បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងក្រីក្រលំបាក ចំនួន៥០គ្រួសារ ក្នុងស្រុកពញាក្រែក!!

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងក្រីក្រលំបាក ចំនួន៥០គ្រួសារ ក្នុងស្រុកពញាក្រែក!!

(ត្បូងឃ្មុំ)៖ ដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាកពលរដ្ឋ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងលោកជំទាវ ឡេង សុខា ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ រួមដំណើរដោយ នាយកសាខាកា សមាជិកគណ:កម្មាធិកាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុកពញាក្រែក ឃុំ ភូមិ បានចុះសំណេះសំណាល និងនាំយកអំណោយទៅចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៣គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុង២គ្រួសារ និងខូចខាតខ្លះៗ ១១គ្រួសារ និងប្រជាពលរដ្ឋក្រីក្រលំបាកចំនួន ៣៧គ្រួសារ សរុប៥០គ្រួសារ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ និងពលរដ្ឋក្រីក្រលំបាក ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ក្រោមការយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយមិនអោយនរណាម្នាក់ អត់អាហារ នៅរងារកំព្រាម្នាក់ឯងនោះឡើយ គឺទីណាមានទុក្ខលំបាក មានកាកបាទក្រហមកម្ពុជា គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយមិនរើសអើងពូជសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងបញ្ជាកយ៉ាងដូច្នេះថា «អំណោយចែកជូនបងប្អូនពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់របស់បងប្អូន និងសូមអោយបងប្អូនរៀចចំផ្ទះសម្បែងឡើងវិញ និងខិតខំប្រកបរបរចិញ្ចឹមជីវិត ក៍ដូចជាដាំដំណាំផ្សេង ដើម្បីធ្វើអោយកម្រិតជីវភាព បានប្រសើរឡើងវិញ។

ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ។

បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះអំណោយដែលចែកជូន នាពេលនោះ សម្រាប់គ្រួសាររងការខូចខាតដោយខ្យល់កន្ត្រាក់ ១៣គ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិការចំនួន១០ម៉ឺនរៀល រងការខូចខាតតិចតួច និងថវិការ២០ម៉ឺនរៀល គ្រួសារដែលផ្ទះដួលរលំ ចំណែកប្រជាពលរដ្ឋ៣៧គ្រួសារ មានជីវភាពក្រីក្រលំបាក ក្នុង១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ចំនួន៥ម៉ឺនរៀល៕ ដោយ៖ វ៉ាន់ វីរ: