បណ្តាញសង្គម

iPhone X ជា​ស្មាតហ្វូន​ដែល​លក់​ដាច់​បំផុត​ជុំ​វិញ​ពិភព​លោក សម្រាប់​ឆ្នាំ 2018 កន្លង​ទៅ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានប្រកាសចេញនូវ លទ្ធផលនៃការវិភាគ របស់ខ្លួន អំពីស្មាតហ្វូន ដែលបាន លក់ដាច់បានច្រើនបំផុត សម្រាប់ក្នុងឆ្នាំ 2018 នៅទូទាំងពិភពលោក

និងជាពិសេស នៅក្នុងប្រភេសចិនផងដែរ។ ជាលទ្ធផល ចំណាត់ថ្នាក់លេខ 1 ជា iPhone X របស់ក្រុមហ៊ុន Apple ហើយចំណាត់ថ្នាក់ចំនួន 3 បន្តបន្ទាប់ទៀត ក៏ត្រូវបានទៅលើស្មាតហ្វូន របស់ក្រុមហ៊ុន Apple ដែរ ហើយស្មាតហ្វូនម៉ូឌែល Xiaomi Redmi 5A ទទួលបានចំណាត់ថ្នាក់ នៅលេខ 5។

ប្រសិនបើពិនិត្យមើល ទៅលើលទ្ធផលនៃការវិភាគ នៅក្នុងប្រទេសចិន គឺហាក់បីដូចជា មានចំនុចខុសប្លែកច្រើន ខណៈពេលដែលស្មាតហ្វូន លក់ដាច់បំផុត ត្រូវបានទៅលើ Oppo R15 រីឯស្មាតហ្វូនម៉ូឌែល iPhone X ទទួលបានចំណាត់ថ្នាក់លេខ 2 ទៅវិញ។ ទោះបីជាយ៉ាងណាក្ដី យើងឃើញមានស្មាតហ្វូន របស់ក្រុមហ៊ុន Oppo ចំនួន 2 ម៉ូឌែលផ្សេងៗទៀត ដែលជាប់នៅក្នុងតារាង កំពូលលេខទី 3 និងលេខទី 4 ថែមទៀតផង ដោយរូមមានដូចជា ស្មាតហ្វូនកម្រិតមធ្យម Oppo A5 និងស្មាតហ្វូនកម្រិតទាប Oppo A83 ផងដែរ។

របាយការណ៍ចុះផ្សាយដដែលនេះ ក៏បានបង្ហាញឲ្យយើងដឹងដែរថា ស្មាតហ្វូនម៉ូឌែល iPhone ចំណាត់ថ្នាក់កំពូលៗទាំង 3 នៅក្នុងតារាងនេះ បើសរុបចូលគ្នាទៅ គឺអាចធ្វើការលក់ បានដល់ទៅចំនួន 100 លានគ្រឿងឯណោះ ខណៈពេលដែល ស្មាតហ្វូនម៉ូឌែល iPhone XS Max និងម៉ូឌែល iPhone XR គឺអាចធ្វើការលក់ចេញ បានលើសជាង 16 លានគ្រឿងដូចគ្នា។ ចំពោះការវិភាគថ្មីៗនេះ បានបង្ហាញឲ្យឃើញថា តារាងលក់ដាច់កំពូលៗ នៅទូទាំងពិភពលោក គឺត្រូវបានគ្របដណ្ដប់ ដោយស្មាតហ្វូន របស់ក្រុមហ៊ុន Apple ចំនួនដល់ទៅ 6 ម៉ូឌែល ខុសៗគ្នា។

ចំណែកឯទិន្នន័យដាក់បង្ហាញចេញពីទីផ្សារប្រទេសចិន ក៏យើងឃើញមាន ក្រុមហ៊ុនផលិតស្មាតហ្វូន ក្នុងស្រុកយ៉ាងច្រើន ដោយស្មាតហ្វូនចំនួន 8 ក្នុងចំណោមទាំង 10 នៅលើតារាងនេះ គឺសុទ្ធតែចេញពី ក្រុមហ៊ុនចិនតែម្ដង ដោយឡែក មានត្រឹមតែ iPhone X និង iPhone 8 Plus ប៉ុណ្ណោះ ដែលជាក្រុមហ៊ុនក្រៅស្រុក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ យ៉ាងខ្លាំងនោះគឺថា យើងមិនឃើញមាន ស្មាតហ្វូនចេញពីក្រុមហ៊ុន Huawei សូម្បីតែមួយម៉ូឌែល ខណៈខ្លួនជាប់ចំណាត់ថ្នាក់លេខ 2 ជាក្រុមហ៊ុនផលិតស្មាតហ្វូន ធំជាងគេបំផុត លើពិភពលោក។

ដកស្រង់ចេញពីhttp://www.cambo-report.com/article/15953