បណ្តាញសង្គម

ថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០១៩ ទាំង ៧ មណ្ឌល ៖ អភិបាលខេត្ត ប្រកាសផ្តល់កុំព្យូទ័រយួរដៃ សម្រាប់សិស្សជាប់និទ្ទេស A នៅទូទាំងខេត្តត្បូងឃ្មុំ

រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌល

វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ជាមួយគ្នានោះ អភិបាលរងខេត្ត ក៏បានអញ្ជើញកាត់វិញ្ញាសារ តាមមណ្ឌលប្រឡងផ្សេងៗគ្នាចំនួន ៦មណ្ឌល ទៀតផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា បេក្ខជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណបានបន្តថា ការខិតខំប្រឹងប្រែងរបស់ប្អូនៗ ក្មួយៗ គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង ។

ឯកឧត្តមបណ្ឌិត បានថ្លែងលើកទឹកចិត្ត ឲ្យប្អូនៗទាំងអស់ ដែលជាបេក្ខជន-បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) កុំឲ្យមានការភ័យខ្លាច ហើយត្រូវតែមានជំនឿជឿជាក់លើខ្លួនឯង និងគោរពទៅតាមបទបញ្ញាត្តិ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានជំរុញ ឲ្យបេក្ខជន បេក្ខនារីទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយសម្រាប់សិស្សក្នុងខេត្តត្បូងឃ្មុំ ដែលជាប់បាននិទ្ទេសAនោះ នឹងទទួលបានអាហារូបករណ៍ តាមបណ្តាសកលវិទ្យាល័យនានា ពិសេសផ្តល់ជូនកុំព្យូទ័រយួរដៃ ម្នាក់១គ្រឿង ដែលជាថវិការផ្ទាល់ខ្លួនរបស់ឯកឧត្តម ដើម្បីជាការលើកទឹកចិត្ត។

ដោយឡែក អភិបាលរងខេត្ត៤រូប និងលោកនាយករដ្ឋបាលសាលាខេត្ត និងលោកអភិបាលស្រុកត្បូងឃ្មុំ ដោយរួមមាន៖ ទីមួយ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្នារ ស្ថិតនៅភូមិ ស្រឡប់ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ដោយមានបេក្ខជនប្រឡងចំនួន ៣៧៥នាក់ ក្នុងនោះ ស្រី ១៨៤នាក់/ ទីពីរ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡង នៅមណ្ឌលវិទ្យាល័យ សម្តេចម៉ែ / ទីបី ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារនៅមណ្ឌលវិទ្យាល័យរស្មើកុមារ /ទីបួន លោកជំទាវ ទី ចាន់ធីតា អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារនៅមណ្ឌលសាលាបឋមសិក្សា ស ខេង ខ្នារ / ទីប្រាំ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារនៅមណ្ឌលសាលាបឋមសិក្សា៧ មករា និង ទីប្រាំមួយ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារមណ្ឌលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដោយធ្វើការផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡង ត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស់វិញ្ញាសា និងឧបករណ៍អេឡិចត្រូនិចមិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ។

ជាពិសេសអំពាវនាវឲ្យ លោកគ្រូ-អ្នកគ្រូ មេត្ដាយកចិត្តទុកដាក់ គោរពនូវបទបញ្ញាត្ដិ និងសូមជូនពរ លោកគ្រូ-អ្នកគ្រូ ក៏ដូចជាបេក្ខជនទាំងអស់ សូមដំណើរការប្រឡង ទៅដោយរលូន ទទួលបាននូវជោគជ័យគ្រប់ៗគ្នា។ បើតាមលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឲ្យដឹងថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តត្បូងឃ្មុំ ឆ្នាំ២០១៩នេះគឺមានបេក្ខជនប្រឡងសរុប ៤២១១នាក់ ស្រី២២៨៨នាក់ បើធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅមានការកើនឡើង៥០០នាក់ ។ ក្នុងនោះមណ្ឌលប្រឡងឆ្នាំនេះមានចំនួន៧ (មានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ) ពោលគឺមានការកើនឡើងចំនួន ១មណ្ឌល មានបន្ទប់១៧០បន្ទប់៕