Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុកឲ្យរងការខូចខាតធ្ងន់ គ្មានការជួសជុល ផ្លូវជាតិលេខ៧ នៅតំបន់ទីប្រជុំជន ក្នុងខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ផ្លូវជាតិលេខ៧ ប្រវែងប្រមាណ ១០០ គីឡូម៉ែត្រ ឆ្លងកាត់ស្រុកត្បូងឃ្មុំ ក្រុងសួង ស្រុកពញាក្រែក និងស្រុកមេមត់នោះ បានកំពុងរងការ ខូចខាតយ៉ាងធ្ងន់ ភាគច្រើននៅតំបន់ទីប្រជុំជន បានក្លាយជារណ្តៅដក់ទឹកជ្រៅ ជាច្រើនកន្លែង ប៉ុនៗថ្លុកសត្វក្របីដេក ដែលបណ្តាល ឲ្យអ្នកបើកបរ យានយន្ត ស្ទើរតែពុំអាចរកផ្លូវ ធ្វើចរាចរបើកទៅមក បានឡើយ។

ប៉ុន្តែបែរជាខាងក្រុមហ៊ុន ដែលទទួលសិទ្ធិម៉ៅការ សាងសង់ថ្នល់នេះ មិនជួសជុល ឬរកវិធីថែរក្សាបែបណា ពិសេសខាងមន្ទីរសាធារណការ និងដឹកជញ្ជូន ហាក់ពុំបានខ្វាយខ្វល់ ចាប់បង្ខំឳ្យក្រុមហ៊ុន ដែលទទួលខុសត្រូវ ក្នុងការសាងសង់ផ្លូវនោះ ជួសជុលថែរក្សាជាប្រចាំ ពោលគឺ ពុំគួរទុកបណ្តោយ ឳ្យខូចខាតធ្ងន់ ពុំអាចជួសជុលបាន បង្កផលលំបាក កាន់តែខ្លាំងដល់អ្នកដំណើរ ចាំបាច់ ឬអ្នកទេសចរជាតិ អន្តរជាតិ ទៅកាន់តំបន់ទេសចរណ៍ រមណីយដ្ឋាននានាដ៏សម្បូរបែប នៅភូមិភាគឦសាននោះ។

ពួកអ្នកបើកបរ បាននិយាយរិះគន់ថា ផ្លូវជាតិលេខ៧ ដែលខូចខាត ស្ថិតក្នុងកម្រិតអាចជួសជុលបាន បែរជាគេទុកបណ្តោយ ឳ្យកាន់តែមានរណ្តៅ ដក់ទឹកជ្រៅ និងកាន់តែធំទៅៗនោះ មានដូចជាៈ នៅម្តុំផ្លូវកោងក្បែរបន្ទាយយោធាថ្នល់ទទឹង ក្នុងស្រុកត្បូងឃ្មុំ, ខាងលិចផ្សារក្រុងសួង , ខាងកើត ផ្សារនេះ , ខាងមុខផ្សារស្ទឹង ក្នុងស្រុកពញាក្រែក , ម្តុំស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ ៧០១ ស្រុកពញាក្រែក និង ជាច្រើនកន្លែងទៀត ក្នុងទឹកដីស្រុកមេមត់។ ប្រភពព័ត៌មានដដែល បានឳ្យដឹងទៀតថា កន្លងមក សង្កេតឃើញមានការជួសជុល ជាបន្តបន្ទាប់ដែរ។ ប៉ុន្តែនៅមុន និងក្រោយពីមាន ការបំបែកខេត្តត្បូងឃ្មុំ ចេញពីខេត្តកំពង់ចាម សកម្មភាពជួសជុល ថែរក្សា ហាក់ស្ងប់ស្ងាត់ទៅវិញ។

ប្រភពនោះ បានធ្វើការកត់សម្គាល់ថា កន្លែងដែលខូចខាតខ្លាំង ស្ទើរមើលលែងយល់ ជាផ្លូវជាតិលេខ៧ នោះ ភាគច្រើនជាតំបន់ទីប្រជុំជនផ្សារ និងកន្លែងដែលគ្មានប្រព័ន្ធលូ អមថ្នល់ សម្រាប់ឳ្យទឹកហូរចេញ ពីលើថ្នល់ នៅពេលភ្លៀងធ្លាក់ខ្លាំង ដូចជាៈ ផ្សារសួង និងផ្សារស្ទឹង ។ ប្រភពព័ត៌មានមន្ត្រី សាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាមម្នាក់ បានឳ្យដឹងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៤ថា ផ្លូវជាតិលេខ៧ ទាំងក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទើបបង្កើតថ្មីនេះ ជាជំនួយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) ហើយក្រុមហ៊ុនឈ្មោះ លី ឈួង ជាអ្នកដេញថ្លៃ ក្នុងការជួសជុល ក្រាលកៅស៊ូ ស្ថិតក្រោមការត្រួតពិនិត្យ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម។

ជុំវិញករណីផ្លូវជាតិលេខ៧ ដែលកំពុងរងការខូចខាត នៅអាចជួសជុលបាននេះ លោក តី វីរិន្ទ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ទើបចូលកាន់តំណែង ប្រមាណជាងមួយខែនេះ បានឆ្លើយបដិសេធ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ថា បញ្ហាផ្លូវលេខ៧ ខូចនោះ លោកពុំអាចឆ្លើយបកស្រាយ តាមទូរស័ព្ទបានទេ គឺមកជួបលោកផ្ទាល់ នៅមន្ទីរសាធារណការខេត្តមក៕