បណ្តាញសង្គម

Apple អាច​នឹង​បញ្ចេញ iPhone អេក្រង់ 4.7 អ៊ីញ ជាមួយ​បន្ទះ​ឈីប A13 សម្រាប់​ឆ្នាំ 2020

នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាម ប្រភពចេញពីខ្សែសង្វាក់ របស់ក្រុមហ៊ុនផ្គត់ផ្គង់មួយ ដែលបានអះអាងថាក្រុមហ៊ុន Apple កំពុងតែរៀបចំ iPhone ជំនាន់ថ្មី ជាមួយនឹងអេក្រង់ទំហំ 4.7 អ៊ីញ

ដោយប្រើប្រាស់បន្ទះឈីប A13 និងទំហំផ្ទុកដល់ទៅ 128GB សម្រាប់ដាក់លក់លើទីផ្សារ នៅក្នុងខែមីនា ឆ្នាំ 2020 ខាងមុខនេះ។ លើសពីនេះទៅទៀត ប្រភពដដែលក៏បាន ចុះផ្សាយបន្ថែមថា ក្រុមហ៊ុន Apple មានគម្រោងលក់ iPhone ជំនាន់ថ្មីនេះ ត្រឹមតម្លៃប្រហាក់ប្រហែល $650 ដុល្លារអាមេរិកតែប៉ុណ្ណោះ។

នាពេលបច្ចុប្បន្ននេះ យើងក៏នៅមិនទាន់ ដឹងឲ្យបានច្បាស់លាស់ថា គឺជា iPhone ជំនាន់ថ្មី សម្រាប់ម៉ូឌែលមួយណានៅឡើយ ក៏ប៉ុន្ដែបើយោងទៅតាម ទំហំអេក្រង់របស់ស្មាតហ្វូន នោះវាអាចប្រហែលជា iPhone 8(s) ឬក៏ iPhone SE ជំនាន់ទី 2 ក៏អាចថាបានដែរ។ ក្រៅពីនេះ របាយការណ៍លេចធ្លាយ ក៏បានរំពឹងថាក្រុមហ៊ុន Apple នឹងអាចបញ្ចេញ iPhone ស៊េរីថ្មីៗដល់ទៅចំនួន 3 ម៉ូឌែលខុសៗគ្នាឯណោះ ដោយរួមមានដូចជា iPhone XI/XI Max ជាមួយអេក្រង់ OLED និងព្រមទាំងសេនស័រកាម៉េរា 3 គ្រាប់ (កាមេរ៉ាដើម, កាមេរ៉ាសម្រាប់ថត Ultra-Wide និងកាមេរ៉ាប្រភេទ Telephoto) រីឯ iPhone XR ជំនាន់ទី 2 នឹងអាចនៅប្រើប្រាស់ អេក្រង់ប្រភេទ LCD ដដែល ប៉ុន្ដែត្រូវបានបន្ថែមឲ្យ កាម៉េរាជំនួយចំនួន 1 គ្រាប់ថែមទៀត។

ប្រសិនបើពាក្យចចាមអារ៉ាមថ្មីនេះ គឺពិតប្រាកដមែននោះ ដូច្នេះយើងនឹងអាចឃើញ ក្រុមហ៊ុន Apple ដាក់បង្ហាញ iPhone 8s ឬក៏ iPhone SE ជំនាន់ទី 2 នៅក្នុងខែមីនា ឆ្នាំ 2020 ខាងមុខនេះ។ ហើយទាំងអស់នេះ ក៏ដូចគ្នានឹងអ្វីដែលក្រុមហ៊ុន Apple បានធ្វើឡើងកាលពីឆ្នាំ 2015 អញ្ចឹងដែរ ដោយដាក់ចេញលក់ iPhone 6s/6s Plus រួចស្រេចហើយ ទើបបញ្ចេញ iPhone SE នៅដើមឆ្នាំ 2016 ជាបន្ដទៀតផងដែរ។

សរុបមក ដូចនឹងអ្វីដែលជំរាបដល់ ប្រិយមិត្តអ្នកអាន ឲ្យបានជ្រាបនៅអត្ថបទ ផ្នែកខាងលើអញ្ចឹង ដោយរបាយការណ៍ថ្មីមួយនេះ បានផ្សព្វផ្សាយថា iPhone ជំនាន់ថ្មី ជាមួយនឹងអេក្រង់ទំហំ 4.7 អ៊ីញ អាចនឹងដាក់លក់ ក្នុងតម្លៃប្រហាក់ប្រហែល 650 ដុល្លារអាមេរិក ហើយក៏នឹងភ្ជាប់មកនូវ បន្ទះឈីប A13 ជំនាន់ថ្មី ចុងក្រោយបង្អស់ថែមទៀត។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15853