បណ្តាញសង្គម

កិច្ចប្រជុំ ស្ដីពីការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៤ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ចប្រជុំស្ដីពី ការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកឧកញ៉ា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ ជាច្រើនរូបទៀត ។

បន្ទាប់ពីលោក ពាង ណារិទ្ធ នាយករដ្ឋបាល សាលាខេត្ត បានឡើងអាន បញ្ជីសមាសភាព ដែលត្រូវបានស្នើ សុំទទួលស្គាល់ជា ប្រធាន អនុប្រធាន កិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ រួចមក។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា៖ កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ១៩៥៥ ហើយត្រូវបាន គណៈកម្មាធិការ អន្តរជាតិ កាកបាទក្រហម ទទួលស្គាល់ជាសមាគមជាតិ ទី៨៥ លើសកលលោក នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦០ កាកបាទក្រហមកម្ពុជា ត្រូវបានបញ្ចូល ជាសមាជិក របស់សហព័ន្ធអន្តរជាតិ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

កាកបាទក្រហមកម្ពុជា បច្ចុប្បន្នត្រូវបានទទួលស្គាល់ ដោយព្រះរាជក្រឹត្យ សន/រកត/០៥០២/១១៣ និងព្រះរាជក្រឹត្យ សន/រកត/០៥០២/១១២ស្ដីពីការប្រើប្រាស់ និងការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ ចាប់តាំងពីឆ្នាំ១៩៧៥ មកដល់ខែឧសភា ឆ្នាំ២៩៧៩  សកម្មភាពគ្របផ្នែក របស់កាកក្រហមកម្ពុជា ត្រូវបានផ្អាកទាំងស្រុង ក្នុងរបបខ្មែរក្រហម ។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៧៩ កាកបាទក្រហមខ្មែរ ត្រូវបានប្រែឈ្មោះជា «កាកបាទក្រហមកម្ពុជា» ហើយ បានធ្វើសកម្មភាព ដោយផ្ដោតការយកចិត្តទុកដាក់ខ្លាំង លើការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ដែលជាអំណោយ របស់អង្គការអន្តជាតិ ជូនជនងាយរងគ្រោះ ជាងគេនៅប្រទេសកម្ពុជា ។

ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩៤ គឺជាដំណាក់កាល ដែលប្រទេសកម្ពុជា មានសន្តិភាពផង មានជម្លោះ ប្រដាប់អាវុធផង ហើយកាកបាទក្រហមកម្ពុជា កាលនោះមាន ក្រុមចំណុះចំនួន៤ និងបានបំពេញ សកម្មភាពការងារ ដោយឡែកៗពីគ្នា បាត់បង់នូវ គោលការណ៍ ឯកភាព ដែលជាគោលការណ៍គ្រឹះ របស់ចលនាអន្តជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម។

ក្នុងស្ថានភាពនេះ លក្ខន្តិកៈបង្រួបបង្រួម កាកបាទក្រហមកម្ពុជា ត្រូវបានតាក់តែងឡើង ដោយមានការ ជួយបច្ចេកទេស និងពិគ្រោះ យោបល់ជាប្រចាំ ជាមួយអ្នកច្បាប់ នៃគណៈកម្មាធិការ អន្តរជាតិ កាកបាទក្រហម និងសហព័ន្ធ អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ហើយត្រូវបាន អនុម័ត ដោយមហាសន្និបាត លើកទី១ នៅខែមេសា ឆ្នាំ១៩៩៤។

ឯកឧត្តម បានបន្តទៀតថា៖ ចាប់តាំងពីឆ្នាំ១៩៩៨មក ក្រោមការដឹកនាំ ប្រកបដោយ ភាពជាអ្នកដឹកនាំ ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានធ្វើប្រតិបត្តិការ សកម្មភាពមនុស្សធម៌ ដោយផ្អែកលើ មូលដ្ឋាន ច្បាប់ជាគោល និងមានលក្ខណៈ ខុសប្លែកពីអង្គការ មិនមែនរដ្ឋាភិបាល នានា បាននិងកំពុង បំពេញសកម្មភាព ការងារ ដោយឈរ លើទស្សនៈវិស័យ «រួមចំណែកពន្លឿន ការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូរ របស់មនុស្សជាតិ និងការពារ តម្លៃមនុស្សធម៌ របស់ជនងាយរងគ្រោះ» និងគោលការណ៍ គ្រឹះរបស់ចលនា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម រួមមាន៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិតភាព ឯករាជភាព សេវាស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ អស់លោកលោកស្រី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានគិតគូរ យកចិត្តទុកដាក់ ក្នុងការត្រៀម និងរៀបចំកិច្ចប្រជុំបឋម ក្នុងការរៀបចំបង្កើត រចនាសម្ព័ន្ធគ្រប់គ្រង  របស់សាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ដែលជាខេត្តបង្កើតថ្មី ហើយដែលទើប  ត្រូវបានប្រកាស ដាក់ឲ្យដំណើរការ ជាផ្លូវការ កាលពី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ៕