុន្តែជាដំណាក់កាល ដំបូងនេះ ប្រព័ន្ធ 5G មិនទាន់អាចប្រើប្រាស់ ទាំងអស់នៅលើពិភពលោក បានទេ ពោលគឺវាស្ថិតនៅតាម តំបន់តែប៉ុណ្ណោះ ជាក់ស្ដែងសម្រាប់ក្រុមហ៊ុន ប្រព្រ័ន្ធសេវាទូរសព្ទ ដូចជា AT&T, T-Mobile និង Sprint នៅសហរដ្ឋអាមេរិច គេបានអះអាង រួចមកហើយថា ការផលិតប្រព័ន្ធ 5G សម្រាប់អតិថិជន នឹងមកដល់នា ពេលឆាប់ៗនេះ។ ចំណែកឯក្រុមហ៊ុនចិន ZTE វិញក៏បានអះអាង ដូចគ្នាអញ្ចឹងដែរ នៅចាំតែក្រុមហ៊ុន OEM នានា (ក្រុមហ៊ុនផ្គត់ផ្គង់ ផ្នែករឹងនៃទូរសព្ទដៃ ថេប្លេត កុំព្យូទ័រ -ល-) ដើម្បីបញ្ចេញនូវ ផ្នែករឹងខ្លាំង ដើម្បីដំណើរការ បានតែប៉ុណ្ណោះ។ អញ្ចឹងហើយទើបក្រុមហ៊ុន Qualcomm ក៏នឹងព្យាយាម ដុតដៃដុតជើង ប្រញាប់បញ្ចេញ ឈីបកំពូលថ្មីផងដែរ ហើយអ្វីដែលយើងនឹង រំពឹងទៅលើប្រព័ន្ធ 5G ពីក្រុមហ៊ុន Qualcomm នោះគឺឈីបទំហំ ៧ ណាណូម៉ែត្រ Architecture ថ្មីរបស់គេ ដែលអាចនឹងមាន ឈ្មោះថា Snapdragon 855។

 

លោក Malladi បានបន្ដថា សម្រាប់ប្រព័ន្ធ 5G ដែលគេនឹងប្រើប្រាស់ គឺមានកម្រិតហ្វ្រេកង់ខ្ពស់ល្អ ងាយស្រួលនៅក្នុងការ ចាប់បានលឿន ដែលវាស្ថិត នៅលើប្រព័ន្ធ 4G LTE ពោលគេហៅថា Voice over LTE ឬហៅកាត់ថា VoLTE ដែលយើងបាន ឃើញរួចមកហើយ។ ចំណែកការ ពង្រឹងប្រព័ន្ធ 5G នៅដំណាក់កាលដំបូងនេះ គេនឹងប្រើប្រាស់ នៅលើឈីបលំដាប់កំពូល ជាមុនសិន អញ្ចឹងសម្រាប់អ្នក ប្រើប្រាស់ស្មាតហ្វូនលំដាប់ កំពូលដូចជា Snapdragon 800 Series ទើបទទួលបាន បទពិសោធន៍ 5G VoLTE នេះ ប៉ុន្តែក៏មិនមែនមាន ន័យថាបានតែ Flagship នោះដែរ ព្រោះក្រុមហ៊ុន Qualcomm នឹងបំពាក់ បច្ចេកវិទ្យានេះ នៅលើឈីបលំដាប់ កណ្ដាលផងដែរ ដូចជា Snapdragon 600 Series ជាដើម គ្រាន់តែមិនអាច នៅក្នុងឆ្នាំនេះទេ ដោយអាចនៅចុងឆ្នាំ ២០១៩ ឬ ២០២០ ក៏ថាបានដែរ ព្រោះត្រូវ រង់ចាំប្រព័ន្ធ 5G បានអភិវឌ្ឍន៍ បានទូលំទូលាយ ជាមុនសិន នៅជុំវិញពិភពលោក។ លើសពីនេះ ក្រុមហ៊ុន Qualcomm ក៏មានទស្សនវិស័យ ដើម្បីអភិវឌ្ឍន៍បន្ទះឈីបខ្លាំង ដែលមាន បច្ចេកវិទ្យា 5G VoLTE ដើម្បីបំពាក់ជាមួយនឹងកុំព្យូទ័រ NoteBook និង Ultra-Book នានាផងដែរ ហើយយើងនឹង បានឃើញនៅ ឆ្នាំក្រោយនេះ។

 

សរុបមក ប្រព័ន្ធ 5G VoLTE គឺពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ការប្រើប្រាស់ របស់យើង ដើម្បីអភិវឌ្ឍន៍នូវដំណើរការ ឲ្យបានកាន់តែលឿន ជាងមុនទៅទៀត ដោយវាត្រូវបានការ ក្រុមហ៊ុនផ្ដល់សេវា ទូរសព្ទនានា សហការជាមួយនឹង ក្រុមហ៊ុនផ្គត់ផ្គង់ ផ្នែករឹង ព្រមទាំងមានការចូលរួម ពីក្រុមហ៊ុនផលិតនូវ ប្រព័ន្ធប្រតិបត្តិការណ៍ ផងដែរ ដូចជា Google និង Apple ជាដើម។ យ៉ាងណាមិញ ការប្រើប្រាស់ប្រព័ន្ធ 5G នេះ យើងនឹងបានឃើញ នៅក្នុងសហរដ្ឋអាមេរិច មុនគេបង្អស់ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ អញ្ចឹងសូមរង់ចាំមើល ល្បឿននៃដំណើរការ របស់វាទាំងអស់គ្នា ដើម្បីចង់ដឹងថា វានឹងមានល្បឿនលឿន ប៉ុណ្ណា?

ដកស្រង់ចេញពីhttp://www.cambo-report.com/article/12529