បណ្តាញសង្គម

ភាពខុស​គ្នារវាង Chinese Version និង Global Version លើ​ស្មាត​ហ្វូន Xiaomi, Honor និង OnePlus

    សព្វថ្ងៃនេះ យើងសង្កេតឃើញថា ទីផ្សារទូរសព្ទចិន ហាក់ដូចជាឡើងកូដ ខ្លាំងមែនទែន បើធៀបទៅកាលពីប៉ុន្មានឆ្នាំមុន

ដែលធ្លាប់តែជាទូរសព្ទ មិនធ្លាប់មានគេអោយតម្លៃ ហើយខ្ញុំជឿថា ប្រិយមិត្តដែលកំពុងតែ អានអត្ថបទនេះ ប្រាកដជា មានមួយភាគធំ ដែលធ្លាប់បានប្រើ ទូរសព្ទចិននៅក្នុងស្រុកយើងដែរ កាលពីប៉ុន្មានឆ្នាំមុន។ ជាក់ស្តែង បើយើងសង្កេតមកមើលបច្ចុប្បន្ននេះ ឃើញថាបណ្តាក្រុមហ៊ុនធំៗដែលធ្លាប់ និងកំពុងតែគ្រងតំណែងទីផ្សារស្មាតហ្វូន ដូចជានៅអាមេរិក ជាដើម គឺដេកមិនសូវលក់ប៉ុន្មានទេ ដោយសារតែចិនពេលនេះ មិនដូចពីមុនឡើយ ក្រុមហ៊ុនទូរសព្ទ រីកដូចផ្សិត ដូចជា ក្រុមហ៊ុនធំៗ Xiaomi, Honor និង OnePlus ជាដើម។ ក្រុមហ៊ុនទាំងនេះ បានកំពុងតែប្រឹងប្រែង ស្វាហាប់ខ្លាំងមែនទែន ដើម្បីដណ្តើមទីផ្សារទូរសព្ទ ឈរលើតារាងកំពូលគេ នៅលើពិភពលោក តែម្តង ឯចំនួនអ្នកប្រើប្រាស់ ក៏កើនឡើងគួរអោយកត់សម្គាល់ ផងដែរ។

ជាការពិតណាស់ ចំពោះស្មាតហ្វូន Android មិនថារបស់ក្រុមហ៊ុន Xiaomi, Honor ឬ OnePlus នោះទេ គឺវាមានបែងចែកជា 2 ប្រភេទ សម្រាប់ដាក់លក់នៅលើទីផ្សារ ដោយមួយជា Chinese Version និងមួយទៀតជា Global Version។ ដោយសារតែការបែងចែកបែបនេះហើយ ទើបធ្វើអោយប្រិយមិត្តមួយចំនួន បានផ្ញើសារមកកាន់ក្រុមការងារ ខេមបូរីផត របស់យើង ជាមួយសំណួរថា តើរវាង Version ទាំង 2 ហ្នឹង មានភាពខុសគ្នា យ៉ាងម៉េចខ្លះ?អញ្ចឹងនៅក្នុងពេលនេះ យើងនឹងធ្វើការស្រាយចម្ងល់ខាងលើ មកបង្ហាញជូន ដូចខាងក្រោម លើចំនុចមួយគោលធំៗចំនួន 2 ដែលប្រិយមិត្តអាចកត់សម្គាល់បាន៖

•    ផ្ទាំងស្បែកស្រោប (UI)

