បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ និងលោកជំទាវ នាំយកទៀនវស្សា និងបច្ច័យ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន៤វត្ត ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ដើម្បីលើកកម្ពស់វិសយ័ព្រះពុទ្ធសាសនា និងគោរពប្រតិបត្តិ តាមទំនៀមទំលាប់ ប្រពៃណីជាតិខ្មែរផងនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី ១នៃរដ្ឋសភាជាតិ និងលោកជំទាវ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បានរៀបចំបុណ្យវេរទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា៤វត្ត ស្ថិតនៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ការប្រគេនទៀន វស្សាទាំង៤វត្ត របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភាជាតិ និងលោកជំទាវនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយក្នុងនោះមាន ៖ វត្តចំនួន៤ គឺវត្តគូសាលា ហៅវត្តខ្នារ វត្តត្រពាំងសង្កែ វត្តចាន់ទូង វត្តប្រធាតុ ដោយក្នុង១វត្តៗ ប្រគេនទៀនព្រះវស្សា ១គូ អង្ករ ៥០គក្រ មី ៣កេះ ត្រីខ ២យួរ ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ទឹកសុទ្ធ ១កេះ ទឹកក្រូច ១កេះ ទឹកដោះគោ ១០កំប៉ុង តែស្ករស ១០គីឡូ តែ ១០កញ្ជប់ សាដក ២៥កញ្ជប់ និងបច្ច័យ ២លានរៀល សរុបថវិការ ប្រមាណជាង ១០លានរៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានអញ្ជើញ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ។

ឯកឧត្តម បន្ដថា ប្រទេសជាតិយើង សព្វថ្ងៃនេះ កំពុងតែមានរីកចម្រើន ជាលំដាប់ និងការកសាង លើគ្រប់វិស័យ ទាំង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវដែក អគារខ្ពស់ៗ សាលារៀន មន្ទីរពេទ្យ វត្ដអារាម រោងចក្រក៏កាន់តែច្រើន -ល- នេះក៏ដោយសារតែ ប្រទេសមានសុខសន្ដិភាព ហើយសុខសន្ដិភាពនេះ គឺបានមកពីការដឹកនាំ ដ៏រឹងមាំក្រោមការដឹកនាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បញ្ជាក់ទៀតថា ៖ កត្តាសុខសន្តិភាព មានសារៈសំខាន់ណាស់ សំរាប់ជម្រុញនូវ ការអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យឆាប់បានរីកចំរើន ប្រទេសជាតិយើង ប្រសិនបើគ្មានសុខសន្តិភាពទេនោះ គ្មានការអភិវឌ្ឍន៍ រីកចំរើនដូចសព្វថ្ងៃនេះ ដែរ ។ ដូចនេះ សូមបងប្អូនយើងជួយ ថែរក្សាការពារ សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងថែរក្សាសន្តិភាពឱ្យបាន គង់វង្ស យើងទាំងអស់គ្នា ត្រូវខិតខំការពារ ទោះត្រូវចំណាយ តម្លៃណាក៍ដោយ ។

ចប់ប្រសាសន៍ សំណេះសំណាល ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភាជាតិ និងលោកជំទាវ នាំយកអំណោយ ចែកជូន ដល់ព្រះសង្ឃ ១៨អង្គ ក្នុង១អង្គៗ ទទួលបានថវិការ ៥ម៉ឺនរៀល តាជី យាយជីចំនួន ២០០នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល ផងដែរ៕