បណ្តាញសង្គម

ស្ងាត់ៗ​លេច​មុខ OPPO R17 ល្ហិចល្ហៀង​ថ្លៃ​លើស ១ ពាន់​ដុល្លារ

អ្នកប្រាកដជាភ្ញាក់ផ្អើល ជុំវិញការបង្ហាញខ្លួន ម៉ូឌែល Find X កាលពីពេលកន្លងទៅ ប៉ុន្តែក្រុមហ៊ុនយក្សប្រទេសចិន ដែលកំពុងមានឈ្មោះបោះសំឡេង លើទីផ្សារអន្តរជាតិ ស្រាប់តែបន្តចេញផ្សាយត្រកូល R17 មួយម៉ូឌែលផ្សេងទៀត បំពាក់មុខងារ ស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ RAM ធំដល់ 8GB និង ROM 128GB លាយឡំស្នាមឆកអេក្រង់តូចជាងមុន កាត់តាមទម្រង់ Oppo F9។

តាមការឲ្យដឹង R17 នឹងបំពាក់ឈីប Snapdragon 670 ប្រភេទ 10nm ជំនាន់ថ្មី លាយឡំអង្គគណនា CPU 2x Kryo 260 cores ល្បឿន 2GHz និង 6x Kryo 360 cores ល្បឿន 1.7GHz អម GPU Adreno 615។

អេក្រង់ធុនខ្ពស់ AMOLED ទំហំ ៦,៤ អ៊ីញ កម្រិត Full HD+ មាត្រដ្ឋាន ១៩:៩ ផ្ទៃពេញ ៩១,៥ ភាគរយ លាក់កាមេរ៉ាមុខទំហំ 25MP មាន Aperture f/2.0 ជាមួយមុខងារ Selfie Master ធ្លាប់មានលើ Find X និងបន្ថែមមុខងារឆ្លាតវៃ AI។

តួក្រោយរចនាស្រស់ស្អាត បន្សល់ត្រឹមកាមេរ៉ាភ្លោះពីរគ្រាប់ទំហំ 16MP និងមួយគ្រាប់ទៀត នៅមិនទាន់បង្ហើបប្រាប់ អមគ្រាប់ LED Flash ដំណើរការលើ Android 8.1 Oreo បន្សុទ្ធដោយផ្ទៃ Interface ColorOS 5.2 គាំទ្រមុខងារសាកថ្មរហ័ស VOOC Flash Charge ដោយមានថាមពលថ្មធំ ៣ ៥០០mAh។

ម៉ូដែលនេះ ត្រៀមប្រកាសលក់ជាផ្លូវការនាថ្ងៃទី ១៨ សីហា ឆ្នាំ ២០១៨ ប៉ុន្តែតាមតម្លៃភ័ន្តច្រឡំបង្ហោះលើគេហទំព័រផ្លូវការថ្លៃខ្ពស់ដល់ ៩៩ ៩៩៩ យន់ឬក្បែរ ១៤ ៥០០ ដុល្លារ ផ្ទុយទៅវិញមានការផ្តល់មតិថាតម្លៃពិតរំពឹងត្រឹមតែជាង ១ ៤៥០ ដុល្លារ ប៉ុណ្ណោះទេ។

យ៉ាងណាមិញមានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា ព្រោះតម្លៃនេះបើធៀបនឹង Find X ធុនខ្ពស់របស់ Oppo បច្ចុប្បន្នហាក់ខុសគ្នាឆ្ងាយដល់ទៅ ៥ សន្លឹកឯណោះ៕

ដកស្រង់ពី៖ Sabay