បណ្តាញសង្គម

ស្មាតហ្វូនស៊េរីថ្មី Nokia Lumia 630 ដំណើរការដោយ Window Phone 8.1 មានក្តាចុច ជាភាសារខ្មែរ បានបង្ហាញខ្លួន​នៅកម្ពុជាហើយ

ភ្នំពេញ៖ ទូរសព្ទ័ប្រភេទស្មាតហ្វូនស៊ីម2 Nokia Lumia 630 ដែលដំណើរការ ដោយប្រពន្ធ័ប្រតិបត្តិការ Window Phone 8.1 ជាមួយ CPU 1.2 Quad-Core មានតម្លើងក្តាចុច (keyboard) ជាភាសាខ្មែររួចជាស្រេច បានមកដល់ទីផ្សារ ប្រទេសកម្ពុជាហើយ។ Nokia កម្ពុជា (សាខាក្រុមហ៊ុន Microsoft Mobile Device) បានធ្វើការតាំងបង្ហាញ និងណែនាំ ដល់អ្នកសារព័ត៌មានជាតិ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ 2014 នៅ KTH Power Mall មុខស្ថានទូតចិន មុននឹងត្រូវចេញលក់ជាផ្លូវការ លើទីផ្សារកម្ពុជានៅដើមខែមិថុនានេះ។

លោក Gary Chan ប្រធានតំបន់ផ្នែកទីផ្សារ នៃក្រុមហ៊ុន Microsoft Mobile Device បានឲ្យដឹងថា ទូរស័ព្ទស្មាតហ្វូនស៊ីម2 ម៉ូឌែលថ្មីនេះ មិនត្រឹមតែផ្តល់នូវ បទពិសោធន៍ល្អ ដែលមានអង្គដំណើរការ Quad-Core អេក្រង់ភ្លឺត្រជាក់ភ្នែក ប្រភេទ Clear Black ទំហំ 4.5អ៊ីញ ប៉ុណ្ណោះទេ តែថែមទាំងផ្តល់ជូន ក្នុងតំលៃពិសេសត្រឹមតែ 170ដុល្លាអាមេរិច ក្នុងមួយគ្រឿង។ ទូរសព្ទ័ Lumia 630 ស៊ីម2នេះ មានរូបរាងស្រស់ស្អាត នឹងប្រមូលផ្តុំទៅដោយមុខងារ គួរអោយចាប់អារម្មណ៍ជាច្រើន ដែលកាលពី គ្រាមុនមានតែ នៅលើទូរសព្ទ័ស្មាតហ្វូន Lumia លំដាប់ខ្ពស់ប៉ុណ្ណោះ។

ទូរសព្ទ័ ស្មាតហ្វូនដែលដំណើរការដោយ Window 8.1 នេះ មាន5ពណ៌សំរាប់ជ្រើសរើស មានបំពាក់ខាមេរ៉ាទំហំ 5មេហ្គាភិចសែល និងអាចថែម អង្គចងចាំរហូតដល់ទៅ 128GB ឋាមពលថ្មប្រើបានយូរ មានកម្មវិធីហាត់ប្រាណ និងវាស់ចង្វាក់បេះដូង ផ្តល់នូវកម្មវិធីកំសាន្តកាន់តែច្រើន ដូចជា Xbox Game។ សំរាប់ការទំនាក់ទំនង ជាមួយបណ្តាញសង្គមនានា មានភាពងាយស្រួល ហើយសំបកក្រៅ ត្រូវបានរចនាឡើងដោយ វត្ថុធាតុប៉ូលីកាបូណាត អាចផ្លាស់ប្តូរបាន។

បើតាមប្រសាសន៌ លោក ហ្គារី ចាន់ ការបន្ស៊ីគ្នារវាង Lumia និង Window 8.1 បានលើកកម្ពស់បទពិសោធន៍ ប្រើប្រាស់បានយ៉ាងប្រសើរ ជាមួយនិងកម្មវិធី Action Center ដោយគ្រាន់តែទាញចុះ ពីផ្នែកខាងលើ នៃទូរសព្ទ័ចុះមកក្រោម ដើម្បីមើលសម្រង់ព័ត៌មានថ្មីៗ ពីបណ្តាញសង្គម និងអាចកំណត់ មុខងារផ្សេងៗ នៅក្នុង Setting។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី មៃក្រូសូហ្វបៀល(Microsoft Build) ដែលបានធ្វើឡើង នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិច  បានប្រកាសអំពីស្មាតហ្វូន Lumia ចំនួន៣ម៉ូឌែល គឺNokia Lumia 930, Nokia Lumia 635 និងNokia Lumia 630 ដែលដំណើរការ ដោយប្រពន្ធ័ប្រតិបត្តិការ ដែលទើបបានធ្វើការកែលំអរថ្មី គឺ Window Phone 8.1 រួមទាំងលក្ខណៈថ្មីៗមួយចំនួនទៀត ដែលមានតែក្នុងទូរសព្ទ័ Nokia Lumia តែប៉ុណ្ណោះ៕