បណ្តាញសង្គម

Huawei នឹង​ព្រម​លក់​ម៉ូដឹម 5G ថ្មីរបស់​ខ្លួន​សម្រាប់ Apple មួយ​ប៉ុណ្ណោះ បើ​សិន​ក្រុមហ៊ុន​នេះ​ត្រូវ​ការ!

មួយរយៈមុននេះ យើងបានចុះផ្សាយនូវព័ត៌មានមួយ ដែលបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Qualcomm និងSamsung បានបដិសេធមិនព្រមធ្វើ ជាក្រុមហ៊ុនផ្គត់ផ្គងម៉ូដឹម 5G ទៅឲ្យក្រុមហ៊ុន Apple សម្រាប់ដាក់ចូល

iPhone ជំនាន់ក្រោយឡើយ។ ចំពោះហេតុផលវិញ សម្រាប់ Qualcomm ដែលមិនចង់លក់ម៉ូដឹម 5G ជូនទៅឲ្យក្រុមហ៊ុន Apple ពីព្រោះតែជម្លោះក្ដៅៗ ទាក់ទងទៅនឹងបញ្ហាប៉ាតង់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ុន្ដែចំណែកឯក្រុមហ៊ុន Samsung គឺដោយសារតែបន្ទះម៉ូដឹម 5G ប្រភេទ Exynos 5100 ជំនាន់ថ្មីរបស់ខ្លួន មិនមានចំនួនគ្រប់គ្រាន់ សម្រាប់ដាក់ចេញលក់ ទៅឲ្យក្រុមហ៊ុនដទៃទៀត។

បន្តមកទៀតនោះ មានរបាយការណ៍មួយ បានដាក់បង្ហាញថា ក្រុមហ៊ុន Apple អាចនឹងមានភាគរយច្រើន ជ្រើសរើសយកក្រុមហ៊ុន Intel ជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូដឹម 5G ទៅឲ្យខ្លួន  ក៏ប៉ុន្ដែដោយសារតែម៉ូដឹម 5G ថ្មីនេះ កំពុងស្ថិតនៅក្នុងការផលិតនៅឡើយ និងត្រូវបានយឺតយ៉ាវ សម្រាប់បំពាក់លើ iPhone ជំនាន់ក្រោយ ដូច្នេះអាចរង់ចាំទាល់តែចុងឆ្នាំ 2020 ឬ 2021 ឯណោះ ទើបបាន។ ការបាត់បង់មុខងារប្រព័ន្ធ 5G សម្រាប់ iPhone ជំនាន់ក្រោយនោះ គឺនឹងមិនអាចធ្វើឲ្យមានផលប៉ះពាល់ដល់ Apple ខ្លាំងណាស់ណានោះទេ ហើយក៏មានពាក្យចចាមអារ៉ាមខ្លះ ក៏បានដាក់បង្ហាញថា ក្រុមហ៊ុនផ្លែប៉ោម កំពុងតែរកវិធីផ្សេងៗទៀត សម្រាប់មកដោះស្រាយ នូវបញ្ហាមួយនេះ។

ដោយឡែក កាលពីព្រឹត្តិការណ៍ MWC 2019 កន្លងទៅ ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការនូវ Modem 5G ដំបូងគេរបស់ខ្លួន ដែលបើកសិទ្ធិឲ្យអតិថិជន ប្រើប្រាស់អ៊ីនធឺណិត 5G បាន តាមរយៈ Balong 5000 ថ្មី ជាពិសេស គឺមានបំពាក់លើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ហ្នឹងតែម្តង។ យ៉ាងណា ថ្មីៗនេះ មានប្រភពព័ត៌មានពីបរទេស បានបង្ហើបឲ្យដឹងថា Huawei នឹងយល់ព្រមលក់បន្ទះម៉ូដឹម Balong 5000 ឈីប 5G ថ្មី ទៅអោយ Apple មួយបុណ្ណោះ បើសិនជាក្រុមហ៊ុននេះត្រូវការ តែមិនលក់ឲ្យក្រុមហ៊ុនដទៃឡើយ ព្រោះហេតុផលថា Qualcomm និង Samsung បានបដិសេធមិនព្រមធ្វើជាក្រុមហ៊ុនផ្គត់ផ្គងផ្នែកម៉ូដឹម 5G ទៅឲ្យ Apple ហ្នឹងឯង។ យ៉ាងណា មិនទាន់មានប្រភពជាក់លាក់ពី Apple នឹងគិតថា ទិញ ឬមិនទិញឡើយ ប៉ុន្តែបើសិនជាទិញ វាក៏មិនមានអ្វីចំឡែកទេ ព្រោះការប្រជែងស្មាតហ្វូនលើទីផ្សារ គឺជារឿងផ្សេង ឯការធ្វើជំនួញ វាជារឿងមួយផ្សេងទៀត ដូច្នេះ មិនចាំបាច់ឆ្ងល់ទេ។

គួររំលឹកថា៖ Balong 5000 ជាបន្ទះ Modem មានទំហំតូចជាងក្រចកដៃទៅទៀត ដែលទទួលបានជោគជ័យក្នុងការផលិត ជាមួយនឹងការកែប្រែបទពិសោធន៍នៃការប្រើប្រាស់ កាន់តែប្រសើរជាងមុន ដោយវាមិនត្រឹមតែ Support សេវា 5G ប៉ុណ្ណោះទេ វាក៏អាចប្រើជាមួយសេវា 4G, 3G និង 2G បាន ដូច្នេះស្មាតហ្វូនដែលប្រើ Balong 5000 គឺអាចប្រើប្រាស់បានគ្រប់ប្រទេស បើទោះបីប្រទេសនោះនៅមិនទាន់មានសេវា 5G នៅឡើយ។ លើសពីនេះ វាមានល្បឿន Download លឿនបំផុតដល់ 6.5Gbps សម្រាប់ Peak Downlink និងល្បឿន 2.5Gbps សម្រាប់ Uplink អាចកាត់បន្ថយកម្រិត Latency បានច្រើន ស្រួលទៅដល់ការលេងហ្គេម Online។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15801