Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋរិះគន់ ផ្សារទំនើបធំបំផុត របស់ជប៉ុននៅកម្ពុជា ថាមិនមានអក្សរខ្មែរ

  • បោះពុម្ព

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានរិះគន់ទៅលើ ផ្សារទំនើបរបស់ជប៉ុន ដ៏ធំបំផុតមួយនៅកម្ពុជា ដែលទើបតែសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៤ ថាមិនសមស្របទៅនឹង ច្បាប់វប្បធម៌របស់កម្ពុជា។

បើតាមប្រជាពលរដ្ឋ លើកឡើងដូចៗគ្នាថា ការដែលផ្សារទំនើប ដ៏ធំមួយរបស់បរទេស សាងសង់លើ ទឹកដីកម្ពុជា ដែលមានឈ្មោះថា អ៊ីអន (AEON) មិនមានអក្សរខ្មែរ ហាក់ដូចជា មិនសមស្របទៅនឹង ប្រពៃណី វប្បធម៌ របស់កម្ពុជាឡើយ។ ពួកគេលើកឡើងថា រដ្ឋាភិបាល គួរតែមានវិធានការ កែប្រែឲ្យមាន ការដាក់បន្ថែមអក្សរខ្មែរ ស្របតាមច្បាប់ពាណិជ្ជកម្ម។

ពលរដ្ឋម្នាក់ ដែលកំពុងដើរមើលទំនិញ ក្នុងផ្សារទំនើបអ៊ីអន អ្នកស្រី ច្រឹក សុខហ៊ាង ប្រាប់ VOD នៅថ្ងៃចន្ទ ជាថ្ងៃសម្ពោធផ្សារនោះថា ការដាក់ឈ្មោះហាង ដែលសាងសង់លើទឹកដីកម្ពុជា ដោយប្រើតែភាសាបរទេស ហើយមិនមានប្រើ ភាសាខ្មែរបែបនេះ មិនត្រឹមត្រូវទេ។ អ្នកស្រីថា ផ្សារទំនើបរបស់ជប៉ុននេះ គួរតែផ្លាស់ប្តូរឲ្យ មានភាសាខ្មែរ ដើម្បីបញ្ជាក់ពីវប្បធម៌ របស់ខ្មែរ ។ ពលរដ្ឋម្នាក់ទៀត លោក ម៉េង ហេង លើកឡើងដែរថា ខ្មែរត្រូវគោរពតាម ប្រពៃណីវប្បធម៌ខ្មែរ មិនគួរប្រើប្រាស់ តែភាសាបរទេសបែបនេះទេ។ លោកថា រដ្ឋាភិបាល គួរតែរៀបចំឡើងវិញ ដោយមានដាក់ អក្សរខ្មែរនៅពីលើ និងធំជាងអក្សរបរទេស ដើម្បីឲ្យត្រឹមត្រូវ តាមច្បាប់កម្ពុជា។ VOD មិនអាចទាក់ទង សុំការអធិប្បាយពី រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល និងអ្នកនាំពាក្យ ឯកឧត្តម សួស សម្បត្តិ បានទេ។

អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោក យល់ស្រប ចំពោះការរិះគន់ របស់ពលរដ្ឋទៅលើ បញ្ហាលើផ្សារទំនើប របស់ជប៉ុន ដែលទើបតែសម្ពោធ មិនមានអក្សរខ្មែរ។ លោកថា ខាងក្រុមហ៊ុន គួរតែបន្ថែមអក្សរខ្មែរ ដើម្បីបង្ហាញពី ការសាងសង់ អគារលើទឹកដី ខ្មែរនេះ។ ពាក់ព័ន្ធនឹង ការលើកឡើងនេះ ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ ពាក់ព័ន្ធនឹងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា នេះជាកំហុស របស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដែល មិនបានពិនិត្យមើល ឲ្យបានគ្រប់ជ្រុងជ្រោយ ជាហេតុធ្វើឲ្យ ផ្សារទំនើបដ៏ធំមួយលើ ទឹកដីកម្ពុជា បែរជាមិនមានប្រើប្រាស់ ភាសាខ្មែរបែបនេះ។

លោក ប៉ូ សំណាង បានបន្ថែមទៅលើ ការនិយមប្រើប្រាស់ វប្បធម៌បរទេសរបស់ ប្រជាជនកម្ពុជា ថាកំពុងធ្វើឲ្យ កម្ពុជាឈានទៅដល់ ការបាត់បង់នូវ វប្បធម៌របស់ខ្លួន ស្របពេល ដែលបណ្តាបរទេស តែងយកចិត្តទុកដាក់ លើកកម្ពស់ ប្រពៃណីវប្បធម៌របស់គេ មិនឲ្យមានការបាត់បង់។ ផ្សារទំនើបរបស់ជប៉ុន ដែលមានឈ្មោះថា អ៊ីអន (AEON) ដែលទើបតែសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃចន្ទ ទី៣០ ខែ មិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ ជាផ្សារទំនើប ដែលមានទំហំធំជាងគេ នៅកម្ពុជា ដោយចំណាយ ទឹកប្រាក់វិនិយោគអស់ ២០៥លានដុល្លារ និងមានបុគ្គលិក ធ្វើការចំនួន២៥០០នាក់។

ពិធីសម្ពោធផ្សារនេះ ក៏មានវត្តមាន សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រី ការបរទេសជប៉ុន ចូលរួមផងដែរ។ កន្លងមកនៅខេត្តសៀមរាប ក៏មានការរិះគន់ពី សំណាក់មគ្គុទ្ទេសក៍ និងភ្ញៀវទេសចរ ទៅលើក្រុមហ៊ុន បរទេសមួយចំនួន ដែលសរសេរស្លាកយីហោ របស់ខ្លួនជាភាសារបរទេស ដោយមិនប្រើភាសាខ្មែរ នៅជាមួយផង។ ទោះជាយ៉ាងណា ក្រោយពីមានការរិះគន់ ទើបឃើញមាន ការផ្លាស់ប្តូរមកសរសេរ ជាអក្សរខ្មែរវិញ៕


ប្រភព៖ VOD