បណ្តាញសង្គម

អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពសម្អាតបរិស្ថានជុំវិញតំបន់រដ្ឋបាលខេត្ត ដើម្បីបំផុសប្រជាពលរដ្ឋ ឲ្យរួមគ្នារក្សាអនាម័យបរិស្ថាន

រដ្ឋបាល ខេត្តត្បូងឃ្មុំ សហការជាមួយ ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ រួមជាមួយយុវជន ស ស យ ក ខេត្ត បានរៀបចំ សម្អាតអនាម័យ បរិស្ថាន នៅបរិវេណ តំបន់រដ្ឋបាល ខេត្តត្បូងឃ្មុំ នឹងតាមដងផ្លូវនានា ក្នុងន័យបំផុស ប្រជាពលរដ្ឋ រួមគ្នារក្សាអនាម័យ និងស្រលាញ់ បរិស្ថានជុំវិញខេត្ត ដើម្បីអោយ បរិស្ថានស្អាត គ្មានសំរាម ទើបខេត្ត មានប្រជាប្រិយភាព គួរឱ្យចង់រស់នៅ និងជាកន្លែងកម្សាន្ត ។

យុទ្ធនាការបំផុស ពលរដ្ឋសម្អាត អនាម័យបរិស្ថាន ខាងលើនេះ ធ្វើឡើងនា ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដែលដឹកនាំ ដោយឯកឧត្តម កេង ប៊ុនណា អភិបាលរង ខេត្តត្បូងឃ្មុំ និងមានការចូលរួមពី ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ/អង្គភាព ជុំវិញខេត្ត យុវជន ស ស យ ក ខេត្ត និងសិស្សនិសិ្សត មកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបជាង ៥០០នាក់ ។

ឯកឧត្តម កេង ប៊ុនណា បានថ្លែងថា ដើម្បីឲ្យទីរួមខេត្ត យើងស្អាត ប្រកបទៅដោយ បរិស្ថានល្អ ទាល់តែមានការចូលរួម ដោយផ្តើមចេញពី យើងទាំងអស់គ្នា ក្រោមទិសស្លោក « ទីក្រុងស្អាត គ្មានសម្រាម គ្មាន ក្លិនមិនល្អ ចោលសម្រាម ក្នុងធុងសម្រាម » ក្នុងន័យដើម្បី សោភ័ណភាព បរិស្ថានទីក្រុងខ្លួន សុខភាពខ្លួន និងបងប្អូន កូនចៅរបស់ខ្លួន ក៏ដូចជាដើម្បី ទាក់ទាញ ភ្ញៀវទេសចរណ៍ ឲ្យមកលេងកំសាន្ត ។

ឯកឧត្តម បន្តថា ៖ ជាមួយគ្នានោះ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវរួមគ្នាសំអាត អនាម័យ នៅតាមទីសាធារណៈ ជាប់ជាប្រចាំ និងគ្រប់ពេលវេលា ដើម្បីជាការចូលរួមលើកកម្ពស់ សោភ័ណភាព អនាម័យបរិស្ថានខេត្ត ដោយផ្តល់ខ្យល់ អាកាសបរិសុទ្ធ សម្រាប់សុខភាពពលរដ្ឋ ពិសេសជាទី ទាក់ទាញក្នុងខេត្តត្បូងឃ្មុំ ។

ឯកឧត្តម កេង ប៊ុនណា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមបន្តចូលរួមក្នុង សកម្មភាពនេះ ឲ្យបានស្រុះគ្នា ដើម្បីបរិស្ថានរស់នៅស្អាត ពិសេសសូមបញ្ឈប់ការ ចោលសំរាមពាសវាល ពាសកាល ឬក្នុងលូបង្ហូរ ទឹកឲ្យសោះ ព្រោះយើងដឹង ស្រាប់ហើយថា ប្រសិនបើសំរាម ក្នុងលូច្រើន វាធ្វើឲ្យលូស្ទះ កាលណាលូស្ទះធ្វើ ឲ្យការរំដោះទឹក ចេញពីទីក្រុងយឺត ហើយបង្កផល លំបាកជាក់ជាមិនខាន ៕