បណ្តាញសង្គម

ក្រោយផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិចំនួន២ ក្នុងឃុំមាន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ, ក្រសួងកសិកម្មដាក់ចេញវិធានការភ្លាមៗបន្ទាន់!!

យោងតាមសេចក្តីប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានកំពុងផ្ទុះឡើងជាថ្មីម្តងទៀតនៅក្នុងភូមិចំនួន២ គឺភូមិកំពង់សេរី និងភូមិសោយ ក្នុងឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីជំងឺនេះបានកើតឡើងម្តងរួចមកហើយ នៅលើទឹកដីកម្ពុជា ក្នុងខេត្តរតនគីរី កាលពីខែមីនា ឆ្នាំ២០១៩។

ក្នុងការផ្ទុះឡើងនៃជំងឺនេះ ជាលើកទី២ ក្រសួងកសិកម្មបានបញ្ជាឲ្យ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការបសុព្យាបាលជាបន្ទាន់ នៅតំបន់ផ្ទុះជំងឺនេះ រួមមាន៖+បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទ ក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល+ផ្អាកលើការទិញ-លក់ និងដឹកជញ្ជូនសត្វជ្រូក, សាច់ជ្រូក និងផលិតផលមានដើមកំណើតពី សត្វជ្រូកគ្រប់ប្រភេទចូលចេញ ឬឆ្លងកាត់ក្នុងរង្វង់ប្រហែល៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្រ និងតាមដាន +ការសិក្សាស្រាវជ្រាវប្រភពជំងឺ និងពិនិត្យ ឃ្លាំមើលចលនាសត្វជ្រូក, សាច់ជ្រូក និងផលិតផល មានដើមកំណើតពីសត្វជ្រូកជាប្រចាំ ក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រពីចំណុចផ្ទុះជំងឺ។

ជាមួយគ្នានេះដែរក្រសួងបានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្ដែជំងឺនេះបណ្ដាលឲ្យជ្រូកឈឺ និងងាប់ក្នុងអត្រាខ្ពស់រហូតដល់ ១០០% ដែលបង្កឲ្យការខាតបងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមប៉ុណ្ណោះ។

បើតាមលោក តាន់ ផានណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានថា ការផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិក នៅក្នុងខេត្តត្បូងឃ្មុំនេះ ត្រូវបានរកឃើញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើការវិភាគរួចរាល់។

នេះជាករណីទី២ហើយ ដែលបានផ្ទុះជំងឺនេះឡើង នៅក្នុងប្រទេសកម្ពុជា ដោយករណីទី១ បានផ្ទុះឡើងនៅខេត្តរតនគីរី កាលពីខែមីនា៕