បណ្តាញសង្គម

សកម្មជនអាវលឿងថៃ ដែលត្រូវដោះលែង បានត្រឡប់ទៅបាងកកថ្ងៃនេះ

ភ្នំពេញ៖ សកម្មជនអាវលឿងថៃ លោក វីរៈ ស៊ុមខ្វាមឃីត បានធ្វើដំណើរ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃវិញ កាលពីម៉ោង ៩:៥៥ នាទី ព្រឹកថ្ងៃទី២ ខែកក្កដា នេះ បន្ទាប់ពីរូបលោក បានទទួល ការលើកលែងទោស ដោយព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា ។ សកម្មជន អាវលឿងថៃ រូបនេះ បានចាកចេញទៅ ជាមួយនឹងលោក Sihasak Phuang ketheow អគ្គលេខាធិការ និងជារដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេសថៃ ក្នុងអំឡុង ពេលប្រមុខការទូតថៃ រូបនេះ បានបញ្ចប់ដំណើរ បេសកកម្មផ្លូវការ នៅកម្ពុជា។

នៅព្រឹកមិញនេះ ភរិយាលោក វីរៈ ស៊ុំខ្វាមឃីត និងកូនស្រី បានមកទទួល លោក វីរៈ ត្រឡប់ទៅវិញ ដោយមានអ្នកកាសែតថៃ ជាច្រើននាក់ មកជាមួយដែរ ។ កាលពីរសៀលថ្ងៃទី១ ខែកក្កដា ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានជួបពិភាក្សា ជាមួយលោក Sihasak Phuang ketheow អគ្គលេខាធិការ និងជារដ្ឋមន្ត្រីស្តីទី ក្រសួង ការបរទេសថៃ បានពិភាក្សា លើបញ្ហាជាច្រើន ជាមួយគ្នា និងបន្ទាប់់មក សម្តេចតេជោ ហ៊ុន សែន បានសម្រេចស្នើសុំ ព្រះរាជក្រិត្យ ពីព្រះមហាក្សត្រខ្មែរ ប្រទានការលើក លែងទោស ដល់លោក វីរៈ ស៊ុមខ្វាមឃីម និងដោះលែង ពីពន្ធនាគារព្រៃស ឲ្យមានសេរីភាពឡើងវិញ ដែលជាថ្នូរជាមួយថៃ ក្នុងការយល់ ព្រម ដោះលែង ពលករកម្ពុជា ចំនួន ១៤ នាក់ ដែលកំពុងជាប់ពន្ធនាគារ នៅប្រទេសថៃ ដែលត្រូវបានចោទប្រកាន់ ពីបទប្រើប្រាស់ ឯកសារក្លែងក្លាយ ចូលប្រទេសថៃខុសច្បាប់។

លោក វីរៈ ស៊ុមខ្វាមឃីត ត្រូវបានដោះលែង ពីពន្ធនាការ កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីមាន ព្រះរាជក្រឹត្យប្រទាន ការលើក លែងទោស ពីព្រះមហាក្សត្រខ្មែរ។ លោក វីរៈ ស៊ុមខ្វាមឃីត ក៏ជាប្រធានបណ្តាញ អ្នកស្នេហាជាតិថៃ ហើយមានសម្ព័ន្ធភាពជាមួយ ក្រុមអាវ លឿងថៃ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនជាមួយនឹងបក្ខពួក ៦នាក់ ផ្សេងទៀត នៅក្នុងទឹកដីកម្ពុជា ខេត្តបន្ទាយមានជ័យ ខណៈដែលក្រុមនេះ ចូលទឹកដីកម្ពុជា ខុសច្បាប់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០។ តុលាការកម្ពុជា បានកាត់ទោសពួកគេ ដាក់់ពន្ធនាគារ ពីបទចារកម្ម និងចូល ទឹក ដីកម្ពុជា ខុសច្បាប់ យោងតាមច្បាប់កម្ពុជា។ ដោយឡែក លោក វីរៈ ស៊ុមខ្វាមឃីត ត្រូវបានដាក់ទោស ៨ ឆ្នាំ។ ចំណែកបក្ខពួក ដាក់ទោសម្នាក់ៗ ៦ ឆ្នាំ ប៉ុន្តែ ៦ នាក់នោះ ត្រូវបានដោះលែងវិញ បន្ទាប់ពីស្ថានទូតថៃ និងមេធាវី របស់ពួកគេបង់ប្រាក់ធានា ហើយបានដោះលែង៕


ប្រភព៖ CEN