បណ្តាញសង្គម

កំណែអាប់ដេត​ចុង​ក្រោយ​នៅ​លើ Nokia 9 PureView អាច​ឲ្យ​ស្ករ​កៅ​ស៊ូ​ដោះ​សោរ​បាន!

ចាប់តាំងពីពេលដាក់លក់ ស្មាតហ្វូនម៉ូឌែល Nokia 9 PureView ដំបូងមក ក្រុមហ៊ុន Nokia តែងតែទទួលបានមតិយោបល់ និងការរអ៊ូជាច្រើន ពីអតិថិជនរបស់ខ្លួន ដែលសេនស័រស្កេនម្រាមដៃ លើផ្ទៃអេក្រង់

ហាក់បីដូចជាមិនសូវ ដំណើរការបានល្អសោះឡើយ។ ហេតុដូច្នេះហើយ កាលពីសប្ដាហ៍មុន ក្រុមហ៊ុន HMD Global Oy ក៏បានចាប់ផ្ដើមបញ្ចេញ កំណែអាប់ដេតថ្មីឲ្យ ដើម្បីជួសជុលនូវបញ្ហានេះ។ ខណៈពេលអ្នកប្រើប្រាស់ខ្លះ ក៏បានរាយការណ៍ថា ល្អប្រសើរជាងមុនហើយ ដោយអ្នកប្រើប្រាស់ខ្លះទៀត បានបង្ហោះឲ្យដឹងថា សេនស័រស្កេនម្រាមដៃ គឺបានខូចតែម្ដង។

របាយការណ៍ថ្មីនេះ គឺត្រូវបានចែករំលែក ដោយគណនីមួយឈ្មោះថា @decodedpixel នៅលើកម្មវិធីបណ្ដាញសង្គម Twitter ដែលបានបង្ហាញអំពី បញ្ហាជាមួយនឹងសេនស័រ ស្កេនម្រាមដៃលើអេក្រង់ នៅលើស្មាតហ្វូនម៉ូឌែល Nokia 9 PureView របស់គាត់ផ្ទាល់ បន្ទាប់ពីធ្វើការអាប់ដេត ទៅជំនាន់ចុងក្រោយហើយ។ នាពេលឥឡូវនេះ គាត់មិនដឹងថា ស្មាតហ្វូនរបស់គាត់ មានបញ្ហាទៅលើសេនស័រ ឬក៏បញ្ហាកំហុសផ្នែក Software នៅឡើយទេ ប៉ុន្ដែក្នុងពេលនេះ សូម្បីតែម្រាមដៃរបស់អ្នកផ្សេង និងព្រមទាំងស្ករកៅស៊ូ ក៏អាចដោះសោរបានដែរ។

លើសពីនេះទៅទៀត គាត់ក៏បានបន្ថែមទៀតថា កាក់ ហើយនិងស្រោមដៃ អាចដោះសោរស្មាតហ្វូនម៉ូឌែល Nokia 9 PureView របស់គាត់បានថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមការងារ HMD Global ក៏នៅមិនទាន់បាន ធ្វើការឆ្លើយតប ទៅកាន់បញ្ហា សេនស័រស្កេនម្រាមដៃ មួយនេះនៅឡើយទេ។

សរុបមក រឿងមួយដែលយើងបាន កត់សម្គាល់ឃើញថា ស្មាតហ្វូនម៉ូឌែល Nokia 9 PureView ដែលជួបបញ្ហាក្នុងរូបភាពខាងលើ គឺបានប្រើប្រាស់នូវ ស្គ្រីនការពារកញ្ចក់ ប៉ុន្ដែក៏មិនទាន់អាចប្រាកដ ច្បាស់លាស់នៅឡើយថា នឹងមានបញ្ហាទាក់ទង ជាមួយនឹងសេនស័រស្កេនម្រាមដៃ លើអេក្រង់នោះទេ។ ក្រៅពីនេះទៅទៀត បន្ទាប់ពីទទួលបាន ពត៌មានអំពីកំហុសថ្មីនេះ ដូច្នេះក្រុមហ៊ុន HMD Global អាចនឹងបញ្ចេញនូវ កំណែអាប់ដេតផ្សេងមួយទៀត ដើម្បីជួសជុលបញ្ហា ឬអាចតម្រូវឲ្យប្ដូរ សេនស័រចោលតែម្ដង ក៏អាចថាបានដែរ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15894