បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជំរុញឱ្យក្រុមការងារខេត្តត្បូងឃ្មុំ បន្តការខិតខំដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋ ឱ្យបានភ្លាមៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ តំណាងសម្តេច ហេង សំរិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ បានជំរុញឱ្យក្រុមការងារខេត្តនេះ បន្តការខិតខំដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ ការងារគណបក្សប្រចាំឆមាសទី១ និងទិសដៅភារកិច្ចប្រចាំឆមាសទី២ ឆ្នាំ២០១៩ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងការកោតសរសើរចំពោះសមាជិកទាំងអស់ដែលខិតខំបំពេញភារកិច្ចកន្លងមកដោយសាមគ្គីភាព និងស្មោះត្រង់ចំពោគណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែងព្រឹត្តិការណ៍ឃោសនា និងការបោះឆ្នោតទាំង៤ ដំណាក់កាលដ៏សំខាន់ៗ ត្រូវបានសម្រេចដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងលើកទឹកចិត្ត ក៏ដូចជាណែនាំបង្ហាញក្បួនយុទ្ធសាស្ត្រថ្មីៗ ដាក់ផែនការយ៉ាងរឹងមាំ ដោយកំណត់ទិសដៅ ចង្អុលគោលដៅជាក់លាក់ និងជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យលទ្ធផលសម្រេចបានជោគជ័យបន្ថែមទៀត សម្រាប់ការងារ ឆមាសទី២នេះ។

ពិសេសដើម្បីដណ្តើមយកជ័យជំនះ នៅក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិ និងការបោះឆ្នោតជាតិ ដែលត្រូវអនុវត្តនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ នាពេលខាងមុខនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា កាលពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តក្នុងឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាមានសមាជិកសរុប៣៣០៩០៩នាក់ នៅក្នុងខេត្តត្បូងឃ្មុំ ដែលធ្វើឱ្យគណបក្សទទួលបានសំឡេងគាំទ្រ ៨០,៦៣% ដោយទទួលបានអាសនៈ៨ ក្នុងចំណោម ៨អាសនៈ។

តាមរបាយការណ៍របស់ គណៈកម្មាធិការគណបក្សខេត្តនៅក្នុងឆមាសទី១នេះ គណបក្សប្រជាជនកម្ពុជាទទួល បានសមាជិក៣៣៦២១២នាក់ ស្មើនឹង៦៦,៨៣% នៃចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងខេត្តត្បូងឃ្មុំ គឺកើនឡើង១,៦%។

ដូច្នេះដើម្បីកសាងមូលដ្ឋានឱ្យបានរឹងមាំ លោកបានស្នើឲ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់នៅតាមបណ្តាមូលដ្ឋាន និងសាខាបក្ស យកចិត្តទុកដាក់កសាងសមាជិកថ្មី ក្នុងនោះគឺសំដៅដល់ការកសាងសមាជិកជាយុវជនចាប់ពីអាយុ១៨ឆ្នាំ និងត្រូវដឹកនាំសមាជិកគណបក្សទាំងអស់ចូលរួមបោះឆ្នោតតាមរយៈការទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បញ្ជាក់ថា ជាមួយនេះ ដើម្បីរួមចំណែកក្នុងទិសដៅឆមាសទី២ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានោះ គឺត្រូវរៀបចំវគ្គបំប៉នវគ្គនយោបាយដល់យុវជនតាមបណ្តាស្រុកក្រុងក្នុងខេត្តត្បូងឃ្មុំ និងរៀបចំធ្វើវេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះស្រាយរាល់សំណូមពរពលរដ្ឋឲ្យបានទាន់ពេលវេលា។

មានន័យថា អ្វីដែលប្រជាជនត្រូវការចាំបាច់ យើងបានដោះស្រាយជូនភ្លាមៗនោះ ច្បាស់ណាស់សំឡេងគាំទ្រគណបក្សប្រជាជន ដ៏លើសលប់ដូចនាពេលកន្លងទៅ ប្រជាជននឹងបន្តផ្តល់ជូនយ៉ាងពេញចិត្តពេញថ្លើម៕