បណ្តាញសង្គម

ស្មាតហ្វូនម៉ូឌែល A1 ជាត្រកូល​ថ្មី​របស់​ក្រុមហ៊ុន Realme ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ឆ្នាំ​ក្រោយ!

Realme ដែលជាប្រ៊េនថ្មីមួយរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ដោយវាមានទីតាំង និងរោងចក្រផលិត

នៅក្នុងប្រទេសឥណ្ឌា និងបានចាប់ផ្តើមដំណើរការ បើកប្រកាសបង្ហាញជាលើកដំបូង នៅក្នុងខែឧសភា ឆ្នាំ 2018 កន្លងទៅ។ រហូតមកដល់ពេលនេះ Realme បានបញ្ចេញស្មាតហ្វូន ដាក់លក់នៅលើទីផ្សារ បានចំនួន 5 ម៉ូឌែលហើយ រួមមាន Realme 1, Realme 2, Realme 2 Pro, Realme C1 និង Realme U1 ដែលសុទ្ធសឹងជាទូរសព្ទស្ថិតនៅធុនកណ្តាល មានលក្ខណៈសម្បត្តិ ជាមួយកម្លាំងម៉ាស៊ីន គ្រាន់បើអាចទទួលយកបាន ទៅតាមម៉ូឌែលនីមួយៗ និងមានតម្លៃល្មមពិចារណា ផងដែរ។

យ៉ាងណាក៏ដោយ ស្របពេលដែលឆ្នាំថ្មី ជិតឈានចូលមកដល់ យើងក៏ទទួលបានរបាយការណ៍ថ្មីមួយ ដែលបង្ហើបអោយដឹងថា ក្រុមហ៊ុន Realme កំពុងត្រៀមបញ្ចេញស្មាតហ្វូនត្រកូលថ្មី គឺ A1 ដែលវានឹង បង្ហាញខ្លួននៅដើមឆ្នាំ 2019 ខាងមុខនេះ។ ចំពោះម៉ូឌែលទូរសព្ទ Realme A1 នោះ ក៏ត្រូវ បានប្រភព បង្ហាញបន្ថែម ទៅលើលក្ខណៈសម្បត្តិមួយចំនួន ផងដែរ ដោយអេក្រង់របស់វា អាចមានទំហំ 6.2 អ៊ីញ  (ដូចម៉ូឌែល Realme U1 ដែរ) មានម៉ូតតំណក់ទឹក ជាកន្លែងដាក់កាមេរ៉ាខាងមុខ ទុកសម្រាប់អោយថត Selfie។ ចំពោះកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ អាចមានមួយគ្រាប់ទំហំ 13 មេហ្គាភិចសែល ជាកា មេរ៉ាគោល និងមួយគ្រាប់ទៀត មានទំហំ 2 មេហ្គាភិចសែល ជាសេនស័រថតព្រាល។

Realme ម៉ូឌែល A1 នេះ អាចមានតម្លៃខ្ទង់ 149 ដុល្លារ និងអាចមានជម្រើស 2 ពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ និងពណ៌លឿង។ ស្មាតហ្វូនមួយនេះ ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Realme អាចនឹងប្រកាស ចេញ នៅក្នុងខែមករា ឬខែកុម្ភៈ ឆ្នាំ 2019 ខាងមុខ។ យ៉ាងណា ចំពោះលក្ខណៈសម្បត្តិទាំងប៉ុន្មាននេះ គឺ ស្ថិតនៅក្នុងប្រភពមិនទាន់ផ្លូវការ នៅឡើយទេ ដើម្បីអោយកាន់តែច្បាស់ មានតែរង់ចាំពេលខាង Realme ដាក់បង្ហាញដោយផ្ទាល់ប៉ុណ្ណោះ។

ដកស្រង់ចេញពីhttp://cambo-report.com/article/14939