បណ្តាញសង្គម

World ​Cup​ នៅ​​ប្រេ​ស៊ី​ល​ ​រួម​ចំណែក​​ទាញ​​ទម្លាក់​​ ភ្ញៀវ​ទេសចរ​​ នៅ​​ខេត្ត​សៀម​រាប

សៀមរាប៖ បញ្ហានយោបាយ នៅប្រទេសជិតខាង វាជារឿងមួយហើយ ប៉ុន្តែអ្វីដែលមិនអាច ប្រកែកបាននោះ ការធ្លាក់ចុះ ចំនួនទេសចរ នៅខេត្តសៀមរាប គឺបណ្តាលមកពីព្រឹត្តិការណ៍ World Cup។ ភ្ញៀវអឺរ៉ុបជាច្រើន បានបង្វែរកញ្ចប់ទេសចរណ៍ ពួកគេ ទៅប្រទេសប្រេស៊ីល  ដើម្បីទស្សនាព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក។

មគ្គុទេ្ទសក៍ទេសចរណ៍ (អ្នកនាំភ្ញៀវ) ខេត្តសៀមរាប គ្រប់ភាសាមិនតិចទេ ដែលកំពុងសម្រាកក្នុងខែនេះ។ ភ្ញៀវទេសចរ មានការធ្លាក់ចុះ ព្រោះជាខែដែល ភ្ញៀវសម្រាក មិនដើរកកម្សាន្ត។ ប៉ុន្តែ ការធ្លាក់ចុះភ្ញៀវទេសចរដ៏គំហុក ខុសពីពេលមុនៗនេះ  បានធ្វើឲ្យមានការទាញមូលហេតុផ្សេងៗគ្នា។ ការបាត់យន្តហោះ នៅប្រទេសម៉ាឡេស៊ី ជម្លោះដែនកោះ រវាងវៀតណាមនិងចិន ការធ្វើរដ្ឋប្រហារនៅប្រទេសថៃ សុទ្ធសឹងជារនាំង ធ្វើឲ្យអ្នកទេសចរ មិនអាចឆ្លង បង្ហួសមកកម្ពុជាបាន។ មគ្គុទេ្ទសក៍ទេសចរ មួយចំនួន បានអះអាងថា ព្រឹត្តិការណ៍ World Cup ក៏ជាដើមទងសំខាន់ ក្នុងការទាញទម្លាក់ ចំនួនភ្ញៀវទេសចរ ក្នុងខេត្តសៀមរាបនេះផងដែរ។

«ខ្ញុំគត់សម្គាល់ឃើញថា World Cup ក៏អាចជាមូលហេតុមួយ ដែលធ្វើឲ្យភ្ញៀវធ្លាក់ចុះផងដែរ បន្ថែមពីលើបញ្ហា នៃប្រទេសជិតខាង»។ នេះជាការកត់សម្គាល់ របស់មគ្គុទេ្ទសក៍ ផ្នែកភាសាអេស្ប៉ាញ និងបារាំងនៅខេត្តសៀមរាប លោក យឿន ពិសិដ្ឋ។

លោក ពិសិដ្ឋ បានធ្វើការប្រៀបធៀប ចំនួនភ្ញៀវក្នុងខែដូចគ្នា ទៅនឹងឆ្នាំមុនថាមានការខុសគ្នា ប្រហែលពី៣០ទៅ៤០ភាគរយ ជាពិសេស ភ្ញៀវជនជាតិអេស្ប៉ាញ។ អ្នកនាំភ្ញៀវពោរពេញ ទៅដោយបទពិសោធន៍រូបនេះ យល់ថា ភ្ញៀវមួយចំនួន បានបង្វែរកញ្ចប់ទេសចរណ៍ ទៅកាន់ប្រទេសប្រេស៊ីល ដើម្បីមើលបាល់ទាត់ ព្រោះថាកញ្ចប់ទេសចរណ៍ នៅទីនោះ ក៏មិនសូវថ្លៃ ប៉ុន្មាននោះដែរ។

លោក ម៉ៃ ស៊ីដា ក៏បានអះអាង ស្រដៀងគ្នានេះដែរ។ មគ្គុទេ្ទសក៍ផ្នែក ភាសាជប៉ុន-កូរ៉េ រូបនេះ បានសម្គាល់ឃើញថា ភ្ញៀវមានសភាព ស្ងប់ស្ងាត់ខុសពីឆ្នាំទៅមុន។ «ភ្ញៀវរិតតែស្ងាត់ ព្រោះពួកគេជាប់រវល់ មើលបាល់ទាត់»។ នេះជាការលើកឡើងរបស់លោក ស៊ីដា។