    ជាទូទៅ សម្រាប់ទូរសព្ទដែលជា Chinese Version គឺវាមានអមកម្មវិធីចិន តាំងបង្ហាញនៅលើ Home Screen ជាអក្សរចិន រួមជាមួយកម្មវិធីខ្លះ ជាអក្សរអង់គ្លេស ប្លែកពី Global Version ដែលមានកម្មវិធីដើម ដូចជា Stock របស់ Google តែម្តង។ លើសពីនេះ ទូរសព្ទ Chinese Version ដែលចរាចរណ៍ក្នុងប្រទេសចិន គឺមិនមានប្រើ Google Services នោះទេ មិនថា Google Maps, Google Play និងកម្មវិធីផ្សេងៗ ជាដើមនោះ ដោយវាប្រើប្រាស់ Store របស់ចិន ដោយផ្ទាល់តែម្តង ដើម្បីជំនួសសេវាកម្ម Google។ អញ្ចឹងបើសិន អ្នកទាំងអស់គ្នា មិនចង់ប្រើផ្សារកម្មវិធីរបស់ចិន (App Store) តែចង់ប្រើ Google Play Store របស់ Google គឺតម្រូវអោយអ្នកតម្លើង ដោយខ្លួនឯង ដែលអាចស្រាវជ្រាវពីរបៀបតម្លើងបន្ថែមបានក្នុង Google (បញ្ជាក់៖ នេះមិនមែនជាវិធីផ្លូវការ ផ្តល់ដោយ Google នោះទេ វាជាការបំបែកដោយក្រុម Unofficial Developers តែប៉ុណ្ណោះ)។ 

-សម្រាប់ OnePlus គឺងាយស្រួលចំណាំ ដោយ Chinese ប្រើ Hydrogen OS ឯ Global ប្រើ Oxygen OS។

 

 

•    ការធានាលើការប្រើប្រាស់ និងកម្រិតសេវា

 

      ចូលដល់ចំនុចនេះ មិនពិបាកគិតឡើយ គឺថាទាំងទូរសព្ទ Chinese Version និង Global Version សុទ្ធតែមានការធានាជូនដោយផ្ទាល់ ពីខាងក្រុមហ៊ុន Xiaomi, Honor ឬ OnePlus ដូចគ្នា គ្រាន់តែចំពោះ Chinese Version ទទួលបានការធានាជូន សម្រាប់តែអ្នកប្រើប្រាស់ទូរសព្ទ នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ ខុសពី Global Version ដែលមានតំណាងធំៗ តាមបណ្តាប្រទេសនីមួយៗ ដើម្បីផ្តល់ការធានាជូន សម្រាប់ប្រទេសនោះ។ ចំពោះកម្រិតសេវា វាមិនសូវចោទជាបញ្ហាប៉ុន្មានឡើយ បើទោះជា Chinese Version ត្រូវបានយកមកប្រើនៅស្រុកយើងក៏ដោយ  ដោយម៉ាស៊ីនដែលជួបភាពរអាក់រអួល មានតិចតួចប៉ុណ្ណោះ។

 


 

    ដូច្នេះ សរុបមកវិញ ចំនុចគោលដែលយើងបានបង្ហាញ គឺជាការស្រាយចម្ងល់របស់ប្រិយមិត្ត ដែលចង់ដឹងភាពខុសគ្នារវាង Chinese Version និង Global Version នៅលើទូរសព្ទ។ ចម្លើយយ៉ាងណាខ្លី ដែលយើងចង់បញ្ជាក់នោះ គឺថាបើអ្នកចង់ទិញស្មាតហ្វូនយកទៅប្រើប្រាស់នោះ គួរតែជ្រើសរើសប្រភេទ Global Version ដោយវាផ្តល់ភាពទូលំទូលាយច្រើនលើ Stock នៃកម្មវិធីរបស់ Google មិនដូច Chinese Version ឡើយ ហើយម្យ៉ាងវិញទៀត អ្នកនឹងទទួលបានការធានាយ៉ាងត្រឹមត្រូវ ពីក្រុមហ៊ុនដែលមានទីតាំងប្រចាំនៅក្នុងប្រទេសយើង ផងដែរ។

 

 

    បញ្ជាក់បន្ថែម៖ មកទល់ពេលនេះ សម្រាប់ Chinese Version មិនសូវមានវត្តមានច្រើន ដូចកាលពីមុនឡើយ ចាប់ពីមានក្រុមហ៊ុនពេញសិទ្ធ បើកដំណើរការ នៅក្នុងកម្ពុជាយើង ហើយទៅថ្ងៃមុខទៀត វាអាចនឹងលែងមាន ថែមទៀតផង។

 ដកស្រង់ចេញពី@http://cambo-report.com/article/14782