បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ សង្គ្រោះក្មេងរើសអេតចាយ៤នាក់ ឲ្យបានចូលរៀននៅសាលា ព្រមទាំងជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលមានជីដូនពិការ និងម្តាយមានជំងឺ

ដោយក្ដីអាណិតអាសូរដល់ក្មួយៗ៣នាក់ដើររើសអេតចាយ រកចំណូលផ្គត់ផ្គង់គ្រួសារ និងម្ដាយមានជម្ងឺផងនោះ បន្ទាប់ពីបានជួបក្មួយៗកំពុងដើររើសអេតចាយតាមផ្លូវ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានសួរនាំដឹងរឿងដ៍អាសូរនេះ ភ្លាមៗបានឯកឧត្តមផ្តល់ថវិការមួយចំនួនផងដែរ កាលពីថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ។

ដោយឡែកនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងសហការី បានចុះពិនិត្យដល់ផ្ទះក្មួយៗតែម្តង នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង និងបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផ្ដល់ជូនគ្រួសារក្មួយៗ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវបានធានារ៉ាប់រងលើការចំណាយចាយវាយ អោយក្មួយៗចូលរៀនវិញ ព្រមទាំងឧបត្ថម្ភអង្ករ ៥០គីឡូក្រាម ក្នុង០១ខែដល់គ្រួសារក្មួយៗ យកម្តាយក្មួយៗដែលឈឺរាំរ៉ៃ និងជីដូនទៅព្យាបាល ទិញរទេះរុញ ០១គ្រឿងជូនដល់ជីដូនដើរមិនរួច។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានសំណេះសំណាលជាមួយបងប្អូននៅទីនោះ ដោយផ្តល់ថវិការ ដល់ពូមីងតាយាយ និងកុមារាកុមារី ពោរពេញដោយស្នាមញញឹម និងបេះដូងមនុស្សធម៍ ដ៍សែនកក់ក្តៅ។

សូមបញ្ជាក់ថា ក្មួយៗទាំង៣នាក់នេះ មានបងប្អូនម្នាក់ទៀត សរុប៤នាក់ ក្នុងនោះក្មួយឈ្មោះអ៊ុក ណារឿន ភេទប្រុស អាយុ១៥ឆ្នាំ, អ៊ុក ណារ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ, អ៊ុក ណារីន ភេទស្រី អាយុ១១ឆ្នាំ និងអ៊ុក ណាធីន ភេទស្រី អាយុ៩ខែ។

មានឳពុកឈ្មោះ អុឹម បញ្ញា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ កែវ សាវ៉ាត អាយុ៣៣ឆ្នាំ កំពុងមានជំងឺ និងមានជីតា ឈ្មោះ មិញ ចាន់ណា អាយុ៤១ឆ្នាំ និងជីដូនឈ្មោះ ហ៊ាង រ៉ា អាយុ៥៤ឆ្នាំ ពិការជើង។

ក្រុមគ្រួសារក្មួយៗទាំងអស់នេះ មានស្រុកកំណើតនៅអ្នកលឿង ខេត្តព្រៃវែង តែបានផ្លាស់លំនៅមករស់នៅ ក្រុងសួង ខេត្តត្បូងឃ្មុំ៕