ទោះជាយ៉ាងណា ក៏ដោយ លោក ស៊ីដា នៅតែយកបញ្ហាប្រទេសជិតខាង ជាដើមហេតុសំខាន់ ដែលធ្វើឲ្យបាត់ ភ្ញៀវមកកំសាន្ត នៅខេត្តសៀមរាបនេះ។ លោកបញ្ជាក់ថា៖« ក្រុមហ៊ុនទេសចរណ៍ នៅសៀមរាប ភាគច្រើនតិចភ្ញៀវពីប្រទេសវៀតណាម និងថៃ។ ប៉ុន្តែពេលប្រទេសទាំងនោះ មាន បញ្ហាហើយ យើងក៏មិនអាចជៀសផុតដែរ មានតែរកឳកាស ធ្វើយ៉ាងម៉េច យកភ្ញៀវមកផ្ទាល់ តែមកម្តង ទើបមិនប៉ះពាល់»។

មគ្គុទេ្ទសក៍មួយចំនួន មិនបានយល់ឃើញដូច្នោះឡើយ។ លោក សំណាង ដែលអ្នកនាំភ្ញៀវផ្នែក ភាសាអង់គ្លេសនៅ ខេត្តសៀមរាប ជាង១០ឆ្នាំមកហើយនោះ បានអះអាងថា World Cup មិនមែនជាអ្នកទាញទម្លាក់ ភ្ញៀវរបស់លោកនោះទេ។ ការបាត់យន្តហោះ របស់ម៉ាឡេស៊ី បញ្ហាវៀតណាមនិងចិន រដ្ឋប្រហារក្រុមយោធា ថៃទៅវិញទេ ដែលលោក សំណាង ឃើញថា ជាដើមហេតុពិតប្រាកដ។

ទោះជាយ៉ាងណាក៏ដោយ មគ្គុទេ្ទសក៍រូបនេះ មិនបដិសេធពីការធ្លាក់ចុះ ភ្ញៀវទេសចរ ភាគច្រើនជាជនជាតិអឺរ៉ុប ដែលគេដឹង ជាអ្នកងប់ងល់ នឹងកីឡានោះទេ។ លោកបញ្ជាក់ថា៖ «ឆ្នាំទៅដូចគ្រាន់។ ឆ្នាំនេះ ចាប់ពី ខែឧសភាមក មានតែមួយក្រុម ទៅពីរក្រុម។ ភ្ញៀវអឺរ៉ុប ធ្លាក់ ចុះខ្លាំង ទៅសម្បូរភ្ញៀវចិន និងវៀតណាមទៅវិញ»។

ប្រធានសមាគម ទីភ្នាក់ងារទេសចរណ៍ កម្ពុជា លោក អាង គឹមអៀង បានទទួលស្គាល់ថា World Cup បានធ្វើឲ្យប៉ះពាល់ ដល់ចំនួនភ្ញៀវទេសបរទេស ពិតប្រាកដមែន។ ប៉ុន្តែថា បញ្ហានេះ មិនមែនមាននៅតែ ប្រទេសកម្ពុជានោះទេ គឺទូទាំងពិភពលោក ព្រោះភ្ញៀវមួយចំនួនធំ បានធ្វើ ដំណើរទៅ ប្រទេសប្រេស៊ីល និងខ្លះទៀត សម្រាកមើល ការប្រកួតបាល់ទាត់ នៅតាមផ្ទះរបស់ពួកគេ។ លោក អាង គឹមអៀង បន្ថែមថា៖« យើងមិនមានតួលេខ ពិតប្រាកដទេ ប៉ុន្តែយើងសង្កេតថា វាហាក់ដូចស្បើយពិតមែន បើប្រៀប ទៅនឹងពេលមុន»។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់គេហទំព័រ ព័ត៌មានថ្មីៗ នៅរសៀលនេះ ថា World Cup មិនបានធ្វើឲ្យប៉ះពាល់ចំនួនភ្ញៀវទេសចរ នៅកម្ពុជានោះទេ។ លោកពន្យល់ថា ភ្ញៀវដែលកម្ពុជាទទួលបាននាពេលកន្លងមក មាន៧៥ភាគរយ មកពីអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប ១៦ ភាគរយ និងមកពីទ្វីប អាមេរិក៨ភាគរយ។ ជនជាតិអឺរ៉ុប ដែលលោករដ្ឋមន្ត្រីមើលឃើញថា ជាក្រុមមនុស្ស ដែលទៅទស្សនា World Cup នៅប្រេស៊ីល។ រដ្ឋប្រហារយោធាថៃ ទៅវិញទេដែល លោករដ្ឋមន្ត្រី អះអាងថា ជាបញ្ហាធំ ធ្វើឲ្យបាត់ភ្ញៀវមក ប្រទេសកម្ពុជា ព្រោះកញ្ចប់ ទេសចរណ៍ភាគច្រើន បាននាំចូលមកពីប្រទេសមួយនេះ៕

ប្រភព៖ គេហទំព័រថ្មីៗ