បណ្តាញសង្គម

Lite OS ជា​អាវុធ​ថ្មី​របស់ Microsoft សម្រាប់​ប្រជែង​ជាមួយ​នឹង Chrome OS

ជាយូរឆ្នាំណាស់មកហើយ ដែលក្រុមហ៊ុន Microsoft បានព្យាយាម បញ្ឈប់ការរីកចម្រើន និងចំណែកទីផ្សាររបស់ពពួកកុំព្យូទ័រ ដែល

ប្រើប្រាស់ Chrome OS ដោយមិនចង់ ឲ្យក្រុមហ៊ុន Google ដណ្ដើមយកតំណែង របស់ខ្លួននោះឡើយ។ រហូតមកដល់ពេល បច្ចុប្បន្ន នេះ ក្រុមហ៊ុន Microsoft ក៏បានដាក់បង្ហាញ ប្រព័ន្ធប្រតិបត្តិការថ្មីមួយទៀត ដែលត្រូវបានហៅថា “Lite OS” ដោយសម្រាប់យកមក ប្រកួតប្រជែងជាមួយនឹង “Chrome OS” តែម្ដង។

កាលពីដំបូង Microsoft បានបញ្ជាឲ្យក្រុមការងាររបស់ខ្លួន ធ្វើយ៉ាងណាឲ្យប្រព័ន្ធ ប្រតិបត្តិការ Windows អាចដំណើរការ បានស្រួល នៅលើឧបករណ៍ ដែលមានកម្លាំងម៉ាស៊ីនទាប ដូចជាថេប្លេត ហើយនិងកុំព្យូទ័រយួរដៃ ថោកៗ ថែមទៀតផង។  បន្ទាប់មកក្រុមហ៊ុន Microsoft ក៏បានបញ្ចេញប្រព័ន្ធ ប្រតិបត្តិការ Windows 10 ‘S’ ដែលមានតម្លៃទាប ជាងប្រភេទ Windows 10 ដទៃទៀត ក៏ប៉ុន្ដែបែរជាមិនឲ្យអ្នក ប្រើប្រាស់យក កម្មវិធីពីក្រៅ មកដំឡើង ប្រើប្រាស់នោះទេ និងតម្រូវឲ្យទាញ យកតាម Windows Store របស់ខ្លួនទៅវិញ។  មកដល់ពេលឥឡូវនេះ ក្រុមហ៊ុន Microsoft ក៏បានប្រើប្រាស់ យុទ្ធសាស្រ្តថ្មីរបស់ខ្លួន ដោយដាក់បង្ហាញប្រព័ន្ធ ប្រតិបត្តិការថ្មីតែម្ដង ហើយត្រូវបានដាក់ ឈ្មោះឲ្យថា “Lite OS” និងមានភាពងាយស្រួល ក្នុងការប្រើប្រាស់ ដូចទៅនឹង Chrome OS អញ្ចឹងដែរ។

បើយោងទៅតាមប្រភពសារពត៌មាន Petri បាននិយាយប្រាប់ថា ក្រុមហ៊ុន Microsoft កំពុងធ្វើការយ៉ាង ប្រញាប់ ដើម្បីឲ្យឆាប់បញ្ចប់ និងបានដាក់បញ្ចេញ ប្រព័ន្ធប្រតិបតិ្តការ Lite OS ថ្មីនេះ ទៅឲ្យអ្នក ប្រើប្រាស់តែម្ដង។ ដូចទៅនឹងប្រព័ន្ធ ប្រតិបតិ្តការ Windows 10 ‘S’ អញ្ចឹងដែរ ដោយ Lite OS អាចដំណើរការបាន តែកម្មវិធីប្រភេទ Universal Windows Platform (UWP) ប៉ុណ្ណោះ ដែលជាពពួកកម្មវិធី មាននៅក្នុង Windows Store ដូច្នេះមានន័យថា អ្នកប្រើប្រាស់មិនអាច ទាញយក កម្មវិធីពីខាងក្រៅ មកដំឡើងបាននោះទេ។ ចំណែកឯផ្នែករូបរាង Interface ហើយនឹង UI វិញ គឺមើលទៅភាគច្រើន ស្រដៀងគ្នាជាមួយនឹង Chrome OS របស់ក្រុមហ៊ុន Google ពិតមែន ហើយចំពោះគោលដៅ ក្នុងការបង្កើតឡើង ក៏មានលក្ខណៈដូចគ្នា ថែមទៀតផង។

សរុបមក ប្រព័ន្ធប្រតិបតិ្តការ Lite OS ថ្មីនេះ គឺមានគោលដៅសំខាន់ សម្រាប់ឲ្យកុំព្យូទ័រ ឬក៏ថេប្លេត ដែលមានតម្លៃទាបៗ អាចដំណើរ ការបានលឿន ហើយថែមទាំង ងាយស្រួល ប្រើប្រាស់ផងដែរ។ ចំពោះថ្ងែឲ្យពិតប្រាកដ ដែលក្រុមហ៊ុន Microsoft នឹងចាប់ផ្ដើម ដាក់បញ្ចេញ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ ជាផ្លូវការ គឺនៅមិនទាន់បានប្រកាសជូន អ្នកសារពត៌មាន នៅឡើយទេ ក៏ប៉ុន្ដែត្រូវបានគេ រំពឹង ទុកថា អាចនឹងនៅក្នុង ពេលឆាប់ៗនេះហើយ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15456