បណ្តាញសង្គម

iOS 13 មកដល់​ឆ្នាំ​នេះ នឹង​មាន​មុខងារ​ពិសេស​ច្រើន​ដូចជា Dark Mode, Undo Gesture និង​ផ្ទាំង Windows ច្រើន​ក្នុង​ពេល​តែមួយ

ដំណឹងជុំវិញការមកដល់នៃប្រព័ន្ធប្រតិបត្តិការវៃឆ្លាតរបស់ Apple ដែលយើងស្គាល់ថាiOSបានចេញផ្សាយច្រើនលើកច្រើនសារមកហើយដែរហើយក្នុងនោះអ្វីដែលយើងបានដឹងជាបឋមគឺ ការមកដល់នូវមុខងារ Dark

Mode ជាលើកដំបូង ដែលមុខងារនេះ មាននៅលើ Android រាប់ឆ្នាំមកហើយ។ ជាក់ស្ដែងមកដល់ថ្ងៃនេះ យើងទទួលបានដំណឹងពិសេសផ្សេងទៀតហើយ ដែលជាព័ត៌មានបែកធ្លាយ ដែលប្រិយមិត្តអ្នកអានគប្បីគួរតែដឹង ពិសេសអ្នកប្រើប្រាស់ iPhone និង iPad ជាដើម។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Apple នឹងប្រារព្ធនូវព្រឹត្តិការណ៍នាពាក់កណ្ដាលឆ្នាំនេះ ដូចសព្វមុនដងអញ្ចឹងដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍នូវផ្នែកទន់ (Software) ហើយអ្វីដែលជាចំនុចស្នូលធំបំផុតគឺ iOS ត្រៀមនឹងទទួលបានមុខងារថ្មីៗជាច្រើន គឺមានភាពខុសប្លែកគ្នាច្រើនបើធៀបទៅនឹង iOS 11 ឡើងមក iOS 12 កន្លងមកនេះ។ ប្រភពដដែលបានបន្តទៀតថា iOS 13 នឹងដាក់បញ្ចូលមុខងារ Dark Mode ជាផ្លូវការ បើកសិទ្ធិឲ្យម្ចាស់ iPhone និង iPad ធ្វើការផ្លាស់ប្ដូរពណ៌ស និងខ្មៅ មិនត្រឹមតែនៅក្នុង Settings ឬមុខងារនានារបស់ iOS 13 ប៉ុណ្ណោះទេ តែក៏មានកម្មវិធីផ្សេងៗទៀត នឹងទទួលបានវាដូចគ្នា ដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី (Developer) ធ្វើការចងកូដថ្មីៗបន្ថែម។

សម្រាប់ iPad វិញ ក៏នឹងទទួលបានមុខងារ Multi Windows ដូចកុំព្យូទ័រដែរ មានន័យថា យើងអាចដំណើរការកម្មវិធីច្រើនក្នុងផ្ទាំង Windows នីមួយៗ ដោយបើកឲ្យកម្មវិធី ឬហ្គេមរត់ដាច់ដោយឡែកពីគ្នា ឬទាញកម្មវិធី ពីផ្ទាំង Windows មួយទៅ Windows មួយផ្សេងទៀតបាន ដោយគ្រាន់តែអូសម្រាមដៃ។ និយាយដល់ម្រាមដៃនេះ មុខងារ Gesture ក៏ដាក់បញ្ចូលដោយប្រើប្រាស់ម្រាមដៃពីរ ឬបី អូសទៅឆ្វេង និងស្ដាំ តាមការកំណត់ ដែលនឹងត្រូវពន្យល់បន្ថែមនៅពេលវាចេញជាផ្លូវការ។ ចុងក្រោយគេ Siri នឹងកាន់តែវៃឆ្លាតជាងមុនផងដែរ ដោយអាចស្ដាប់ និងប្រាប់ចម្លើយបានប្រសើរជាងមុន។

នេះគ្រាន់តែជាអ្វី ដែលយើងទទួលបាន តែនៅពីក្រោយរឿងនេះ iOS 13 នៅមានមុខងារដ៏សំបូរបែបជាច្រើនផ្សេងទៀត ត្រៀមនឹងលាតត្រដាងឲ្យដឹងនៅខែមិថុនាខាងមុខ។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15840